សមាជិកសភាអឺរ៉ុបភាគច្រើនលើសលប់ កាលពីថ្ងៃព្រហស្បតិ៍ បានបោះឆ្នោតសម្រេចលើញត្តិមួយ ដោយបង្ហាញក្តីព្រួយបារម្ភអំពីការបន្តបង្រ្កាបនយោបាយនៅកម្ពុជា ហើយបានជំរុញឲ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ (Everthing But Arms ឬ EBA)ទាំងស្រុង ប្រសិនបើការបោះឆ្នោតនាពេលខាងមុខ មិនយុត្តិធម៌។ នេះបើយោងតាមញត្តិមួយដែលត្រូវបានអនុម័តដោយសមាជិកសភាអឺរ៉ុបដែលចូលរួមប្រជុំ ក្នុងនោះ៥២៦សំឡេង បោះឆ្នោតគាំទ្រ ៥សំឡេងប្រឆាំង និង៦៣សំឡេងអនុបវាទ។
ញត្តិនេះត្រូវបានរៀបចំដោយសមាជិកសភាអឺរ៉ុបមួយចំនួន ដែលបារម្ភអំពីការបន្តបង្រ្កាបលើគណបក្សនយោបាយប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់សភាអឺរ៉ុបឲ្យដឹងថាសមាជិកសភាអឺរ៉ុបបានបង្ហាញ«ក្តីព្រួយបារម្ភយ៉ាងខ្លាំង»ទៅលើការដើរថយក្រោយនៃសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោតឃុំសង្កាត់នៅក្នុងខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ ពួកគេក៏បារម្ភយ៉ាងខ្លាំងអំពីការតាមដានសកម្មភាពអនឡាញ និងការគំរាមលើការបញ្ចេញមតិដោយសេរី និងសិទ្ធិឯកជនភាព។
ពួកគេអំពាវនាវឲ្យគណៈកម្មការតាមដាននូវការបោះឆ្នោតឃុំសង្កាត់ខាងមុខយ៉ាងយកចិត្តទុកដាក់។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ពួកគេ[សមាជិកសភាអឺរ៉ុប]និយាយថាគណៈកម្មការអឺរ៉ុបគួរតែត្រៀមខ្លួនក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលមាន រួមមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងតែម្តង និងទណ្ឌកម្មផ្សេងទៀត ប្រសិនបើអ្នកតាមដានការបោះឆ្នោតរកឃើញភស្តុតាងនៃការបោះឆ្នោតមិនយុត្តិធម៌»។
ញត្តិនោះមានរៀបរាប់ករណីជាច្រើននៃការបង្រ្កាបបក្សប្រឆាំងក្នុងប្រទេសកម្ពុជា និងការធ្វើទុក្ខបុកម្នេញសកម្មជនការពារសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ ពួកគេក៏បានអំពាវនាវជាថ្មីឲ្យទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់លើលោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងមន្រ្តីបក្សប្រឆាំងផ្សេងទៀត។
ពួកគេក៏បានអំពាវនាវជាថ្មីឲ្យមានការដាក់ទណ្ឌកម្មក្រុមមុខសញ្ញា និងជំរុញឲ្យក្រុមប្រឹក្សាអនុម័តនូវវិធានការរឹតបន្តឹង រួមមានបម្រាមការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិជាដើម។
ពួកគេអំពាវនាវដល់គណៈកម្មការអឺរ៉ុបតាមដានការគាំទ្រជំនួយទ្វេភាគីទាំងអស់ទៅកាន់រដ្ឋាភិបាលកម្ពុជា ហើយធានាការគាំទ្រទ្វេភាគីទៅកាន់អង្គការសង្គមស៊ីវិល និងបក្សប្រឆាំងវិញ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ចំនួន២០%ពីកម្ពុជា ដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែក នេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបក៏បានជំរុញឲ្យគណៈកម្មការអឺរ៉ុបវាយតម្លៃពីផលប៉ះពាល់នៃការដកប្រព័ន្ធ EBA ដោយផ្នែកនេះផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការបោះឆ្នោតរបស់សភាអឺរ៉ុប ជា«ការលម្អៀងផ្នែកនយោបាយ»មួយ។ លោកបន្ថែមថាការលើកឡើងនោះមិនបានឆ្លុះបញ្ចាំងស្ថានភាពពិតនៅកម្ពុជាឡើយ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាការបោះឆ្នោតសម្រេចបែបណារបស់ជនបរទេស វាជាការលម្អៀងខាងនយោបាយ គាត់ជឿតែម្ខាង។ យើងឃើញថាអង្គការសង្គមស៊ីវិលមួយចំនួនស៊ីប្រាក់ខែមកពីហ្នឹង យកមូលនិធិឧបត្ថម្ភពីខាងហ្នឹងមក។ អញ្ចឹងហើយគាត់ត្រូវជឿកូនជឹងរបស់គាត់ហើយ។ បើកូនជឹងរបស់គាត់ថាម៉េច គាត់ជឿតាមហ្នឹង»។
លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រថា ការអនុម័តញត្តិនេះ បន្ទាប់ពីគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយរូបលោកផ្ទាល់ បានទៅធ្វើទស្សនកិច្ចនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃ២០ និង២១ ខែមេសា ឆ្នាំ២០២២ ដើម្បីទៅជួបអ្នកមុខអ្នកការក្នុងស្ថាប័នសហភាពអឺរ៉ុបមួយចំនួន។
លោកបញ្ជាក់ថា៖ «ញត្តិរបស់សភាអឺរ៉ុបនេះ ជំរុញឲ្យសហភាពអឺរ៉ុបទាំងមូល មានប្រទេស២៧ ជាសមាជិក ដាក់សម្ពាធកាន់តែខ្លាំង មកលើរបបលោក ហ៊ុន សែន ដើម្បីជំរុញឲ្យលទ្ធិប្រជាធិបតេយ្យ ដំណើរការឡើងវិញ នៅកម្ពុជា ដោយមានគណបក្សសង្គ្រោះជាតិ ចូលរួមយ៉ាងសកម្ម»។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា សង្គមស៊ីវិលនៅតែមានការព្រួយបារម្ភលើការដក EBA ទាំងស្រុង ដោយសារមិនមានការធ្វើឲ្យប្រសើរឡើងនៃស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបន្តថាសង្គមស៊ីវិលចង់ឃើញស្ថានភាពមួយដែលមានការលើកកម្ពស់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ការគោរពសិទ្ធិ និងដោះស្រាយបញ្ហានៃការរំលោភសិទ្ធិមនុស្ស ការបញ្ចប់វិបត្តិនយោបាយ ដែលរងការរិះគន់។
លោកបញ្ជាក់ថា៖ «យើងឃើញថាសហគមន៍អឺរ៉ុបក៏គេកត់ចំណាំ ហើយនិងគេរង់ចាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ តើសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរឬទេ? អាហ្នឹងវាសុទ្ធតែស្ថិតក្នុងលក្ខខណ្ឌមួយរង់ចាំមើលទាំងអស់គ្នាហ្នឹងហើយ»។
លោកបន្តថាសង្គមស៊ីវិលមិនចង់ឃើញការផ្តាច់ប្រព័ន្ធ EBA ទាំងស្រុងឡើយ ដែលវានឹងប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់ដែលធ្វើការក្នុងវិស័យកាត់ដេរក្នុងប្រទេស៕