គណៈកម្មការ​សភា​អឺរ៉ុប​ជួប​ពិភាក្សា​ពី​ឋានៈ​អនុគ្រោះ​ពន្ធ EBA

លោក​ ណុំ ពិសិដ្ឋ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប​ ថ្លែង​នៅ​ឯ​​អង្គសវនាការ​នៃ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​​សភា​សហភាព​អឺរ៉ុប។ (Web Screenshot)

អ្នកការទូត​កម្ពុជា បាន​ប្រាប់​ដល់​អង្គសវនាការ​នៃ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់សភា​សហភាព​អឺរ៉ុប​ថា ​រដ្ឋាភិបាលកម្ពុជាមាន​ឆន្ទៈនយោបាយ​និងការប្តេជ្ញាចិត្ត​ដើម្បី​កែលម្អ​ស្ថានការណ៍នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​ ណុំ ពិសិដ្ឋ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ដូចនេះក្រោយពី​គណៈ​កម្មការ​របស់​សហភាព​អឺរ៉ុបបាន​រកឃើញ​ថា​ ស្ថានភាព​សិទ្ធិនយោបាយ សិទ្ធិការ​ងារ​និង​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​រងការ​រំលោភបំពាន​«យ៉ាងធ្ងន់ធ្ងរ‍»​និង​«ជាប្រព័ន្ធ‍» ហើយ​បាន​ស្នើ​ឱ្យ​កម្ពុជា​កែលម្អ​បើ​មិន​ដូច្នេះ​ទេ​សហភាព​អឺរ៉ុប​នឹង​ព្យួរ​ឋានៈអនុគ្រោះពន្ធ​«គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ‍»​(EBA) ​ដែល​កម្ពុជា​ទទួលបាន។

លោក​ឯកអគ្គរាជទូត​ណុំ ពិសិដ្ឋបាន​បន្ថែម​ថា៖

«តើ​រដ្ឋាភិបាល​មានឆន្ទៈ​ឬអត់​ក្នុង​ការធ្វើ​កិច្ចការទាំងអស់នេះ? ជាការពិត​យើង​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ឡើង‍»។​

អ្នកការទូតរូបនេះបាន​ហៅ​របាយការណ៍​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប​ថា​«ដើរយឺត‍»​ជាង​សភាពការណ៍​ដោយ​សារតែ​តុលាការ​បាន​ដោះលែង​លោក​កឹមសុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិរយៈពេល​២ថ្ងៃ​មុន​ពេល​ដែល​របាយការណ៍​នោះ​បាន​ទៅដល់​ដៃ​រដ្ឋាភិបាល​កម្ពុជាកាលពីថ្ងៃទី​១២ខែ​វិច្ឆិកា។

លោកកឹម សុខា​ត្រូវបាន​ដោះលែង​ដោយ​មានលក្ខខណ្ឌ​មិន​ឱ្យ​ធ្វើ​នយោបាយ​និង​ចាកចេញ​ពី​ប្រទេស​កម្ពុជាហើយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាលពីថ្ងៃ​ច័ន្ទ​បញ្ជូន​សំណុំរឿង​លោក ទៅ​ជំនុំជម្រះ​បើ​ទោះបីជា​មិន​ទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​ក៏ដោយ។​

លោកណុំ ពិសិដ្ឋ​បានសម្តែងក្តីសង្ឃឹម​ថា​សំណុំរឿង​របស់​លោ​កកឹមសុខា​នឹងត្រូវ​តុលាការ​កំណត់​ថ្ងៃ​កាត់ក្តី​នៅ​ក្នុងពេលឆាប់ៗនេះ។

លោក​បានបន្ថែម​ថា៖

«ករណី​លោកកឹម សុខា គឺ​មាន​ការអំពាវនាវ​ឱ្យ​ដោះលែង​ទាំងស្រុង​ ប៉ុន្តែ​គាត់​ត្រូវ​ឆ្លងកាត់​ដំណើរការ​កាត់ក្តី​ ក្រោយ​ពី​នោះ​ការដោះលែង​ទាំងស្រុង​នឹង​អាច​ធ្វើបាន​ក្រោយពី​ទទួល​បាន​ការ​លើកលែង​ពី​ព្រះមហាក្សត្រ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​គាត់ពិតជាមានកំហុស​មែន‍»។​

ការត្រួតពិនិត្យលើ​ការរំលោភ​លក្ខខណ្ឌឋានៈអនុគ្រោះពន្ ធ​EBA ​បាន​ចាប់​ផ្តើមដំណើរការក្រោយ​ពី​មាន​ការធ្វើ​ទុក្ខបុកម្នេញគណបក្ស​ប្រឆាំង ​អង្គការ​សង្គមស៊ីវិល​និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យក្នុង​យៈពេល​៣ឆ្នាំ​ចុងក្រោយនេះ។

មានអ្នកតំណាងរាស្ត្រ​សហភាពអឺរ៉ុប​ខ្លះ​បាន​ស្នើឱ្យ​ព្យួរផ្នែកខ្លះ​ដោយ​ផ្តោត​លើទំនិញ​មួយ​ចំនួន​ជាជាង​ព្យួរ​ទាំងស្រុង​ក្នុងពេល​ដែល​អ្នកតំណាងរាស្ត្រ​ខ្លះ​ស្នើឱ្យ​អនុវត្ត​តាមការលក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដោយ​គ្មាន​ការលើកលែង។

លោក ​ហែលមុត ស្កូល (​Helmut Scholz) ​អ្នកតំណាងរាស្រ្ត​សហភាពអឺរ៉ុប​ដែលមក​ពី​ប្រទេស​អាល្លឺម៉ង់​បាន​លើកឡើង​ថា៖

«សហភាព​អឺរ៉ុប​មិន​គួរ​ទទួល​យក​ការកែប្រែ​តិចតួចឡើយ​។ បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ទើបតែ​កើតមានឡើង​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំនេះ​ទេ ប៉ុន្តែគឺ​វា​មាន​លក្ខណៈ​ជាប្រព័ន្ធ‍»។

អ្នកស្រី​ អេឡែនណា កូនិក​ (Helena Konig) ​អគ្គនាយករង​នៃ ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​ប្រាប់​ដល់​អង្គសវនាការ​នោះថាបើ​ទោះបី​ជា​សហភាព​អឺរ៉ុបនៅ​មិន​ទាន់​សម្រេច​ចិត្ត​ជាចុងក្រោយ​លើ​ឋានៈអនុគ្រោះពន្ធ​ ក៏ប៉ុន្តែ​គណៈក​ម្មការកំពុង​តែវិភាគ​លើ​ផល​ប៉ះ​ពាល់សេដ្ឋកិច្ច​ សង្គមកិច្ច​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ក្នុង​គ្រាដែល​ត្រូវ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធបើ​ទោះជា​ត្រូវព្យួរ​តែមួយ​ចំនួន​ឬ​ត្រូវ​ព្យួរ​ទាំងស្រុងក៏ដោយ​។ អ្នកស្រី​បាន​បន្ថែមថា​គណៈ​កម្មការក៏​គិត​គូរ​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ស្ត្រី​ធ្វើការនៅ​តាម​រោងចក្រ​ទាំងនោះផងដែរ។​

អ្នកស្រី​អេឡែនណា កូនិក​បាន​បន្ថែម​ថា៖

«ចំណុច​សំខាន់​គឺ​ថា​យើង​ចង់​ឃើញ​ប្រទេស​កម្ពុជា​គោរព​តាម​ការទទួល​ខុសត្រូវ​របស់​ខ្លួន​ដែល​មាន​នៅ​ក្នុង​កតិការសញ្ញា​អន្តរជាតិ។ យើង​ចង់​ឃើញ​ដំណើរការទៅមុខ។ ឱកាស​នៅ​មាននៅឡើយ។ ការដក​ឋានៈអនុគ្រោះពន្ធ​គឺ​ជា​វិធានការ​ចុងក្រោយ។ យើង​ចង់​ឱ្យ​ជៀសផុត​ពី​ជម្រើសនេះដោយសារ​តែ​ការអនុគ្រោះពន្ធ​គឺជា​យន្តការ​ជួយ​អភិវឌ្ឍ។ ការទទួល​ខុសត្រូវ​តាម​ច្បាប់នៃ​ឋានៈអនុគ្រោះពន្ធ​គឺ​ស្ថិត​នៅ​លើ​ដៃ​រដ្ឋាភិបាល​កម្ពុជា‍»។​

អ្នកស្រី​បាន​បន្ថែម​ថា​ផលប៉ះពាល់​គឺមិនមែនតែលើ​កម្មករ កម្មការិនី​ដោយផ្ទាល់ទេ​គឺ​នឹង​មាន​លើសមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ៖

«យើង​និយាយ​អំពី​មនុស្ស​៤ទៅ៥នាក់​នៅ​ក្នុង​គ្រួសារមួយ​ដែល​រស់បាន​ដោយសារ​ប្រាក់ខែ​ស្ត្រីទាំង​នោះ។ នេះ​គឺជា​ការវាយតម្លៃ​ដ៏​រសើប​បំផុត​ដោយ​ពិចារណា​លើ​ផលប៉ះពាល់ខាង​សង្គមកិច្ច‍»។​

អ្នកស្រី​ Paola Pampoloni នាយិការរង​គ្រប់គ្រង​ ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈ​កម្មការកិច្ចការបរទេស​សហភាព​អឺរ៉ុប​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​កម្ពុជាផ្លាស់ប្តូរ​ច្បាប់​គណបក្ស​នយោបាយ ច្បាប់​គ្រប់​គ្រង​សមាគម​និង​អង្គការ​សង្គមស៊ីវិល និង​ច្បាប់​ស្តីពី​សហជីព​ដើម្បី​ធានា​ឱ្យ​មាន​ស្ថិរភាព​និង​ភាព​ចម្រុង​ចម្រើន​នៅ​កម្ពុជា។​

អ្នកស្រី​បន្ថែម​ថា៖

«យើង​មានជំនឿ​ជាក់​ថា​ការគោរពសិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​មានសារៈសំខាន់​ក្នុងការ​ធានា​ស្ថិរភាព​ទាំងនោះ‍»។​

​ប្រទេស​កម្ពុជា​នាំទំនិញចូល​ទីផ្សារ​សហភាពអឺរ៉ុប​ជិត​៦ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​កើន​ឡើង​ចំនួន​ទ្វេដង​បើប្រៀបធៀប​នឹង​រយៈពេល​៥ឆ្នាំមុន។ ក្នុងចំនួន​នេះ​គឺ​ទំនិញ​៩៥​ភាគ​រយរួចពន្ធ​។ ទំនិញ​ដែល​នាំចូលភាគច្រើន​គឺ​ស្បែកជើង សម្លៀកបំពាក់ កង់ សម្ភារៈ​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ ស្ករស ​និង​អង្ករ។

លោកឯកអគ្គរាជទូត​កម្ពុជា ណុំ ពិសិដ្ឋ​បាន​បន្ថែម​ថា​អ្វីៗ​នឹង​ដំណើរការ​ជាជំហានៗ ដោយ​សារតែ​នីតិវិធី​ក្នុងការ​តាក់តែង​ច្បាប់​ត្រូវ​ការ​ពេល​វេលា​យូរ។

«យើង​នឹង​ធ្វើ​កិច្ចការទាំងនេះ​ជា​ជំហានៗ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លំហរ​នយោបាយ​និង​លំហរ​អង្គការ​សង្គម​ស៊ីវិល‍»។

ប្រទេស​កម្ពុជា​មានពេល​រហូតដល់ថ្ងៃទី​១២ខែ​ធ្នូ ដើម្បី​ដោះស្រាយ​និង​ឆ្លើយតប​តាមការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប។ យ៉ាងណាក៏ដោយ​ បើ​មានការព្យួរឋានៈអនុគ្រោះពន្ធ​មែន​គឺ​នឹង​ចាប់ផ្តើម​ចូល​ជាធរមាន​នៅ​ថ្ងៃទី​១២ខែ​សីហា ឆ្នាំ​២០២០៕