ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អុីស្រាអែល​វាយ​ប្រហារ​លើ​ទីតាំង​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា​និង​ទីតាំង​យោធា​នៅ​ស៊ីរី


ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​រង​របួស​នៅ​ក្នុង​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ក្រុង Deir Al-Balah ភាគ​ខាង​ត្បូង​នៃ​តំបន់​ហ្កាហ្សាស្រ្ទីព (Gaza Strip) នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៣។
ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​រង​របួស​នៅ​ក្នុង​ការទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ក្រុង Deir Al-Balah ភាគ​ខាង​ត្បូង​នៃ​តំបន់​ហ្កាហ្សាស្រ្ទីព (Gaza Strip) នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៣។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខ្លួន​បានវាយ​ប្រហារ​តាម​អាកាស​សំដៅ​លើ​ទីតាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ក៏​ដូចជា​លើ​ទីតាំង​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ផង​ដែរ។

យោធា​អ៊ីស្រាអែល​បាន​លើកឡើង​ថា គោលដៅ​នៃ​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្កាហ្សា​មាន​ដូចជា​រូង​ក្រោម​ដី​របស់​ក្រុម​ហាម៉ាស់​ ឃ្លាំង​សព្វាវុធ ​និង​ទីតាំងបាញ់​មីស៊ីល​ជាដើម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ស៊ីរី​បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​ស៊ីរី ៨ នាក់​និង​បាន​ធ្វើ​ឱ្យ​ទាហាន ៧ នាក់​ទៀត​រង​របួស​នៅ​ក្នុង​ខេត្ត Daraa។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​រ៉ុក្កែត​របស់​ស៊ីរី​លើ​អ៊ីស្រាអែល។

ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​ថា​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​អាច​រីក​កាន់តែ​ធំ​ក្លាយ​ទៅជា​សង្គ្រាម​ក្នុង​តំបន់។

អ៊ីស្រាអែល​បាន​ព្រមាន​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា (Hezbollah)​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​លីបង់​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​សង្គ្រាម​នេះ។

មេដឹកនាំ​ក្រុម​ហេសបូឡា​លោក Hassan Nasrallah បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រុម​ហាម៉ាស់​និង​ក្រុម​ជីហាដ (Jihad) ឥស្លាម​នៅ​ថ្ងៃ​ពុធ​នេះ។ សេចក្ដី​ថ្លែងការណ៍​មួយ​បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ទាំង​នេះ​បាន​ពិភាក្សា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​ឱ្យ​បាន​ជ័យជម្នះ​សម្រាប់ «ការ​តស៊ូ​នៅ​ក្នុង​តំបន់​ហ្កាហ្សា»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG