លោក Erdogan កំពុង​ស្ថិត​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ដើម្បី​​ដោះស្រាយ​ជម្លោះ​​ប្រទេស​កាតា​

ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (ឆ្វេង) ជួប​ជាមួយ​ស្តេច​ Salman នៅ​ទីក្រុង Jiddah ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា។

យន្តហោះ​របស់​លោក​ប្រធានាធិបតី​តួកគី ​លោក​ Recep ​Tayyip Erdogan ​បាន​ចុះ​ចត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ចាប់​ផ្តើម​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក ដែល​មាន​គោល​បំណង​ដោះស្រាយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​កាតា​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ និង​បណ្តា​ប្រទេស​ដែល​នៅ​ជិត​ខាង​នោះ។

លោក ​Erdogan បាន​មាន​ប្រសាសន៍​នៅ​ឯ​អាកាសយានដ្ឋាន​ក្រុង​អ៊ីស្តង់ប៊ុលមុន​ពេល​ចេញ​ដំណើរ​ថា៖ «គ្មាន​នរណា​ម្នាក់​ចង់​អូស​បន្លាយ​វិបត្តិ​នេះ​បន្ត​ទៅ​ទៀត​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​របស់​យើង​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​តំបន់​នេះ»។

លោក Erdogan បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ទីក្រុង​កំពង់ផែ Jeddah ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​នៅ​ទីនោះ​លោក​បាន​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​ស្តេច​ Salman bin Abdulaziz ​និង​រាជបុត្រ​គ្រង​រាជ Mohammed bin Salman។
បន្ទាប់​មក​ទៀត​ ​ប្រធានាធិបតី​តួកគី​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​គុយវេត ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក Sheikh Sabah al-Ahmad al-Sabah។ ក្រោយ​ពី​ជំនួប​នេះ​ហើយ លោក Erdogan នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​នេះ​គឺ​លោក ​Sheikh Tamim bin Hamad Al-Thani។

ប្រទេស​អារ៉ាប៊ីសាអូឌីត ​ប្រទេស​អារ៉ាប់រួម និង​ប្រទេស​បារ៉ែន​បាន​កាត់​ផ្តាច់​ចំណង​ទាក់​ទង​ជាមួយ​នឹង​ប្រទេស​កាតា។ ប្រទេស​ទាំង​នេះ​កំពុង​តែ​ដាក់​ទណ្ឌកម្ម​ផ្លូវ​គោក​និង​ផ្លូវ​សមុទ្រ​លើ​ប្រទេស​កាតា​ ដោយ​ចោទប្រកាន់​ថា ប្រទេស​កាតា​ដែល​សំបូរ​ទៅ​ដោយ​ប្រេង​នេះ គាំទ្រ​ដល់​ក្រុមជ្រុល​និយម​និង​ធ្វើ​ឲ្យ​តំបន់​នេះ​គ្មាន​ស្ថិរភាព ប៉ុន្តែ​ប្រទេស​កាតា​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ៕