សហភាពអឺរ៉ុបបានចាប់ផ្តើមប្រតិបត្តិការថ្មីមួយនៅតំបន់សមុទ្រមេឌីទែរ៉ាណេភាគខាងត្បូងដើម្បីទប់ស្កាត់សកម្មភាពរត់ពន្ធមនុស្សតាមទូកហើយព្យាយាមចូលទៅក្នុងប្លុកនៃប្រទេសទាំងនោះដោយខុសច្បាប់។
កម្មវិធីដែលមានឈ្មោះថា «ប្រតិបត្តិការ Sophia» បានចាប់ផ្តើមនៅថ្ងៃពុធនេះ ដោយមាននាវាដែលត្រូវផ្តល់សិទ្ធិឱ្យឡើងឆែកឆេរ និងរឹបអូសយកនាវាណាដែលសង្ស័យថាកំពុងរត់ពន្ធមនុស្ស។
កាលពីពេលមុន សហភាពអឺរ៉ុបបានផ្តោតតែលើប្រតិបត្តិការរុករកនិងជួយសង្គ្រោះក្នុងតំបន់សមុទ្រប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំនេះពេលមានចំនួនជនភៀសខ្លួនហូរចូលយ៉ាងច្រើនពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងតំបន់ដទៃទៀត មានមនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងសមុទ្រ ក្នុងពេលដែលពួកគេព្យាយាមដើម្បីបានទៅដល់ច្រាំងនៅទ្វីបអឺរ៉ុប។
លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ និងលោកហ្វ្រង់ស្វ ហូឡង់ ប្រធានាធិបតីប្រទេសបារាំង គ្រោងនឹងមកបង្ហាញខ្លួននៅពីមុខសភាសហភាពអឺរ៉ុបនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាពីបញ្ហាអន្តោប្រវេសន៍ដោយសារមានជនចំណាកស្រុកច្រើនបំផុតបានមកដល់ប្រទេសនៅតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។
របាយការណ៍នានាឱ្យដឹងថា មានជនចំណាកស្រុកជាង១៣០.០០០នាក់បានឆ្លងដែនចូលមកដល់តំបន់អឺរ៉ុបតាមច្រកសមុទ្រអាហ្វ្រិកខាងជើងនៅក្នុងឆ្នាំនេះ។ ប៉ុន្តែមានមនុស្សប្រហែល២.៧០០នាក់ត្រូវបានគេជឿថា បានលង់ទឹកស្លាប់ក្នុងពេលធ្វើដំណើរមក៕