សហភាព​អឺរ៉ុប​និង​កូរ៉េ​ខាងត្បូង​ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​ដក​ទ័ព​ពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន

  • ​Reuters

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul ចាប់ដៃជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell នៅក្រសួងការបរទេសក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ចន្ទ ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហភាព​អឺរ៉ុប​បាន​រួមគ្នា​ថ្កោលទោស​ការ​ផ្គត់ផ្គង់​សព្វាវុធ​របស់​កូរ៉េ​ខាងជើង​ឱ្យ​ប្រទេស​រុស្ស៊ី និង​ទាមទារ​ឱ្យ​កូរ៉េ​ខាងជើង​ដក​កងទ័ព​របស់​ខ្លួន​ដែល​បាន​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី នៅ​ពេល​ដែល​រុស្ស៊ី​កំពុង​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

សហភាព​អឺរ៉ុប​និង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រៀបចំ​ជំនួប «កិច្ច​សន្ទនា​យុទ្ធសាស្ត្រ» លើក​ដំបូង​បង្អស់​របស់​ខ្លួន​នៅក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ក្ដី​បារម្ភ​បន្ទាន់​អំពី​ការ​បញ្ជូន​កងទ័ព​របស់​កូរ៉េ​ខាងជើង​ទៅ​ជួយ​រុស្ស៊ី។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell និង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Cho Tae-yul បាន​ថ្កោលទោស «ការ​បញ្ជូន​សព្វាវុធ​ខុស​ច្បាប់» របស់​កូរ៉េ​ខាងជើង «ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ឱ្យ​រុស្ស៊ី​ប្រើប្រាស់​នៅក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន»។

ពួកគេ​បាន​ទាមទារ​ឱ្យ​មាន​ការ​បញ្ចប់​នូវ «កិច្ច​សហប្រតិបត្តិការ​យោធា​ខុស​ច្បាប់» នេះ និង​ឱ្យ​មាន​ការ​ដកចេញ​នូវ​កងទ័ព​កូរ៉េ​ខាងជើង។

ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​ផងដែរ​លើ​ភាព​ជា​ដៃគូ​ផ្នែក​សន្តិសុខ​និង​ការ​ការពារ​ដែល​ផ្ដោត​លើ​ផ្នែក​ចំនួន ១៥ ដូចជា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ការ​រំសាយ​អាវុធ​ជាដើម៕