ភាព​តានតឹង​ដោយ​បញ្ហា​ជាតិពន្ធុ​ធ្វើ​ឲ្យ​ខូច​កិច្ចប្រឹងប្រែង​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម

រូបភាព​​នៃ​ជន​ភៀសខ្លួន​ស៊ីរី​ដែល​ត្រូវ​បាន​ថត​ចេញ​ពី​ប្រទេស​តួកគី​ នៅពេល​ពួក​គេ​ត្រឡប់​ក្រោយ​ទៅកាន់​ប្រទេស​ស៊ីរី​វិញ​ ក្រោយពី​រង់​ចាំ​អស់​ជា​ច្រើន​ម៉ោង​ក្នុង​បំណង​ឆ្លង​ចូល​ទៅ​ប្រទេស​តួកគី​ នៅ​ក្នុង​ខេត្ត​ Sanliurfa ​ភាគ​​អាគ្នេយ៍​នៃ​ប្រទេស​តួកគី​ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។

ភាព​តាន​តឹង​ផ្នែក​ជាតិពន្ធុ​ (ជនជាតិ​ភាគ​តិច) ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ហាក់​ដូច​ជា​កំពុង​ធ្វើ​ឲ្យ​ខូច​ដំណើរ​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ជម្នះ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម។ យោធា​របស់​អ៊ីរ៉ាក់​ពឹង​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កង​ជីវពល​ស៊ីវិល​ ដើម្បី​បណ្តេញ​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​ចេញ​ពី​ភាគ​ខាង​ជើង​នៃ​ប្រទេស។​ ក៏ប៉ុន្តែ​ចំពេល​ដែល​ក្រុម​អំបូរ​ផ្សេងៗ​ប្រដាប់​ដោយ​អាវុធ​កំពុង​វាយ​ប្រហារ​យក​ទឹក​ដី​ពី​ក្រុម​ភេរវជន​មក​វិញ​នោះ​ ពួកគេ​ក៏​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​គ្នា​ដែរ ដែល​ការ​ប៉ះទង្គិច​នេះ​បាន​បន្ថែម​បន្ទុក​ទៅ​លើ​វិបត្តិ​មនុស្ស​ធម៌​ដែល​កំពុង​តែ​រីក​កាន់​តែ​ធំ។

នៅ​ខណៈ​ដែល​កងកម្លាំង​យោធា​ Kurds ប្រុងប្រៀប​បើក​ការវាយប្រហារ​ដ៏​ធំមួយ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី​នោះ​ ប្រជាជន​ស៊ីវិល​ជា​ច្រើន​រយនាក់​កំពុង​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​តួកគី (Turkey)។ មន្ត្រី​តួកគី​ម្នាក់​បាន​ចោទ​ប្រកាន់​ពួក​អំបូរ Kurds ​ថា​ បាន​បណ្តេញ​ជន​អារ៉ាប់​ចេញ​ពី​តំបន់​ដែល​ពួក​គេ​បាន​គ្រប់គ្រង។ ស.រ.អា​គាំទ្រ​អំបូរ​ Kurds ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​អ៊ីស្លាម ក៏​ប៉ុន្តែ​បាន​ព្រមាន​ផង​ដែរ​ថា​ អំពើហិង្សានិកាយ​អាច​នឹង​កើត​មាន​ឡើង។

«យើង​បាន​លើក​ឡើង​អំពី​ក្តីបារម្ភ​នេះ។ មាន​សេចក្តី​រាយការណ៍​អំពី​បញ្ហា​នេះ​រួច​មក​ហើយ​កាល​ពី​មុន​ ហើយ​យើង​ក៏​បាន​លើក​ឡើង​ក្តី​បារម្ភ​អំពី​បញ្ហា​នេះ​ជាមួយ​ពួកគេរួច​ហើយ​ដែរ»។

ទន្ទឹម​នឹង​នេះ​ដែរ សមាជិក​នៃ​អំបូរ​ភាគតិច​ Druze​ នៅ​ប៉ែក​មជ្ឈិម​បូព៌ា​បាន​អំពាវនាវសហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ការពារ​បងប្អូនរបស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ជាទី​ដែល​ពួក​រណសិរ្ស​ al-Nusra ​បាន​សម្លាប់​ជន​ជាតិ​ Druze ​អស់​ចំនួន​២០​នាក់។

«ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ននេះ​គួរឲ្យ​ព្រួយ​បារម្ភ​ណាស់។ យើង​ទាំង​អស់​គ្នា​មាន​ការ​ព្រួយបារម្ភ អំពី​សមាជិក​អំបូរ​ Druze ​នៅ​ទីនេះ​ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​លីបង់​ដែរ។ យើង​ឃ្លាំ​មើល​ស្ថានភាព​នេះ​មិន​ដាច់​ពី​ភ្នែក​នោះ​ទេ»។

មាន​ក្រុម​ផ្សេងៗ​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ និង​ក្រុម​រណសិរ្ស​ al-Nusra ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​រួម​មាន​ទាំង​កងកម្លាំង​រដ្ឋាភិបាល​ផង។ ក៏ប៉ុន្តែ​ ពួកគេ​ក៏​កំពុង​តែ​វាយ​ប្រហារ​គ្នា​ផងដែរ។ រដ្ឋាភិបាល​ស៊ីរី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ bashar al-Assad ដែល​ជា​សមាជិក​មួយ​រូប​នៃ​និកាយ​ Alawite ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អំបូរ​ជាតិ​ Druze ​ជាច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អ្នក​ប្រឆាំង​ ហើយ​និង​ក្រុម​ភេរវជន​នៅ​ក្នុង​ប្រទេស​ស៊ីរី។

មន្ត្រី​ស៊ីរី​ម្នាក់​បាន​ចោទ​ប្រកាន់​ប្រទេស​តួកគី​កាល​ពី​ដើម​សប្តាហ៍​នេះ​ អំពី​ការ​ហ្វឹកហ្វឺន ​និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ស៊ីរី។

«មាន​តម្រូវ​ការ​ចាំបាច់ក្នុង​ការ​បញ្ឈប់​ការ​អន្តរាគមន៍​របស់​ក្រុម​សន្តិសុខ​ និង​កង​ទ័ព​តួកគី​ដែលគាំទ្រ​ក្រុម​ភេរវជន​ មិន​ថា​តាមរយៈ​ការ​ធ្វើ​អន្តរាគមន៍​ឆ្លង​ព្រំដែន​ ឬ​ដោយ​ការ​ចូល​រួម​ក្នុង​ការ​វាយប្រយុទ្ធផ្សេងៗ​ ដែល​ក្រុម​ទាំងនេះ​ធ្វើ​ការ​វាយប្រហារ​ដោយ​មាន​ជំនួយ​ពី​តួកគី»។

ភាព​តានតឹង​ក្នុង​បណ្តា​ក្រុម​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​បាន​បន្ថែម​ការ​លំបាក​ជាច្រើន​ក្នុង​ការ​វាយ​ប្រហារ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ភេរវជន​ដទៃទៀត​ ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ស្ថិរភាព​ឡើង​វិញ៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង