ចលាចលក្នុងទីផ្សារភាគហ៊ុនចិនក្នុងពេលថ្មីៗនេះ បានបង្កផលប៉ះពាល់ដល់តម្លៃភាគហ៊ុននិងទំនិញក្នុងប្រទេសផ្សេងៗទៀត ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនអះអាងថា ផលប៉ះពាល់នោះ ស្ថិតក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះទៅលើសេដ្ឋកិច្ចសកលោក។
ទីផ្សារភាគហ៊ុនចិនបានដាំក្បាលចុះយ៉ាងខ្លាំង ហើយទើបតែបានងើបឡើងបន្តិចក្រោយពីមានអន្តរាគមន៍របស់រដ្ឋាភិបាល ដែលបានធ្វើឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មមួយចំនួន ប៉ុន្តែក៏បានជួយគាំទ្រដល់ពាណិជ្ជកម្មមួយចំនួនផ្សេងទៀត។ អ្នកដែលមានភាគហ៊ុននៅក្នុងប្រទេសចិន បានសម្តែងការព្រួយបារម្ភជាខ្លាំង។
ស្រ្តីអ្នកវិនិយោគម្នាក់ មានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែពេលនេះ នាងបែរជាមានការព្រួយបារម្ភហើយងឿងឆ្លល់ថា «តើយើងអាចទ្រាំទ្របានដោយរបៀបណា?»
លោក Jack Lew រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកមានប្រសាសន៍ថា ការគ្រប់គ្រងយ៉ាងតឹងរ៉ឺងរបស់រដ្ឋាភិបាលទៅលើទីផ្សារនានា អាចធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ច ក៏ប៉ុន្តែការគ្រប់គ្រងនេះ ក៏មានន័យថា ប្រទេសចិននឹងមិនអាចនាំយកបញ្ហារបស់ខ្លួនឲ្យសាយភាយទៅដល់បណ្តាប្រទេសដទៃទៀតដែរ។
«ទីផ្សារចិនស្ថិតនៅដាច់តែឯងពីទីផ្សារពិភពលោក។ ទីផ្សារទាំងនោះពិតណាស់កំពុងតែធ្វើដំណើរឆ្ពោះទៅរកការធ្វើសមាហរណកម្មជាមួយនឹងទីផ្សារដទៃទៀត ក៏ប៉ុន្តែ ពេលនេះវាមិនទាន់អញ្ចឹងទេ»។
លោក Derek Scissors អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានសហគ្រិនអាមេរិក និយាយថា ទីផ្សារភាគហ៊ុនចិនមានទំនាក់ទំនងតិចតួចប៉ុណ្ណោះជាមួយនឹងសេដ្ឋកិច្ចស្នូលរបស់ខ្លួន បើប្រៀបធៀបទៅនឹងប្រទេសឯទៀតៗ។
«ប្រជាជនចំនួន៩០លាននាក់មានប័ណ្ណភាគហ៊ុននៅប្រទេសចិន ដែលនេះស្ដាប់ទៅហាក់ដូចជាច្រើនណាស់ មុនពេលដែលយើងនឹកឃើញថា មានមនុស្សរហូតដល់ទៅ១,៣ពាន់លាននាក់ឯណោះដែលគ្មានប័ណ្ណភាគហ៊ុន»។
ការកើនឡើងនៃតម្លៃហ៊ុនបានបណ្ដាលឲ្យវិនិយោគិនមានអារម្មណ៍ថា ខ្លួនមានទ្រព្យច្រើនជាងមុន ដែលធ្វើឲ្យប្រជាជនចំណាយច្រើនជាងមុនហើយនិងនាំឲ្យមានកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែនៅក្នុងប្រទេសចិន «ឥទ្ធិពលនៃទ្រព្យសម្បត្តិនេះ»មានតែចំពោះប្រជាជនក្នុងកម្រិតមួយតូចប៉ុណ្ណោះដែលមានភាគហ៊ុននៅក្នុងដៃ។
លោក BILL ADAMS អ្នកសេដ្ឋសាស្ត្រប្រចាំធនាគារ PNC មានប្រសាសន៍តាមប្រព័ន្ធ Skype ថា មានការជាប់ទាក់ទងគ្នាតិចតួចរវាងភាគហ៊ុននិងកំណើនសេដ្ឋកិច្ចនៅប្រទេសចិន។ លោកបានបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ក៏ប៉ុន្តែនៅតែស្ថិតក្នុងស្ថានភាពមួយខ្លាំងដដែល។
«យើងនៅតែសង្ឃឹមថា កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដនឹងមានចន្លោះពី៦,៥ ទៅ៧ភាគរយនៅឆ្នាំ២០១៥ នេះ»។
ប្រទេសចិនកំពុងតែផ្លាស់ប្តូរយឺតៗពីសេដ្ឋកិច្ចឧស្សាហកម្មដែលមានលក្ខណៈមជ្ឈការខ្លាំង ទៅជាសេដ្ឋកិច្ចបែបទីផ្សារដែលយកចិត្តទុកដាក់លើតម្រូវការអ្នកប្រើប្រាស់វិញ។
លោក Lew រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក មានការបារម្ភថា ភាពវឹកវរផ្នែកទីផ្សារភាគហ៊ុនអាចនឹងធ្វើឲ្យខូចដល់កំណែទម្រង់ដែលអាចជួយឲ្យមានកំណើនសេដ្ឋកិច្ច។
«ភាពវឹកវរនេះនឹងនាំឲ្យមានកំណើនយឺតៗ ប៉ុន្តែយើងសង្ឃឹមថា វាជាកម្រិតកំណើនមួយដែលមាននិរន្តរភាព ដែលនឹងអាចជួយឲ្យស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើងសម្រាប់ប្រជាជនចិន ហើយក៏ធ្វើឲ្យមានការរីកចម្រើនដល់សេដ្ឋកិច្ចសាកលលោកផងដែរ»។
ហេតុដូច្នេះ លោក Lew បានបញ្ជាក់ថា វាជារឿងចាំបាច់ណាស់សម្រាប់ទីក្រុងប៉េកាំងក្នុងការឆ្លើយតបទៅនឹងភាពចលាចលនៃផ្សារភាគហ៊ុននេះ តាមវិធីសាស្ត្រណាដែលធ្វើឲ្យសេដ្ឋកិច្ចមានលក្ខណៈជាសេដ្ឋកិច្ចទីផ្សារពេញលេញ។ ក៏ប៉ុន្តែ លោក Scissors ឯណោះវិញ បានលើកឡើងថា ពេលនេះ ប្រទេសចិនកំពុងតែដើរទៅតាមផ្លូវមួយផ្សេងទៀត៕
ប្រែសម្រួលដោយ ស៊ុន សុខេន