EU ចុះ​កិច្ចព្រមព្រៀង​ត្រៀម​ទិញ​វ៉ាក់សំាង​កូវីដ១៩ របស់​ក្រុមហ៊ុន CureVac ចំនួន ៤០៥ ពាន់​លាន​ដូស

រូបឯកសារ៖ បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់ CureVac បង្ហាញ​ពី​ដំណើរ​នៃ​ការងារស្រាវជ្រាវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពិសោធន៍​មួយ​កន្លែង​ក្នុង​ទីក្រុង​Tuebingen នៃ​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

គណ:កម្មាការ​អឺរ៉ុប ដែល​ជា​ផ្នែក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ អំពី​គម្រោង​នៃ​ការ​ទិញ​វ៉ាក់សំាង​ចំនួន ៤០៥ ពាន់​លាន​ដូស ពី​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់​ ដែល​មាន​ឈ្មោះ​ថា CureVac [ប្រសិនបើ​ក្រុមហ៊ុន​នេះ ​ផលិត​វ៉ាក់សាំង​នេះ​បាន​សម្រេច]។

ការ​ប្រកាស​ដូច​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មន្ត្រី​របស់​សហភាព​អឺរ៉ុប​ បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​ស្រដៀង​គ្នា​នេះ​ដែរ​ជាមួយ​ក្រុមហ៊ុន BioNTech របស់​អាល្លឺម៉ង់ និង​ក្រុមហ៊ុន Pfizer របស់​សហរដ្ឋ​អាមេរិក លើ​ការ​ទិញ​វ៉ាក់សំាង​ជំហាន​ដំបូង​ចំនួន ៣០០ លាន​ដូស ដែល​កំពុង​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ទាំងពីរ​នេះ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បញ្ជាក់​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព ៩០% ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ការ​សាកល្បង​ជំហាន​ចុង​ក្រោយ។

ប្រធាន​គណ:កម្មាការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន CureVac គឺ​នឹង​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​ថា វ៉ាក់សាំង​ដែល​ពួកគេ​ផ្ដល់​ជូន ​គឺ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព។

អ្នកស្រី Von der Leyen បាន​និយាយ​ថា ក្រុមហ៊ុន CureVac គឺ​ជា​ក្រុមហ៊ុន​ទី ៥ ដែល​គណៈកម្មការ​អឺរ៉ុប​ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ១៩។ អ្នកស្រី​បាន​បន្ថែម​ថា គណៈកម្មការ​អឺរ៉ុប ​ក៏​កំពុង​ធ្វើការ​ផង​ដែរ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ Moderna របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ក្រុមហ៊ុន​ទី ៦។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមហ៊ុន Moderna បាន​ប្រកាស​ថា ការ​សាកល្បង​បាន​បង្ហាញ​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​លើស​ពី ៩០%៕