ក្រុម​អ្នក​ជំនាញ​អំពាវនាវ​ឲ្យ​កូរ៉េខាង​ជើងបើកចំហពេញលេញ​លើ​ទីតាំងផលិត​បរមាណូ​របស់​ខ្លួន

រូបថតឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un ផ្តល់​ការ​ណែនាំ​ដល់​ក្រុម​មួយ​ឈ្មោះ​ថា​ Taedonggang Terrapin Farm នៅ​ក្រុង​ព្យុងយ៉ាង​។

ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​នៃ​វីអូអេ​បាន​រាយការណ៍​ថា ​ពួក​អ្នកជំនាញ​ការ​របស់​ស.រ.អា.​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រាប់អំពី​កន្លែង​បរមាណូ​ទាំង​អស់​របស់​ប្រទេស​កូរ៉េខាង​ជើង។

ការ​អំពាវ​នាវ​នេះ​មាន​ឡើង​នៅ​ក្រោយ​មាន​របាយការណ៍​ថា ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​រាយការណ៍​ទៅ​កាន់សភា​ស.រ.អា.​ថា​ប្រទេស​កូរ៉ខាងជើង​ប្រហែល​មាន​រោងចក្រ​បរមាណូ​សម្ងាត់​បន្ថែម​លើ​រោង​ចក្រ​បរមាណូ​បច្ចុប្បន្ន​នៅ​ Yongbyon។​

លោក Robert Einhorn ​បាន​និយាយ​នៅ​ក្នុង​ email ​មួយ​ផ្ញើទៅឱ្យ​វីអូអេ​ថា «កិច្ច​ចរចា​ណាមួយ​អំពី​កម្មវិធី​បរមាណូ​នៃប្រទេស​កូរ៉េខាង​ជើង​ត្រូវ​តែ​ចាប់ផ្តើម​ ដោយ​រដ្ឋាភិបាល​ក្រុង​ Pyongyang​ ត្រូវ​តែ​ទទួល​ស្គាល់​ទំហំ​ទាំង​ស្រុង​នៃរោងចក្រ​បរមាណូទាំង​អស់​របស់​ខ្លួន»។ លោក​ Larry Niksch បាន​ថ្លែង​ថា​ កិច្ច​ចរចា​ថ្មី​ណា​មួយ​«ត្រូវ​ផ្តល់​អាទិភាព​លើ​ការផ្ទៀងផ្ទាត់​និង​ត្រួត​ពិនិត្យ»។

លោក​ Stephen Haggard ​បាន​និយាយថា​ កិច្ច​ចរចា​បរមាណូ​ក្នុង​ពេល​អនាគត​ជាមួយ​ប្រទេសកូរ៉េខាង​ជើង​«មិន​អាច​ត្រូវ​ដាក់​កម្រិត​ត្រឹមតែ​លើ​រោងចក្រ​ Yongbyon តែ​មួយទេ​ ក៏​ប៉ុន្តែ​ត្រូវ​តែ​តម្រូវ​ឱ្យមាន​ការ​ប្រកាស​ពេញលេញ​អំពីរោង​ចក្របរមាណូ​ទាំង​អស់​របស់​កូរ៉េខាង​ជើង»៕