លោក​ Erdogan​​ ប្តេជ្ញា​«បណ្តេញ​ពួក​ភេរវជន»​ពី​ព្រំដែន​ស៊ីរី​ប្រសិន​បើ​ពួក​ Kurd មិន​ចេញ​ពី​ទី​នោះ​ទេ

ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៤ តុលា ២០១៩ នៅ​ឯ​វិមាន​ប្រធានាធិបតី ក្នុងទីក្រុង​អង់ការ៉ា ប្រទេស​តួកគី។

ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan​ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ កង​យោធា​ប្រទេស​លោក​នឹង​«បណ្តេញ​ពួកភេរវជន»​ពី​ព្រំដែន​ខ្លួន​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ ប្រសិនបើ​ពួក​ជីវពល​ YPG Kurd ​មិន​ចាក​ចេញពី​ទីនោះ​មិនឱ្យ​ហួស​ពី​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​ដែលប្រទេស​តួកគី​ និង​ប្រទេស​រុស្ស៊ី​បាន​យល់​ស្រប​គ្នា​កាល​ពី​ដើម​សប្តាហ៍​នេះ។

ពេល​កំណត់​ចុង​ក្រោយ​បង្អស់​នៅ​ម៉ោង​មួយ​រសៀល​ម៉ោង​សាកល​នៅ​ថ្ងៃ​អង្គារ​បាន​ត្រូវ​កំណត់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ដោយ​លោក ​Erdogan​ និង​ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅ​ឯក្រុង​សម្រាក​កាយ Sochi ជាប់នឹង​ឆ្នេរ​សមុទ្រ​ខ្មៅ។ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ​ពួកប៉ូលិស​ យោធា​របស់​ពួក​គេ​និង​កងឆ្មាំ​ព្រំដែន​ស៊ីរី​នឹង​«សម្រួល​ការបញ្ជូន»​ពួក​ជន​អំបូរ​ Kurd​ ចេញ​ពី​ចម្ងាយ​៣០គ.ម.​ពី​ព្រំដែន។

រដ្ឋាភិបាល​ក្រុងអង់ការ៉ា​ បាន​ពោល​អះអាង​ថា ​ពួក YPG ​ជា​ក្រុម​ភេរវជន​ហើយ​បាន​រិះគន់​ខ្លាំង​ដល់​ស.រ.អា.​ដែល​បាន​គាំទ្រ​កង​ជីវពល​នេះ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្រោម​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរីនៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម។ លោក​ Erdogan ​ក៏​បាន​ដាស់​តឿន​ដល់​វិស័យ​សន្តិសុខ​អន្តរជាតិ​ឱ្យ​គាំទ្រ​ការ​ផ្តើម​គំនិត​របស់​តួកគី​ ក្នុង​ការ​បង្កើត​តំបន់​សុវត្ថិភាព​មួយ​សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរី​ជាង​៣លាន​៥​សែន​នាក់​ដែល​នៅ​ពេល​នេះ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​តួកគី។

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ស.រ.អា.​នឹង​បង្កើន​កង​កម្លាំង​ខ្លួន​ដែល​ការពារ​វាល​ប្រេង​និង​កន្លែង​បូម​ប្រេង​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី​ពី​ពួក​ភេរវជន​រដ្ឋ​ឥស្លាមទោះ​ណា​ជា​ទាហាន​ភាគច្រើន​របស់ខ្លួន​កំពុង​ត្រូវ​ដក​ចេញ​ពី​ស៊ីរី​ក៏​ដោយ៕