តុលាការឧទ្ធរណ៍មួយនៃប្រទេសអេហ្ស៊ីប(Egypt) បាននិយាយថា លោក ហ៊ូស្នី មូប៉ារ៉ាក់ (Hosni Mubarak) និងកូនប្រុសលោកពីរនាក់នឹងត្រូវកាត់ក្តីសារជាថ្មីនៅក្នុងករណីគៃបន្លំប្រាក់កាសដែលបាននាំឲ្យពួកគេទទួលការកាត់សេចក្តីឲ្យមានទោសជាប់គុកច្រើនឆ្នាំកាលពីឆ្នាំទៅមិញ។
តុលាការដែលមានមូលដ្ឋាននៅក្នុងក្រុងគែរ (Cairo) បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលនេះជាចំណាត់ការមួយក្នុងការកាត់បន្ថយការដាក់ទោសដែលនៅសេសសល់តែមួយគត់ប្រឆាំងនឹងលោក មូប៉ារ៉ាក់។
ប្រភពពីតុលាការបាននិយាយថា លោក មូប៉ារ៉ាក់ ដែលនៅពេលនេះកំពុងជាប់ឃុំឃាំងនៅក្នុងមន្ទីរពេទ្យយោធាមួយអាចត្រូវដោះលែងនៅពេលណាមួយ។ ក៏ប៉ុន្តែ មន្ត្រីសន្តិសុខមា្នក់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន MENA ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការនៃប្រទេសអេហ្ស៊ីបថា ការណ៍នេះអាចនឹងកើតមានឡើងបានតែនៅពេលណាដែលតុលាការបញ្ជាឲ្យមានការដោះលែងលោកតែប៉ុណ្ណោះ។
តុលាការថ្នាក់ទាបមួយបានរកឃើញថា លោកអតីតប្រធានាធិបតីអេហ្ស៊ីបនិងកូនប្រុសទាំងពីរនាក់របស់លោកមានទោសកាលពីខែឧសភា ដោយបាននិយាយថា ពួកគេបានគៃបន្លំប្រាក់ប្រមាណ១៧លានដុល្លារដើម្បីប្រើប្រាស់សម្រាប់ជួសជុលវិមានប្រធានាធិបតី។
លោក មូប៉ារ៉ាក់ ដែលមានអាយុ៨៦ឆ្នាំកំពុងជាប់ទោសឃុំឃាំងបីឆ្នាំនៅក្នុងមន្ទីរពេទ្យយោធាមួយ ចំណែកឯកូនប្រុសលោកឈ្មោះ Alaa និង Gamal បានទទួលទោសជាប់គុកម្នាក់ៗបួនឆ្នាំ៕