ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ថា ចិន​មាន​ចេតនា​សហការ​ជាមួយ​នឹង​អាមេរិក​ដោយ​ទប់​ការខ្វែង​យោបល់គ្នា


ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ (BRI) នៅ​មហាសាល​ប្រជាជន​ចិន (Great Hall of the People) ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ (BRI) នៅ​មហាសាល​ប្រជាជន​ចិន (Great Hall of the People) ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ភាគី​ទាំង​ពីរ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ និង​ធ្វើការ​រួម​គ្នា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន។

គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​សហរដ្ឋ​អាមេរិក​និង​ចិន​អាច​បង្កើត​ដំណោះស្រាយ «ត្រឹមត្រូវ» នៃ​ការ​ត្រូវរ៉ូវ​គ្នា​មាន​សារៈសំខាន់​ចំពោះ​ពិភពលោក​ ឬ​ក៏​អត់​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Xi នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​លើកឡើង​នៅ​ឯ​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​ជាតិ​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក-ចិន​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​ទីក្រុង New York។

ការ​អំពាវនាវ​របស់​លោក Xi ឱ្យ​មាន​ទំនាក់ទំនង​ទ្វេ​ភាគី​ដែល​មាន​ស្ថិរភាព​ជាង​មុន​ដែល​លោក Xi និយាយ​ថា ​គួរតែ​កសាង​ឡើង​លើ​គោលការណ៍​នៃ«ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ការ​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិវិធី​ និង​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ»​ នេះ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ​ធ្វើ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សប្ដាហ៍​នេះ។

ទស្សនកិច្ច​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​ខាង​មុខ​របស់​លោក Wang នេះ​នឹង​ក្លាយជាទំនាក់​ទំនង​ដោយ​ផ្ទាល់​កម្រិត​ខ្ពស់​បំផុត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក មុន​ពេល​ជំនួប​ដែល​គេ​រំពឹង​ទុក​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោក Xi ចូល​មក​ដល់​នៅ​ឯ​កិច្ច​ប្រជុំ​របស់​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ​ក្នុង​ទីក្រុង San Francisco៕

XS
SM
MD
LG