សហភាពអឺរ៉ុប បានបញ្ជាក់ឲ្យដឹងនៅសប្ដាហ៍នេះថាការចុះកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត (Voluntary Partnership Agreements) ហៅកាត់ថា (VPAs) រវាងភាគីសហភាពអឺរ៉ុប និងភាគីប្រទេសវៀតណាម សម្រាប់ទិញឈើពីប្រទេសវៀតណាម នឹងមិនបង្កផលប៉ះពាល់ដល់ធនធានព្រៃឈើនៅប្រទេសកម្ពុជានោះទេ ហើយថាកិច្ចព្រមព្រៀងនេះ នឹងជួយទ្រទ្រង់ប្រទេសកម្ពុជា ឲ្យអនុវត្តច្បាប់ដែលខ្លួនមាន ដើម្បីការពារសម្បត្តិព្រៃឈើនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលបានផ្ញើជូនVOA តាមសារអេឡិចត្រូនិកឬEmail។
ការថ្លែងការពាររបស់សហភាពអឺរ៉ុបនៅក្នុងការចុះកិច្ចព្រមព្រៀង(VPAs)នេះ ធ្វើឡើងក្រោយពីមានប្រតិកម្មពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានអះអាងតាមសេចក្ដីថ្លែងការណ៍រួមមួយថា ការចុះកិច្ចព្រមព្រៀង(VPAs) រវាងសហគមន៍អឺរ៉ុប និងប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែតុលា ខាងមុខនេះ នឹងបង្កវិនាសកម្មបន្ថែមទៀតទៅលើព្រៃឈើកម្ពុជា ខណៈដែលមានលំហូរឈើខុសច្បាប់ជាបន្តបន្ទាប់ចូលទៅទីផ្សារវៀតណាម ពីប្រទេសជិតខាងនានា ក្នុងចំណោមនោះ ភាគច្រើនមកពីកម្ពុជាតែម្ដង។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងលិខិតរបស់លោកថា សហភាពអឺរ៉ុបបានកត់សម្គាល់ទៅលើបញ្ហានានា ដែលបានលើកឡើងនៅក្នុងលិខិតរួមពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅប្រទេសកម្ពុជា។ សហភាពអឺរ៉ុបបានប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការកាប់ឈើខុសច្បាប់និងពាណិជ្ជកម្មដែលមានភាពទាក់ទងគ្នា តាមរយៈផែនការសកម្មភាពនៃការអនុវត្តន៍ច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប (FLEGT)។
លោកបញ្ជាក់បន្ថែមថាផែនការសកម្មភាពនេះ មានគោលដៅធ្វើឲ្យប្រសើរឡើងអភិបាលកិច្ចព្រៃឈើ ពង្រឹងការអនុវត្តន៍ច្បាប់ និងជំរុញពាណិជ្ជកម្មទៅលើផលិតផលឈើដែលត្រូវបានប្រមូលមកដោយស្របច្បាប់ និងមានចីរភាព។
លោកឯកអគ្គរដ្ឋទូតបានពន្យល់ថា ការចេញអាជ្ញាប័ណ្ណតាមកម្មវិធីនៃការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប (FLEGT) ត្រូវបានអនុវត្តតាមការសន្និដ្ឋាននៃកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត (VPAs) ជាមួយប្រទេសជាដៃគូ។ បើតាមច្បាប់ ប្រទេសមួយដែលបានឲ្យសច្ចានុមតិទៅលើកិច្ចព្រមព្រៀងនេះ អាចគ្រាន់តែចាប់ផ្ដើមចេញអាជ្ញាប័ណ្ណសម្រាប់ឈើ និងផលិតផលឈើ ដែលខ្លួននាំចេញទៅសហភាពអឺរ៉ុប បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវប្រព័ន្ធធានាភាពស្របច្បាប់ ដែលត្រូវបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងនេះ ហើយវាជាដំណើរការមួយដែលអាចស៊ីពេលច្រើនឆ្នាំ ក្រោយការផ្ដល់សច្ចានុមតិលើកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត (VPAs) ដដែលនេះ។
លោកឯកអគ្គរដ្ឋទូត George Edgar បានសរសេរលិខិតរបស់លោកជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរតាមអត្ថន័យដើមថា៖
«បន្ទាប់ពីមានការឲ្យសច្ចានុមតិលើកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត (VPAs) ប្រទេសវៀតណាមនឹងត្រូវបង្កើតប្រព័ន្ធធានាភាពស្របច្បាប់ឈើរបស់ប្រទេសវៀតណាម (VNTLAS) ដែលការគ្រប់គ្រងភាពស្របច្បាប់នៃឈើដែលបាននាំចូលគឺជាចំណែកធំមួយ និងពង្រឹងយន្តការមានប្រសិទ្ធភាពរបស់ខ្លួននានាដើម្បីរកឲ្យឃើញការរំលោភបំពានផ្សេងៗ ក៏ដូចជា ធានាការអនុវត្តច្បាប់ឲ្យបានប្រសើរឡើងថែមទៀត»។
លោកឯកអគ្គរដ្ឋទូតអះអាងថា ប្រទេសវៀតណាម បានប្ដេជ្ញាចិត្តចេញបទបញ្ញត្តិ តម្រូវឲ្យអ្នកនាំចូលទាំងឡាយ អនុវត្តនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ ដើម្បីធានាថា មានតែឈើស្របច្បាប់ទេ ទើបអាចអនុញ្ញាតឲ្យចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បាន ដែលវាស្រដៀងគ្នាទៅនឹងកាតព្វកិច្ចជាច្រើនដែលសហភាពអឺរ៉ុបខ្លួនឯង បានដាក់ឲ្យអនុវត្តជាធរមាន ជាមួយបទបញ្ញត្តិឈើរបស់អឺរ៉ុប។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួនប្រាំពីរ ដែលធ្វើការតស៊ូមតិការពារធនធានព្រៃឈើនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ និងបានផ្ញើជូនទៅស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីទាមទារឲ្យសហភាពអឺរ៉ុបលើកពេលចុះកិច្ចព្រមព្រៀង VPAs លុះត្រាតែមានការកំណត់តួនាទីលើប្រព័ន្ធធានារ៉ាប់រងឈើស្របច្បាប់ (TLAS)នានា ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងVPAsដដែលនោះ។
ក្រុមអង្គការសង្គមស៊ីវិល បានបញ្ជាក់ទៀតថា ឈ្មួញឈើវៀតណាមកំពុងតែសកម្មក្នុងការបំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលកម្ពុជា ដោយសូកប៉ាន់មន្ត្រីរដ្ឋនៅគ្រប់កម្រិតនៅតាមបណ្ដាខេត្តនានាដើម្បីរកស៊ីឈើដែលមានតម្លៃទាំងនេះ ក្រៅពីក្របខ័ណ្ឌច្បាប់។ ពួកគេថា ការវិវត្តន៍ថ្មីៗនៃការអនុវត្តច្បាប់ព្រៃឈើនៅក្នុងប្រទេសឡាវ បានបង្កើនសម្ពាធរបស់វៀតណាមមកលើព្រៃឈើកម្ពុជាកាន់តែច្រើនថែមទៀតផងដែរ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលបានដឹងពីបញ្ហានានាដែលលើកឡើងដោយក្រុមសង្គមស៊ីវិលដែលធ្វើការលើការការពារសម្បត្តិព្រៃឈើកម្ពុជានោះ យល់ថា ប្រសិនបើមានការអនុវត្តកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្តជាមួយការអនុវត្តច្បាប់ព្រៃឈើរបស់សហភាពអឺរ៉ុប (FLEGT VPA) ត្រឹមត្រូវនោះ វានឹងមានសក្ដានុពលដើម្បីគាំទ្រការអនុវត្តន៍ច្បាប់ពាក់ព័ន្ធផ្សេងៗនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកថា វាទាមទារឲ្យមាន«ការប្ដេជ្ញាចិត្ត និងសកម្មភាពពីខាងភាគីកម្ពុជា ដើម្បីចាត់វិធានការចាំបាច់ ដោះស្រាយបញ្ហាកាប់ឈើខុសច្បាប់នេះ»។
លោក អ៊ូច ឡេង អ្នកឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្ស (CHRTF) មិនយល់ស្របនឹងការអធិប្បាយរបស់ប្រមុខការទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានោះទេ។ លោកប្រាប់ VOA នៅថ្ងៃពុធនេះថាសហភាពអឺរ៉ុបត្រូវបោះបង់ចោលកិច្ចព្រមព្រៀង VPAs នេះតែម្ដង ព្រោះថាបើវាត្រូវបានអនុវត្តមែននោះ ព្រៃឈើនៅប្រទេសកម្ពុជានឹងធ្លាក់ក្នុងមហន្តរាយជាក់ជាមិនខានឡើយ។ លោកមានប្រសាសន៍បន្ថែមថា វៀតណាមមិនមានធនធានព្រៃឈើច្រើនដូចអ្វីដែលកម្ពុជាមាននោះទេ។
«សំដីខ្ញុំទាយមិនខុសទេ។ អនាគត បើសិនជា បន្ទាប់ពីសហគមន៍អឺរ៉ុបចុះហត្ថលេខាជាមួយវៀតណាម វៀតណាមនឹងចូលមកកាប់បំផ្លាញព្រៃឈើដឹកជញ្ជូនព្រៃឈើពីស្រុកខ្មែរ គ្រប់រូបភាពទាំងអស់ ទាំងផ្នែកច្បាប់ ទាំងផ្នែកមិនត្រូវច្បាប់ ទាំងផ្នែកអ្វីក៏ដោយឲ្យតែគេរកឈើបានទាន់ពេលវេលា ព្រោះថា នៅក្នុងប្រទេសវៀតណាមអត់មានឈើធម្មជាតិតទៅទៀតទេ មានតែឈើស្រល់ ឈើចម្ការ ដីបន្តិចបន្តួចមិនអាចផ្គត់ផ្គង់ទៅទីផ្សារអឺរ៉ុបបានតាមទីផ្សារកុម្ម៉ង់របស់គេបានទេ។ អ៊ីចឹងមានតែមកយកពីកម្ពុជាដោយប្រើគ្រប់រូបភាពទាំងអស់»។
លោកមានប្រសាសន៍បន្ថែមថា សហភាពអឺរ៉ុបដែលតាំងខ្លួនថាជាប្រជាជាតិស្អាតស្អំនោះ មិនគួរជាប់ពាក់ព័ន្ធក្នុងជំនួញជួញដូរឈើជាមួយវៀតណាម ដែលមានប្រវត្តិមិនល្អខាងរត់ពន្ធឈើក្នុងតំបន់អាស៊ីនេះ ជាយូរមកហើយនោះទេ។
លោកថ្លែងថា៖
«មិនឲ្យអឺរ៉ុបទាក់ទងការរកស៊ីឈើតែម្ដង។ ត្រូវនៅឲ្យឆ្ងាយ ហើយត្រួតពិនិត្យ ជាមួយរដ្ឋាភិបាលវៀតណាមវិញ ជាជាងដែលអឺរ៉ុបគាត់ជា ភាគីល្អ ប្រទេសល្អ ប្រឡូកប្រឡាក់ជាមួយនឹងឧក្រិដ្ឋជនមកពីប្រទេសវៀតណាម។ ខ្ញុំហ៊ាននិយាយថា ឧក្រិដ្ឋជនព្រោះគេមករត់ពន្ធឈើ មកលួចឈើពីស្រុកយើង»។
VOA ព្យាយាមសុំការអធិប្បាយពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃពុធនេះ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីភាគីវៀតណាមបានដែរនៅថ្ងៃពុធនេះ។
អង្គការឃ្លាំមើលព្រៃឈើ Forest Trends បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំ២០១៨ ដែលបានបញ្ជាក់ថា ទិន្នន័យរបស់គយវៀតណាមបង្ហាញអំពីការកើនឡើងដ៏គួរឲ្យកត់សម្គាល់អំពីការនាំចូលឈើហ៊ុបនិងឈើអារពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៧។
ទិន្នន័យដែលចងក្រងដោយអង្គការឃ្លាំមើលព្រៃឈើ Forest Trends នោះ បានបង្ហាញថា ឈើប្រមាណជាង១៦ម៉ឺន (១៦៣,០៧១) ម៉ែត្រគូបរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ ពោលគឺមានការកើនឡើងចំនួន១៧ភាគរយលើសពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញ បានកើនឡើងដល់២១ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក។
បើក្រឡេកមើលសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា ដែលបានដាក់ជូនស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១០ខែតុលាកន្លងទៅនោះ វិសាលភាពនៃការឃុបឃិតរបស់រដ្ឋនៅក្នុងការជួញដូរឈើខុសច្បាប់ បានលេចឡើងជាថ្មីម្ដងទៀតនាឆ្នាំ២០១៧ នៅពេលឈើយ៉ាងតិច៣០០០០០ម៉ែត្រគូប ត្រូវបានលួចពីខេត្តភាគខាងកើតរបស់ប្រទេសកម្ពុជាក្នុងរយៈពេល៦ខែ។ ឈើនេះ ត្រូវបាននាំចេញទៅប្រទេសវៀតណាមក្នុងទ្រង់ទ្រាយជាឈើមូល។ ការប្រព្រឹត្តទង្វើបែបនេះ ត្រូវបានប្រកាសថាជាអំពើខុសច្បាប់មួយនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកម៉េ្លះ។
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាបានចោទអាជ្ញាធរវៀតណាមថាមិនត្រឹមតែសម្រួលលិខិតអនុញ្ញាតចាំបាច់នានា ក្នុងការចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាមប៉ុណ្ណោះទេ ក៏ប៉ុន្តែកំណាត់ឈើរាប់ម៉ឺន ត្រូវបានស្តុកទុកមិនដល់មួយគីឡូម៉ែត្រដីពីព្រំដែននៅជិតប៉ុស្តិ៍ព្រំដែន តាមបន្ទាត់ព្រំដែនជាច្រើន ក្រោមការគ្រប់គ្រងរបស់យោធាវៀតណាម។ គ្មានជំនាញបច្ចេកទេសណាមួយដែលត្រូវទទួលស្គាល់ថា ការនាំចេញឈើមូលទាំងនេះ គឺខុសច្បាប់ទាល់តែសោះដែលនាំឲ្យមានការសន្និដ្ឋានបានថា អាជ្ញាធរវៀតណាមនៅតែបន្តគាំទ្រ និងលើកទឹកចិត្តឲ្យមានឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំបែបនេះកើតឡើងជាបន្តបន្ទាប់រហូតមក៕