សហភាព​អឺរ៉ុប​ទន្ទឹង​រង់ចាំ​ការអះអា​ជាថ្មី​​ពី​អនុប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​ទស្សនកិច្ច​ដែល​នឹង​មក​ដល់

លោក​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence នៅ​ខណៈ​លោក​មក​ដល់​សេត​វិមាន​កាល​ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។

អនុប្រធានាធិបតី​អាមេរិក ​លោក ​Mike Pence ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ប៊ែលហ្ស៊ិក​និង​ជួប​ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប។ ចំណង​ទាក់​ទង​ខាង​សេដ្ឋកិច្ច​និង​ការ​ប្តេជ្ញា​ខាង​សន្តិសុខ​ពី​អាមេរិក​ចំពោះ​អឺរ៉ុប នឹង​ក្លាយ​ជា​របៀបវារៈ​កំពូល​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។

អឺរ៉ុប​សង្ឃឹម​ថា​នឹង​រឹត​ចំណង​រវាង​បណ្តា​ប្រទេស​នៅ​ជាប់​មហាសមុទ្រ​អាត្លង់ទិច​ជាមួយ​នឹង​សេតវិមាន​ឡើង​វិញ ចាប់​តាំង​ពី​រដ្ឋបាល​អាមេរិក​ថ្មី​ឡើង​កាន់​តំណែង​កាល​ពី​ខែ​មុន​រួច​មក។ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​មាន​ការព្រួយ​បារម្ភ។ ជា​ឧទាហរណ៍ ​លោក​គាំ​ទ្រ​ឲ្យ​ចក្រភព​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

លោក​ James Mattis ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​លោក ត្រាំ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីស្នាក់ការ​អង្គការ​អូតង់​នៅ​ក្នុង​រាជធានី​ប៊្រុចសែល​ កាល​ពី​ដើម​សប្តាហ៍​នេះ។ លោក​បាន​អះអាង​ជា​ថ្មី​ឡើង​វិញ​ចំពោះ​ជំហរ​របស់​លោក ត្រាំ​ ដែល​ថា​សមាជិក​ដទៃ​ទៀត​របស់​អង្គការ​អូតង់​គួរ​តែ​បន្ថែម​ការ​ចំណាយ​ទៅ​លើ​ការ​ការពារ​របស់​ខ្លួន ​ប្រសិន​បើ​ពួកគេ​នៅ​ចង់​បាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​នោះ។ ​

អឺរ៉ុប​ក៏​មាន​ការព្រួយបារម្ភ​អំពី​ការស្ងើច​សរសើរ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី ​ទៅ​លើ​ដៃគូ​រុស្ស៊ី​របស់​លោក គឺ​លោក Vladimir Putin នៅ​ក្នុង​ខណៈ​ពេល​ដែល​ការប្រឈម​មុខ​ដាក់​គ្នា​នៅ​ប្រទេស​អ៊ុយក្រែន​នៅ​តែ​បន្ត ​ហើយ​យោធា​រុស្ស៊ី​បន្ត​មាន​វត្តមាន​នៅ​ព្រំដែន​អឺរ៉ុប​ប៉ែក​ខាង​កើត៕