ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ាគីស្ថាន​ថា​វ៉ាក់សាំង Pfizer មិន​ស័ក្ដិសម​ប្រើ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ


រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer នៅ​លើ​អគារ​មួយ​ក្នុង​ក្រុង Cambridge រដ្ឋ Massachusetts ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

ក្រុមហ៊ុន​ឱសថ​អាមេរិកាំង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ការ​សាកល្បង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ចំនួន​ពីរ​ដូស​ដែល​មាន​សក្ដានុពល​របស់​ខ្លួន​បាន​បង្ហាញ​លទ្ធផល​ថា​មាន​ប្រសិទ្ធភាព​៩០ភាគរយ​ក្នុង​ការទប់ស្កាត់​វីរុស​ទៅលើ​អ្នក​ដែល​បាន​ចាក់​សាកល្បង​ដោយ​គ្មាន​ភស្តុតាង​ពី​ការ​ឆ្លង​មេរោគ​ពី​មុន។

លទ្ធផល​នេះ​ត្រូវ​បាន​សាទរ​ថា​ជា​ព័ត៌មាន​វិជ្ជមាន​ដ៏​កម្រ​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​ដែល​មាន​មនុស្ស​ឆ្លង​ជាង៥០លាន​នាក់​ នៅ​ទូទាំង​សកល​លោក​ដោយ​ក្នុង​នោះ​បាន​សម្លាប់​មនុស្ស១លាន​២សែននាក់​ និង​៣៣លាន​នាក់​ទៀត​បាន​ជា​សះស្បើយ។

ក៏ប៉ុន្តែ​លោក​សាស្រ្តាចារ្យ Atta Ur Rahman ​ប្រធាន​ក្រុម​ការងារ​វិទ្យាសាស្រ្ត​និ​ង​បច្ចេកវិទ្យា​ប៉ាគីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា៖«វា​មិន​ទាន់​ដល់​ពេល​ដែល​ប្រទេស​របស់​លោក​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​អបអរ​នឹង​លទ្ធផល​វ៉ាក់សាំង​ Pfizerនេះ​ទេ»។

លោកសាស្រ្តាចារ្យ​ Rahmanបាន​ប្រាប់ ​VOAថា៖ «នេះ​ជា​ប្រភេទ​ម៉ូលេគុល​តែ​មួយ​នៃ​វ៉ាក់សាំង​ RNA និង​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព-៨០​អង្សារសេ ដូច្នេះ​វ៉ាក់សាំង​នេះ​មិន​សាកសម​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ»។ ​លោក​សាស្រ្តាចារ្យ​បាន​ពន្យល់​បន្ថែម​ថា៖​«កន្លែង​ស្តុក​វ៉ាក់សាំង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ និង​ការ​ដឹកជញ្ជូន​វ៉ាក់សាំង​ពី​ព្រលាន​យន្ដហោះ​ទៅ​កាន់​ទីក្រុង​នានា​និងទៅកាន់​ប្រទេស​នានា​នៅ​មិន​ទាន់​មាន​ទេ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

លោក​សាស្រ្តាចារ្យ​បាន​បញ្ជាក់​ទៀត​ថា​អ្នកជំងឺ​កូវីដ១៩​នឹង​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង ​Pfizerពីរ​ដូស​ក្នុង​ចន្លោះ​ពេល​៣សប្តាហ៍ម្តង ​ហើយ​ការ​រក្សា​ទុក​វ៉ាក់សាំង​នៅ​ក្នុង​កន្លែង​ត្រជាក់​គឺ​ជា​បញ្ហា​ពិបាក​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​ប្រទេស​មាន​សីតុណ្ហភាព​ចន្លោះ​ពី៤០អង្សា​សេ​ទៅ​៥០អង្សាសេ​នៅ​តំបន់​ភាគ​ខាងត្បូង​និង​តំបន់​ភាគ​និរតី។

ការសាកល្បង​វ៉ាក់សាំង​នៅ​ប៉ាគីស្ថាន

លោក​សាស្រ្តាចារ្យ ​Rahman​ថ្លែង​ថា ក្នុង​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ចិន ​ប៉ាគីស្ថាន​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការសាកល្បង​វ៉ាក់សាំង​ពីរ​ប្រភេទ​ដែល​ចាក់​តែ១ម្តង​ផលិត​ដោយ​ប្រទេស​ចិន។​ លោក​ថា​វ៉ាក់សាំង​ទាំង​នេះ​អាច​រក្សា​ទុក​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា​បាន​មិន​ដូច​វ៉ាក់សាំង​ Pfizer ​ទេ។

លោក​បាន​និយាយ​ថា៖​«ការ​សាកល្បង​របស់​យើង​កំពុង​មាន​ដំណើរការ​ល្អ។ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​គឺ​យើង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​មក​រហូត។ វ៉ាក់សាំង​ទាំងពីរ​នេះ​មិន​ត្រូវ​ការ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព-៨០​អង្សារសេ​ទេ។ ខ្ញុំ​រំពឹង​ថា​វាក់សាំង​ទាំងពីរ​នេះ​សក្ដិសម​សម្រាប់​ប្រទេស​ប៉ាគីស្ថាន​ជាង​វ៉ាក់សាំង​Pfizer»។

វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​នានា​ដែល​ស្ថិត​ក្រោម​ការ​សាកល្បង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​CanSinoBio របស់​ចិន ​និង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​ទី៣ ឬ​ការ​សាកល្បង​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​មនុស្ស​ក្នុង​ប្រទេស​ជាច្រើន ​រួម​ទាំង​ចិន ​រុស្ស៊ី ​ឈីលី ​និង​អាហ្សង់ទីន​ផង​ដែរ។

លោក​សាស្រ្តាចារ្យ Rahman ​បាន​ថ្លែង​បន្ត​ថា ​ការ​សាកល្បង​បែប​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែល​បាន​ចាប់ផ្តើម​កាល​ពី​ខែកញ្ញា ​នឹង​ត្រូវការ​ពេល​យ៉ាង​ហោច​ណាស់​៣ខែ ​ហើយ​លទ្ធផល​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេសចិន​វិញ​ដើម្បី​សិក្សា​វាយតម្លៃ។

ប៉ាគីស្ថាន​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​ជិត​៣៤៧.០០០​នាក់ ​ដែល​ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​៧ពាន់នាក់​ និង​មនុស្ស​ជិត៣២០.០០០​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ចាប់តាំង​ពី​មាន​ការ​រាត​ត្បាត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ពលរដ្ឋ​ចំនួន​ប្រមាណ​២២០លាន​នាក់កាល​ពី​ខែ​កុម្ភៈ​នេះ។

ករណី​ឆ្លង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​ពីរបី​រយនាក់​ក្នុង​មួយថ្ងៃ​ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា​មក​ ដែល​កាល​ពី​មុន​ករណី​ឆ្លង​ក្នុង​មួយថ្ងៃ​មាន​ដល់ទៅ​ជាង៦ពាន់ករណី។

ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ក្រុមមន្រ្តី​បាន​ព្រមាន​ថា​ ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការឆ្លង​នៃ​រលក​ទី២​ ដែល​មាន​ការរាយ​ការណ៍​ថា​មាន​ការឆ្លង​ថ្មី​១៦៣៧​ករណី​និង​អ្នកស្លាប់​ចំនួន​២៣នាក់​កាល​ពី​ថ្ងៃអង្គារ។

ការ​រើប​ឡើងវិញ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ​បម្រាម​មួយ​ចំនួន​ឡើង​វិញ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​របស់​សាធារណៈ​ជន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG