ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​​កោះ​ហុងកុងចង់ឲ្យ​​បញ្ឈប់​ការ​តស៊ូមតិ​លើ​លិទ្ធិ​ប្រជាធិបតេយ្យ ហើយ​ផ្តោត​ឡើង​វិញ​​លើ​សេដ្ឋកិច្ច


ប្រធាន​ប្រតិបត្តិ​​កោះ​ហុងកុង​លោក Leung Chun-ying ដែល​ត្រូវ​បាន​ស្គាល់​ទួទៅ​តាម​ឈ្មោះ​ថា CY Leung ត្រូវ​បាន​តែងតាំង​នៅ​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០១២។ លោក​និយាយថា​ ​រដ្ឋាភិបាល​កោះ​ហុងកុង​មិន​គួរ​​បន្ត​ជជែក​ពិភាក្សា​ពី​កំណែទម្រង់​នយោបាយ​របស់​ខ្លួន​ទេ​ តែ​ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​តែ​ផ្តោត​សារ​ជា​ថ្មី​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

នៅខែ​មិថុនានេះ រដ្ឋាភិបាល​ហុងកុង​ប្រហែល​ជា​អាច​នឹង​ធ្វើ​ការ​បោះឆ្នោត​ទៅលើ​ផែនការ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ​ ដែល​ជា​ប្រធានបទ​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កាលពី​ចុង​ឆ្នាំ​មុន។​ នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែ​ឧសភា​ ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​ បាន​ជំរុញ​អ្នកនយោបាយ ​ដែល​មាន​និន្នាការ​ផ្សេង​គ្នា​ឲ្យ​ដាក់​រឿង​នយោបាយ​នៅមួយឡែក​សិន​ ប្រសិនបើ​ផែនការ​កំណែទម្រង់​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អនុម័ត។

លោក​ Cy Leung មេដឹកនាំ​ក្រុង​ហុងកុង​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​បោះបង់​ការ​ឈ្លោះ​ប្រកែក​គ្នា​ដើម្បី​សិទ្ធិបោះឆ្នោតសាកល ប្រសិនបើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោតមិន​ត្រូវ​បាន​អនុវត្ត​នៅ​ចុង​រដូវ​ក្តៅ​ខាងមុខ​នេះទេនោះ។ លោក​និយាយថា​ ​រដ្ឋាភិបាល​កោះ​ហុងកុង​មិន​គួរបន្ត​ជជែក​ពិភាក្សា​ពី​កំណែទម្រង់​នយោបាយ​របស់​ខ្លួន​ទេ​ តែ​ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​តែ​ផ្តោត​សារ​ជា​ថ្មី​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

Regina Ip ដែល​ជាសមាជិកា​សភា​ និងជា​សមាជិកានៃ​ក្រុមប្រឹក្សា​នីតិប្រតិបត្តិ​និយាយថា​ លោកស្រី​រំពឹង​ថា​ នឹង​មាន​ការ​ជាប់គាំង​នយោបាយ​បន្ត​ទៀត​ ប្រសិនបើ​ការ​ស្នើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​មិនត្រូវ​បាន​អនុម័តទេនោះ។

«ប្រសិនបើ​សំណើច្បាប់​នេះ​មិនត្រូវ​បានអនុម័ត​ ប្រហែល​មិន​មាន​ភាព​វឹកវរ​កើតឡើង​នៅ​ក្រៅ​អគារ​សភា​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំគិតថា​ ការ​មិន​សហការ​ផ្នែក​នយោបាយ​របស់​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​នឹងមាន​សភាពកាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ Leung ​ដែល​នៅ​សល់​រយៈពេល​ពីរ​ឆ្នាំ​ទៀត ហើយ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហារចនាសម្ព័ន្ធ​»។

លោក​ Leung បាន​បញ្ចេញ​មតិ​ក្រោយ​ពី​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ពេញ​ផ្លូវ​ថ្នល់​ក្នុង​ក្រុង​ហុងកុង ​កាល​ពី​ខែ​តុលា ​ឆ្នាំ​មុន​នេះ​ ដែល​ពួកគេ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​ផ្ទាល់​ដើម្បី​ជ្រើសរើស​មេដឹកនាំ។ សំណើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នេះ​ កោះ​ហៅ​ឲ្យ​មាន​ការ​ជ្រើសរើស​បេក្ខភាព​ដឹកនាំ​ក្រុង​ហុងកុង​ដោយ​គណៈកម្មាធិការ​ដែល​មាន​សមាជិក១.២០០​រូប។

ប្រសិន​បើ​សេចក្តី​ស្នើ​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​ដោយ​ការ​បោះឆ្នោត​ពី​អង្គ​នីតិបញ្ញតិ្ត​នា​រដូវ​ក្តៅ​នេះ​ ប្រធាន​ប្រតិបត្តិនឹង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​គណៈកម្មាធិការ​បោះឆ្នោត​ដែល​មានសមាជិក​ជា​អ្នក​ដឹកនាំ​ជំនួញ​ក្នុងស្រុក​ និង​អ្នក​តាក់តែង​ច្បាប់។ នេះ​គឺ​តាម​តែ​ការ​អនុវត្ត​ចាប់​តាំងពី​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ប្រគល់​អំណាច​គ្រប់គ្រង​ទីក្រុង​នេះ​ទៅ​ឲ្យ​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ។

អ្នក​តាក់តែង​ច្បាប់​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​មាន​ដូចជា ​លោកស្រី​ Emily Lau ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង​និយាយថា​ ពួកគេ​កំពុង​បន្ត​កិច្ច​ប្រឹងប្រែង​ក្នុងការ​អប់រំ​សាធារណៈជន​អំពី​សិទ្ធិ​បោះឆ្នោត​សាកល និង​សំណើ​កំណែ​ទម្រង់​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ការ​បោះឆ្នោត​។

«ពួកយើង​បាន​ដើរ​តាម​ថ្នល់​ និង​ចែក​ខិតប័ណ្ណ​ដើម្បី​ពន្យល់​ទៅ​កាន់​មហាជន​អំពី​មូលហេតុ​ដែល​យើង​មិន​អាច​គាំទ្រ​សំណើ​របស់​រដ្ឋាភិបាល​ ហើយ​ខ្ញុំ​គិតថា​ មនុស្ស​ជាច្រើន​មាន​ការ​យល់ដឹង​អំពី​រឿង​ដែល​កំពុង​កើតឡើង​ ប៉ុន្តែ​សហគមន៍​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង»។

បើ​យោង​តាម​ការ​ស្ទង់​មតិ​ដែល​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ហុងកុង ​(University of Hong Kong) សាកលវិទ្យាល័យ​ Chinese University of Hong Kong និង សាកលវិទ្យាល័យ Hong Kong Polytechnic University ៤៤​ភាគរយ​នៃ​អ្នក​ចូលរួម​ឆ្លើយតប​នឹង​ការ​ស្ទង់​មតិ​នៅក្នុង​ទីក្រុង​នេះ​គាំទ្រ​សំណើ​កំណែទម្រង់​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ រីឯ​៣៧.១​ភាគរយ​ទៀត​ជំទាស់។

ចំពោះ​និស្សិត​ ដូចជា​ Nora Lam ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ហុងកុង ​(University of Hong Kong) ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​នៃ​ចិន​ដីគោក​ទៅលើ​ប្រព័ន្ធ​គ្រប់គ្រង​ និង​វប្បធម៌​របស់​កោះ​ហុងកុង។

«ពួកយើង​ខ្លាច​ថា​ នៅ​ក្រោមឥទ្ធិពល​ពី​ប្រទេសចិន​ វប្បធម៌​ និង​លក្ខណៈ​ពិសេស​របស់​សង្គមក្រុង​ហុងកុង​នឹង​បាត់​បង់។ ឧទាហរណ៍​ វប្បធម៌​ និង​ភាសា​កំពុង​តែ​សាបរលាប​ដោយ​មាន​ឥទ្ធិពល​ពី​ចិន​ដីគោក»។

នៅ​ចុងខែ​ឧសភា​ អ្នក​តាក់តែង​ច្បាប់​ហុងកុង​បាន​ដាក់​ក្រដាស​កាត់​ចេញជា​រូប​សត្វ​ក្តាន់​នៅ​ក្នុង​បន្ទប់​ប្រជុំ​សភា ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទៅ​នឹង​ជំនួប​ជាមួយ​តំណាង​រដ្ឋាភិបាល​របស់​ប្រទេស​ចិន។ ពួកគេ​និយាយថា​ ការ​ធ្វើ​បែប​នេះ​មាន​ន័យថា​លោក​ Leung ​គួរ​តែ​ឈប់​ទៅ ​«ដោយ​ចាត់​ទុក​សត្វ​ក្តាន់​ជា​សត្វ​សេះ មាន​ន័យ​ថា ចាត់​ទុក​រឿង​អាក្រក់​ជា​រឿង​ល្អ» គឺ​សំដៅ​ដល់​ពេល​ដែលលោក​ចាត់​ទុក​គម្រោង​ការ​បោះឆ្នោត​របស់រដ្ឋាភិបាល​ ជា​ការ​បោះឆ្នោត​ជា​សាកល៕

ប្រែ​សម្រួល​ដោយ វិញ សុជាតា

XS
SM
MD
LG