មេដឹកនាំ​សហភាព​អឺរ៉ុប ស្វះស្វែង​រក​ច្រក​ឲ្យ​ជំនួយ​អាច​ចូល​ដល់​តំបន់​ហ្កាហ្សា​និង​ថ្លឹងថ្លែង​ជោគ​វាសនា​ពលរដ្ឋ​អឺរ៉ុប​នៅ​ទី​នោះ

ក្មេងៗ​រង់ចាំ​ជា​ជួរ​សម្រាប់​ការ​ចែកចាយ​អាហារ​នៅ​ក្នុង​ជំរំ​តង់​ដែល​ផ្លាស់​ទី​លំនៅ​ក្នុង​ទីក្រុង Khan Younis ភាគ​ខាង​ត្បូងតំបន់ Gaza ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ២០២៣។

មេដឹកនាំ​សហភាព​អឺរ៉ុប​កំពុង​ជជែក​ដេញ​ដោល​គ្នា​រក​វិធីប្រើ ប្រាស់​ធនធាន​រួម​របស់​ពួកគេ​ឲ្យ​ល្អ​បំផុត​ដើម្បី​ធានា​ថា​ជំនួយ​បន្ថែម​ទៀត​អាច​ទៅ​ដល់​ដៃ​ជនជាតិ​ប៉ាឡេស្ទីន​ដែល​ត្រូវ​ការ​ក្នុង​តំបន់​ហ្កាហ្សា។

ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​សហភាព​អឺរ៉ុប​ក៏​ចង់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជួយ​ពលរដ្ឋ​អឺរ៉ុប​ដែល​ជាប់​នៅ​ទី​នោះ​រួម​ទាំង​ពលរដ្ឋ​ខ្លះ​ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ផងដែរ។ បណ្តា​ប្រទេស​អឺរ៉ុប មាន​ការ​ខ្វែង​គំនិត​គ្នា​យូរ​មក​ហើយ​អំពី​វិធីសាស្ត្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​អ៊ីស្រាអែល​និង​ជនជាតិ​ប៉ាឡេស្ទីន។ ការវាយប្រហារ​ដ៏​ឃោរឃៅ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី​៧​ខែ​តុលា ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខ្វែង​គំនិត​គ្នា​ទាំងនោះ​ដែរ។

ពេល​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ប្រេសិត​ពិសេស​សហភាព​អឺរ៉ុប បាន​ពិចារណា​ថាតើ​ត្រូវ​អំពាវនាវ​ឲ្យ​មាន​«ការ​ផ្អាក​ជំនួយ​មនុស្ស​ធម៌»ឬ​ក៏​«ផ្អាក»​ការ​វាយប្រយុទ្ធ​គ្នា ដើម្បី​ឲ្យ​ជំនួយ​អាច​ចូល​ទៅ​ដល់​ទៅ​នោះ​បាន។ ជំនួយ​គឺ​ជា​ចំណុច​ខ្លាំងរបស់សហភាព​អឺរ៉ុប ព្រោះ​អឺរ៉ុប​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​ជាង​គេ​ដល់​ជនជាតិ​ប៉ាឡេស្ទីន។

ប្រេសិត​ពិសេស​សហភាព​អឺរ៉ុប ក៏​បាន​ពិចារណា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ថាតើ​ត្រូវ​អំពាវ នាវ​ឲ្យ​មាន​«ការ​ផ្អាក​ជំនួយ​មនុស្ស​ធម៌​មួយ​ឬ​ច្រើន» ឬ​ក៏​«បើក​ច្រក»​ក្នុង​ពេលប្រយុទ្ធ​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​អាច​ចូល​បាន។ ប្រទេស​គាំទ្រ​អ៊ីស្រាអែល​ខ្លាំង​ជាង​គេ បាន​ជំទាស់​ការ​ប្រើ​ភាសា​ណា​មួយ​ដែល​អាច​ត្រូវ​បាន​មើល​ឃើញ​ថា​រិត ត្បឹត​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល។

ទន្ទឹម​ពេល​គ្នា​នេះ ចំនួន​មនុស្ស​ស្លាប់​នៅ​ហ្កាហ្សា​ បាន​កើន​លើស៧០០០​នាក់​ហើយ។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ាឡេស្ទីន។ ចំនួន​អ្នក​អ្នក​ស្លាប់​នេះ ហួស​ពី​ការ​ស្មាន​ក្នុង​ជម្លោះ​ដែល​អូស​បន្លាយ​ពេល​រាប់​ទសវត្សរ៍​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ ស្ទីន៕

ប្រែសម្រួល​ដោយ សាយ មុន្នី