ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​មិន​ពេញ​ចិត្ត​ឱ្យ​អាមេរិកាំង​លើក​បញ្ហា​នយោបាយ​ជាមួយ​យោធា​កម្ពុជា


រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានី​​ភ្នំពេញ​​, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​, នៅរាជធានី​​ភ្នំពេញ​​, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/ VOA)

សព្វ​ថ្ងៃ​នេះ ​ទំហំ​បណ្តូរ​ពាណិជ្ជកម្ម​កម្ពុជា​​​និង​ចិន​ក៏​បាន​កើន​ឡើង​ដល់​ ៥.៦០០​លាន​ដុល្លារ​ហើយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ ដោយឡែក​បណ្តូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​មាន​​៣.៦២៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨។

មន្ត្រី​កម្ពុជា​បាន​សម្តែង​ការ​មិនពេញ​ចិត្ត​ដែល​មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​យោធា​កម្ពុជាក្នុង​អំឡុង​ទស្សនកិច្ចមួយ​កាលពី​សប្តាហ៍​មុន។​

លោក ផៃ​ ស៊ីផាន​ រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា​ ការលើកឡើង​ពី​បញ្ហា​នយោបាយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំយោធា​កម្ពុជា​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ។​

លោក ​ផៃ ស៊ីផាន​ បន្ថែម​ថា៖​

«យើង​មិន​អាច​ទទួល​យក​បានដែល​តំណាង​កងទ័ព​សហរដ្ឋ​អាមេរិក​មក​និយាយ​ជាមួយ​កងទ័ព​កម្ពុជា​ឱ្យ​ខិត​ចូល​ក្នុង​នយោបាយ​នោះ​គឺជា​ការយល់ច្រឡំហើយ​។​ នោះ​ជាអតីតកាល​ដែល​ធ្វើ​ឱ្យ​ខ្មែរ​នឹក​ឃើញ​នៅ​ពេល​ដែល​មាន​ការធ្វើ​បដិវត្តន៍​ឆ្នាំ​១៩៧០​ដែល​មានការជួយ​ជ្រោម​ជ្រែង​ពីកងទ័ព​សហរដ្ឋ​អាមេរិក។ ដូច្នេះ​យើង​មិន​ចង់​ឱ្យ​ខ្លួន​យើង​ធ្លាក់​ទៅ​ក្នុងសភាពការណ៍​នោះទេ។ អាស្រ័យ​ដោយ​កងយោធពល​ខេមរភូមិន្ទ​របស់​យើង​មិនមែន​ជា​ស្ថាប័ន​នយោបាយ​ តែ​គឺជា​ស្ថាប័ន​អនុវត្ត​ក្រោម​បញ្ជា​នាយករដ្ឋមន្ត្រី​ដែល​ជា​ច្បាប់​របស់​យើង‍»។​

ប្រតិកម្ម​របស់​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​កើតមាន​ឡើង​ក្រោយពី​ដំណើរ​ទស្សនកិច្ច​កាលពីថ្ងៃទី​១៥និង​១៦ខែ​មករា​ ​របស់លោក ចូសេហ្វ ហ្វេលធឺ ​ឧបការីរង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​ដើម្បី​ស្វែង​រក​វិធី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងបន្ទាប់ពី​ជួប​ភាពរកាំ​រកូស​ក្នុង​រយៈពេល​ជាង​២ឆ្នាំ​កន្លង​មកនេះ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​ហ្វែលធឺ ​បាន​លើក​ឡើង​ពី​បញ្ហា​នយោបាយ​កម្ពុជាក្នុង​ជំនួបជាមួយ​នឹង​លោក​ឧត្តម​សេនីយ៍​ នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ដែល​រួម​មាន​ការស្នើ​ឱ្យ​ទម្លាក់ចោល​ការចោទ​ប្រកាន់​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ពីបទ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ធ្វើ​បដិវត្តន៍​ពណ៍​ដើម្បី​ទម្លាក់​រដ្ឋាភិ​បាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ លោក​ហ្វែលធឺ​ចាត់​ទុក​ថា​វាជា​រឿង​ក្លែងក្លាយ​ហើយសហ​រដ្ឋ​អាមេរិក​មិន​មានជាប់​ពាក់​ព័ន្ធ​អ្វីទេ។

លោក​ ហ្វេលធឺ ​បាន​ប្រាប់​វីអូអេ​ក្នុង​បទសម្ភា​ស​ពិសេស​ថា​សហរដ្ឋ​អាមេរិកមានការព្រួយ​បារម្ភ​ពី​ការវិវត្តន៍​នយោបាយ​នោះ​ហើយ​ស្នើ​ឱ្យ​កម្ពុជា​ស្វែង​រក​វិធី«​បង្រួបបង្រួម​ជាតិ‍»។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​វា​ជា​កាយវិការ​ល្អ​ពីភាគី​កម្ពុជា​ដែល​ទម្លាក់​ការចោទ​ប្រកាន់ទាំងនោះ​ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ឧទាហរណ៍​ល្អ​មួយដែល​ជួយ​ឱ្យ​ទំនាក់ទំនង​យោធា​របស់យើង​បាន​ប្រសើរឡើង​និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការយោធា‍»។​

លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៍។ លោក​ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់​កាលពី​ដើមខែ​កញ្ញា​ឆ្នាំ​២០១៧។ បច្ចុប្បន្ន​លោក​កំពុង​តែ​ជាប់​ឃុំនៅក្នុង​លំនៅដ្ឋានហើយ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ទាក់ទង​ជាមួយ​នឹង​មន្ត្រី​គណបក្ស។ តុលាការ​កំពូល​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំង​នេះ​កាលពី​ចុង​ឆ្នាំ​២០១៧។

រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំការបោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​ដែលធ្វើ​ឱ្យ​គណបក្ស​ប្រជា​ជនកម្ពុជា​ឈ្នះ​យក​អាសនៈ​សភាទាំង១២៥។ ការបោះឆ្នោត​នោះ​មិន​គាំទ្រ​ដោយ​បស្ចិម​ប្រទេសទេប៉ុន្តែរដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ​និង​នយោបាយ។ ​ក្រោយពី​ការបោះឆ្នោត​នោះ ​លោកហ៊ុន សែន​ហាក់​បន្ធូរបន្ថយ​វោហារសាស្រ្ត​វាយ​ប្រហារសហរដ្ឋ​អាមេរិក​។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពីទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​ដែល​អាច​នឹង​ត្រូវ​ចិន​ប្រើប្រាស់​ប្រទេស​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​ ឬ​អាគារ​ផ្ទុក​សម្ភារៈយោធា​។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​នោះ​លោក​ហ្វេលធឺ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​លទ្ធភាព​អាច​មាន​វត្តមាន​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ដោយ​ចាត់​ទុក​ថា​«ធ្វើ​ឱ្យ​ខូចដល់​សន្តិសុខ​ក្នុងតំបន់​និង​សន្តិសុខ​របស់​កម្ពុជា​ខ្លួនឯង​‍»​ហើយ​ឈាន​ទៅ​ដល់​ការខូចខាត​ដល់​អធិបតេយ្យ​របស់​កម្ពុជា។

លោក ​ហ្វេលធឺ ​បាន​បញ្ជាក់​ដែរ​ថា​សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា។​

«យើង​គោរព​អធិបតេយ្យ​ភាព​កម្ពុជា។ យើង​គោរព​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ដែល​ធ្វើការ​សម្រេច​ចិត្ត​ប្រកបដោយ​សេរី ​ហើយ​យើង​សង្ឃឹម​ថា​កម្ពុជា​នៅ​តែ​អាច​ធ្វើ​ការសម្រេច​ចិត្ត​ដូច​នេះ​បាន​ជា​រៀង​រហូត។ យើង​សង្ឃឹម​ថា​គ្មាន​ប្រទេស​ណា​ផ្សេង​ដែល​អាច​ចូល​ជ្រៀត​ជ្រែក​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា​និង​ប្រើ​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​នោះ​ទេ‍»។​

លោក ផៃ ស៊ីផាន ​បាន​ការពារ​ជំហរ​របស់​កម្ពុជា​ដោយ​បាន​លើកឡើង​នូវ​ជំហរ​ជា​សាធារណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់បាន​បញ្ជាក់​ក្នុង​ពេល​កន្លង​មក​ថា៖

«យើងបាន​ប្រាប់​ដល់​មិត្ត​ទាំងឡាយ​នៅ​ក្នុង​ពិភពលោក​ថា​យើង​មិន​មែន​ខ្ញុំ​ចិន​ហើយ​យើង​ក៏​មិន​ឆ្កួត​អនុញ្ញាត​ឱ្យ​ចិន​មក​តាំង​ទ័ព​នៅកន្លែង​ហ្នឹង​។ បើ​សិន​ជា​យើង​អនុញ្ញាត​ឱ្យ​ចិន​យក​កម្ពុជា​ជាមូលដ្ឋាន​ទ័ព​បាន​សេចក្តីថា​យើង​សម្លាប់​ខ្លួនឯង។ យើង​យល់​ច្បាស់​ចំណុច​ហ្នឹង។ ដូច្នេះ​កម្ពុជា​និង​ចិន​គ្រាន់​តែ​ជា​ដៃ​គូ​អភិវឌ្ឍន៍ ​ដៃគូ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទេ‍»។​

សព្វ​ថ្ងៃ​នេះ ​ទំហំ​បណ្តូរ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​ក៏​បាន​កើន​ឡើង​ដល់​ ៥.៦០០​លាន​ដុល្លារ​ហើយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ ដោយឡែក​បណ្តូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​មាន៣.៦២៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨។

លោក​ ​ហ៊ុន សែន កំពុង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការនៅទី​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដើម្បី​រឹតបន្តឹង​ចំណង​មិត្តភាព​ ​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ចិននិង​កម្ពុជា។​ លោក​ហ៊ុន សែន​ ​បាន​សរសេរលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ក្នុង​ អំឡុង​ទស្សន​កិច្ច​រយៈពេល​បួន​ថ្ងៃ​ក្នុង​ប្រទេស​ចិន​ថា៖​

​«កម្ពុជា​ត្រូវ​ខិតខំ​បើក​ពង្រីក​និង​ពង្រឹង​ទីផ្សារឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្រៅ​ពី​ទី​ផ្សារ​អាមេរិក​ ​និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ក្រៅ​ ​ដូចជា​នៅ​ក្នុង​ប្រទេស​ចិន​ ​អាហ្វ្រិក​ ​មជ្ឈិម​បូព៌ា​ ​និង​កូរ៉េ​ជាដើម‍»។

លោក​បន្ថែម​ទៀត​ថា៖

«​មិត្ត​ចិន​គឺ​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ​ជា​ពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន​ ​ស្ពាន​អាកាស​ ​និង​វារី​អគ្គិសនី​ជា​ដើម»៕

XS
SM
MD
LG