ប្រធានាធិបតីប្រទេសហ្វាំងឡង់លោក Sauli Niinisto និងនាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់លោកស្រី Sanna Marinនៅថ្ងៃព្រហស្បតិ៍នេះបានសម្តែងនូវការយល់ព្រមរបស់គេក្នុងការចូលរួមជាមួយអង្គការអូតង់ដែលជាចំណាត់ការមួយក្នុងការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសនេះក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅក្នុងសេក្តីថ្លែងការណ៍រួមគ្នាមួយ មេដឹកនាំទាំងពីររូបនៃប្រទេសនេះបាននិយាយថា៖ «ការចូលជាសមាជិករបស់អង្គការអូតង់នឹងពង្រឹងនូវសន្តិសុខរបស់ហ្វាំងឡង់។ ក្នុងនាមជាសមាជិករបស់អង្គការអូតង់ ហ្វាំងឡង់នឹងពង្រឹងសម្ពន្ធភាពការពារជាតិទាំងមូល។ ហ្វាំងឡង់ត្រូវតែដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការអូតង់ ដោយមិនត្រូវពន្យារពេលនោះឡើយ។ យើងសង្ឃឹមថា ជំហាននានាក្នុងស្រុកដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះនឹងត្រូវធ្វើឡើងជាបន្ទាន់ក្នុងពេលពីរបីថ្ងៃខាងមុខនេះ»។
មេដឹកនាំទាំងពីរបាននិយាយថា ពួកគេបានសម្រេចចិត្តរួមគ្នា ក្រោយពីទុកពេលឱ្យសភាហ្វាំងឡង់និងសាធារណជនពិចារណាបញ្ហានេះនិងដើម្បីពិភាក្សាគ្នាជាមួយអង្គការអូតង់ និងប្រទេសស៊ុយអែតដែលនៅក្បែរខាង។
ទន្ទឹមនេះដែរ មន្ត្រីនៅក្នុងប្រទេសស៊ុយអែតត្រូវគេរំពឹងថា នឹងពិចារណាការដាក់ពាក្យសុំចូលអង្គការអូតង់នេះផងដែរក្នុងពេលឆាប់ៗខាងមុខនេះ។
អគ្គលេខាធិការអង្គការអូតង់លោកJens Stoltenbergបាននិយាយកាលពីចុងខែមេសាកន្លងទៅថា ប្រសិនបើហ្វាំឡង់និងស៊ុយអែតចង់ដាក់ពាក្យចូលជាសមាជិករបស់អង្គការអូតង់នោះ «ប្រទេសទាំង២នឹងទទួលបានការស្វាគមន៍ហើយខ្ញុំសង្ឃឹមថា ដំណើរការពិនិត្យមើលពាក្យសុំចូលនោះនឹងដំណើរការដ៏ឆាប់រហ័ស»។
ប្រទេសរុស្ស៊ីបានព្រមានប្រឆាំងនឹងការពង្រីករបស់អង្គការអូតង់ហើយធ្លាប់បាននិយាយកាលពីខែមីនាកន្លងទៅថា ប្រសិនបើប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិករបស់អង្គការនេះនោះវានឹងមានផលវិបាកខាងយោធានិងនយោបាយដ៏ធ្ងន់ធ្ងរ»។
ការប្រយុទ្ធដើម្បីអ៊ុយក្រែនមានហួសពីសមរភូមិទៅទៀតកាលពីថ្ងៃពុធម្សិលមិញ ដោយរដ្ឋាភិបាលក្រុងកៀវបានកាត់ផ្តាច់បំពង់បង្ហូរឧស្ម័នធម្មជាតិរបស់រុស្ស៊ីដែលផ្គត់ផ្គង់ទៅឱ្យលំនៅដ្ឋាននិងឧស្សាហកម្មនៅអឺរ៉ុប ខណៈដែលមន្ត្រីដែលបានដាក់បន្ទុកដោយរដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូងបាននិយាយថា រដ្ឋាភិបាលរុស្ស៊ីត្រូវតែកាន់កាប់តំបន់ Kherson បន្ទាប់ពីកងទ័ពរុស្ស៊ីបានត្រួតត្រាតំបន់នោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAP, AFPនិង Reuters។