រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបបានអនុម័តផែនការនៅថ្ងៃអង្គារនេះដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នធម្មជាតិចំនួន១៥% ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់របស់រុស្ស៊ី។ កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការកាត់បន្ថយដោយស្ម័គ្រចិត្តនៅចន្លោះខែសីហា និងខែមីនា ហើយនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកស្តុកទុកការផ្គត់ផ្គង់មុនខែរដូវរងាចូលមកដល់ប៉ុន្មានខែខាងមុខនេះ។ ក្នុងករណីមានអាសន្ន សហភាពអឺរ៉ុបអាចកំណត់កាតព្វកិច្ចកាត់បន្ថយ ប៉ុន្តែមានការលើកលែងមួយចំនួនដែលត្រូវបានព្រមព្រៀងដែលជាផ្នែកមួយនៃការសម្រុះសម្រួលដើម្បីមានកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះក៏កើតឡើងចំពេលមានការរំពឹងទុកថា រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់សហភាពអឺរ៉ុបជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីដោយសារការលុកលុយអ៊ុយក្រែន។ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបាននិយាយថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀតទៅអឺរ៉ុប ដោយចាប់ផ្តើមពីថ្ងៃពុធ។ ក្រុមហ៊ុន Gazprom បាននិយាយថាការកាត់បន្ថយបណ្តាលមកពីការជួសជុល Nord Stream ដែលជាបំពង់បង្ហូរប្រេងប៉ុន្តែមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ការកាត់បន្ថយនេះមកពីរឿងនយោបាយ។
ដោយឡែកនៅថ្ងៃអង្គារនេះដែរយោធាអ៊ុយក្រែនបានរាយការណ៍ថា មីស៊ីលរុស្ស៊ីបានវាយប្រហារតំបន់នានានៃឆ្នេរសមុទ្រខ្មៅអ៊ុយក្រែន។ ការវាយប្រហារនេះបាញ់ចំទីតាំងជាច្រើនរួមទាំងតំបន់ Odesa និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងទីក្រុង Mykolaiv។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Odesa បាននាំឱ្យមានសំណួរអំពីកិច្ចព្រមព្រៀងបន្តការនាំធញ្ញជាតិចេញពីតំបន់នោះ។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ីទំនងជាយល់ឃើញថា មីស៊ីលអ៊ុយក្រែនប្រឆាំងនាវាគឺជាការគំរាមកំហែងដ៏សំខាន់ រារាំងការព្យាយាមរបស់រុស្ស៊ីដណ្តើមយកទីក្រុង Odesa ដោយប្រើកងនាវានៅសមុទ្រខ្មៅ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters