តុលាការមួយក្នុងប្រទេសអេហ្ស៊ីប បានកាត់ទោសប្រហារជីវិតលោក Mohammed Badie មេដឹកនាំពួកភាតរភាពអ៊ីស្លាម (Muslim Brotherhood) និងចុងចោទ១៣នាក់ទៀតពីបទញុះញង់ឱ្យមានអំពើហិង្សា។
ការកាត់ទោសកាលពីថ្ងៃសៅរ៍ក៏មានរួមបញ្ចូលផងដែរនូវទោសជាប់គុកមួយជីវិតសម្រាប់លោក Mohammad Soltan ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើត អេហ្ស៊ីប ដែលមានទោសពីបទគាំទ្រពួកជនសកម្មប្រយុទ្ធ។
ក្រសួងការបរទេសរបស់ស.រ.អា.បាននិយាយថា ខ្លួន«ស្រងាកចិត្តយ៉ាងខ្លាំង»ចំពោះការកាត់ទោសលោក Soltan ហើយក៏ខ្វល់ខ្វាយដែរអំពីសុខភាពនិងការឃុំឃាំងលោក។ ក្រសួងការបរទេសអាមេរិកាំងបានអំពាវនាវដល់អាជ្ញាធរអេហ្ស៊ីបឱ្យដោះលែងលោក Soltan ដោយសារហេតុផលមនុស្សធម៌។
ចុងចោទទាំងនោះ អាចតវ៉ាទ្បើងឧទ្ធរណ៍ដែលជាដំណើរការមួយមានរយៈពេលច្រើនឆ្នាំ។ បុរសទាំងនេះឋិតនៅក្នុងចំណោមក្រុមជនរាប់ពាន់នាក់ដែលត្រូវបានចាប់ឃុំឃាំងនៅក្រោយការបណ្តេញលោកប្រធានាធបតីអ៊ីស្លាមនិយម Mohamed Morsi ចេញពីតំណែងកាលពីឆ្នាំ២០១៣៕