ផលិតករ​ខ្សែភាពយន្ត​ឯកសារ​យល់​ព្រម​តាមការ​អញ្ជើញ​របស់​សាលាក្តី​ប៉ុន្តែ​មាន​លក្ខខណ្ឌ

បងធំទី២ នួន ជា អង្គុយ​ក្បែរ​​​អ្នក​យក​ព័ត៌មាន​លោក ថេត សម្បត្តិ នៅ​ក្នុង​​រូបថត​នេះ​ដែល​យក​ពី​ភាពយន្ត​ឯកសារ​ «សត្រូវ​​របស់​ប្រជាជន»។

ផលិតករ​ភាព​យន្តឯកសារស្តី​ពី​ក្បាល​ម៉ាស៊ីន​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​លោក ថេត សម្បត្តិ​បាន​បញ្ជាក់​ថា លោក​សុខចិត្ត​សហការ​ជាមួយ​នឹង​សាលាក្តី​ខ្មែរ​ក្រហម​ហើយ​ចូលរួម​ផ្តល់​សក្ខីកម្ម​ប្រសិន​បើ​សាលាក្តី​នេះ​ទុក​ពេល​វេលា​ឱ្យ​លោក​បាន​បំភ្លឺ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយពី​ការ​កាប់​សម្លាប់​ក្នុង​របប​វាលពិឃាត​នៅ​កម្ពុជា។

ការឆ្លើយតប​របស់​លោក​ ថេត សម្បត្តិ​ផលិត​ករ​ភាព​យន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន‍»​ បាន​ធ្វើ​ឡើង​បន្ទាប់ពី​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​មាន​ការគាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិបាន​សម្រេច​អញ្ជើញ​លោក​ឱ្យ​ចូលរួម​ផ្តល់​សក្ខីកម្ម​ទាក់ទង​នឹង​សំណុំរឿង​០០២​ វគ្គ​ទី២​ ប៉ុន្តែ​នៅ មិន​ទាន់​កំណត់​ថា​ត្រូវ​ចូល​ពេលណា​ទេ។

«ដូចខ្ញុំ​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​ពី​ខាងដើម​មក​គឺ​ថា​ឱ្យ​តែ ដើម្បី​រក​ការពិត​រកយុត្តិធម៌​សម្រាប់​ជនរងគ្រោះខ្មែរ​យើង​ ជន​ជាប់​ចោទ​ក៏ដោយ ឱ្យ​តែ​ធ្វើ​សម្រាប់​យុត្តិធម៌​ទាំងអស់​គ្នា​ខ្ញុំ​នឹង​ធ្វើ​ហើយ​ឱ្យ​ធ្វើ​ម៉េចការ​ធ្វើ​ហ្នឹង​ឱ្យ​ទូលំទូលាយ​។ ពាក្យ​ដែល​ខ្ញុំ​ថា​ទូលំ​ទូលាយ​មិន​មែន​យក​បួនដប់​សំណួរ​ឬ​២០​សំណួរ​មក​សួរ​ខ្ញុំ​ទេ​។ បើ​សិន​ជា​យក​តែ​ប៉ុណ្នឹង​មក​រក​យុត្តិធម៌​ឱ្យ​ជន​រងគ្រោះ​ជន​ជាប់​ចោទ​អត់​ឃើញ​ទេ‍»។

លោក ថេត សម្បត្តិ​បាន​ចំណាយ​ពេល​ជិត​១០ឆ្នាំ​ស្រាវជ្រាវ​ពី​របប​ខ្មែរក្រហម​ដោយ​ក្នុង​នោះ​មាន​ការជួប​សម្ភាស​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា ហើយ​បាន​ផលិត​ជា​ខ្សែភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​«សត្រូវរបស់ប្រជាជន‍» និង​បោះពុម្ភ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «នៅ​ពី​ក្រោយ​វាលពិឃាត‍»។ ភាពយន្ត​និង​សៀវភៅ​នេះ​រៀបរាប់​ពី​ក្បាល​ម៉ាស៊ីន​និង​ខ្សែសង្វាក់​របស់​របប​ខ្មែរក្រហម​ក្នុង​ការសម្លាប់​ពលរដ្ឋ​ខ្មែរ​និង​ការបោស​សម្អាត​ផ្ទៃក្នុង​នៃ​របប​ដ៏​មហា​ប្រល័យ​នេះ។

សាលាក្តី​ខ្មែរក្រហម​បញ្ជាក់​ក្នុង​ឯកសារ​សម្រេច​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖ «ភស្តុតាង​របស់​លោក​ថេត សម្បត្តិ អាច​ជួយ​ដល់​ការបញ្ជាក់​ការពិត​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ​ដែល​សហ​ព្រះរាជ​អាជ្ញា​និង​មេធាវី​ការពារ​ក្តី នួន ជា លើក​ឡើង​នៅ​ក្នុង​សំណើរ​របស់​គាត់‍»។ នេះ​បើ​តាម​ឯកសារ​ដែល​វីអូអេ​ទទួល​បាន។​

លោក​នេត្រ ភ័ក្ត្រា អ្នកនាំ ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេដែរថា៖

«ឯកសារ​របស់​គាត់​ត្រូវបាន​ដាក់​ចូល​ទៅក្នុង​សំណុំរឿង​ជាពិសេស​ព្រះរាជ​អាជ្ញា​ក៏បាន​លើកឡើង​ពីការ​សារភាព​មួយ​ចំនួន​របស់​លោក​នួន ជា​នៅ​ក្នុង​ឯកសារ​របស់​លោក​ថេត សម្បត្តិ​ហ្នឹង​គឺ​បង្ហាញ​ពី​ការទទួល​ផ្នែក​ព្រហ្មទណ្ឌ​របស់​គាត់​នៅ​ចំពោះ​មុខ​ឧក្រិដ្ឋ​កម្ម​អញ្ចឹង​ហើយ​បាន​ជា​សហ​ព្រះរាជ​អាជ្ញា​ទាមទារ​ឱ្យ​មាន​ការ​កោះហៅ​ ហើយ​យើង​សង្ឃឹម​ថា​លោក​ថេត សម្បតិ្ត​នឹង​ឆ្លើយតប​ទៅ​នឹង​ការកោះហៅ​របស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង‍»។​

ឯកសារ​របស់​សាលា​ក្តី ក៏​បាន​បន្ថែម​ទៀត​ថា៖«បើទោះបី​ជា​សក្ខីកម្ម​លោក ថេត សម្បត្តិ​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ទៅនឹង​អង្គហេតុ​ដែល​ត្រូវ​បាន​គ្រោង​សម្រាប់​ពេលក្រោយៗ​នៅក្នុង​សំណុំរឿង​០០២ វគ្គពីរ ក៏​ដោយ​ក៏​អង្គ​ជំនុំ​ជម្រះ​យល់​ឃើញ​ថា​វា​ជា​ការសមស្រប​ដែល​ត្រូវ​ស្តាប់​សក្ខីកម្ម​របស់​លោក​ថេត សម្បត្តិ​ក្នុង​អំឡុង​ពេល​ពិនិត្យ​លើ​អង្គហេតុ​ដំបូងៗ​ប្រសិន​បើ​គាត់​អាច​ចូលរួម​បាន​នោះ‍»។

សាលាក្តី​ខ្មែរក្រហម​ក៏​បាន​បញ្ជាក់​ពី​ចេតនា​ចង់​បាន​ឯកសារ​ភាពយន្ត​ផ្សេងៗ​ទៀត​ដែល​លោក​ថេត សម្បត្តិ​និង​សហ​ផលិតករ​រ៉ប់ លឹមគីន ដែល​ជាជន​ជាតិ​អង់គ្លេស​មាន​ផងដែរ។​

ពេលនេះ លោក​ថេត សម្បត្តិ ​កំពុងតែបន្តការសិក្សាស្រាវជ្រាវនៅ សហរដ្ឋ​អាមេរិក​និង​ផលិត​ខ្សែភាព​យន្ត​ឯកសារ​ទីពីរ។ លោក​បាន​បញ្ជាក់​ថាលោក​មិន​ជំទាស់​អ្វី​ទេ៖

«បើសិន​ឯកសា​រខ្ញុំ​ចេញមិន​ទាន់​ បើសិន​ជា​តុលាការ​ត្រូវ​ការ​ខ្ញុំ​មុន​ហើយ​ចាំ​បាច់​ត្រូវ​ឱ្យ​ខ្ញុំ​បំភ្លឺ​ហ្នឹង​ហើយ​ចាំ​បាច់​ឱ្យ​ខ្ញុំ​ទូលំ​ទូលាយ​ក្នុង​ការ​និយាយ។ នេះ​ទីមួយ។ ប៉ុន្តែ​បើសិន​ជា​រង់ចាំ​ឱ្យ​ឯកសារ​ខ្ញុំ​ទីពីរ​ចេញ​សិន​។​ នេះ​ជាការ​ពិសេស​ណាស់​ខ្ញុំ​នឹង​ពេញចិត្ត​នឹង​ការនិយាយ​ឯកសារ​ទីពីរ​ខ្ញុំ​ចេញ​ខ្ញុំ​ប្រគល់​ឱ្យ​អ្នក​ឯង​យក​ទៅមើល​ហើយ​ខ្ញុំ​នឹង​សហការ​បង្ហាញ​ទៀត​ថា​តើ​ការសម្លាប់​រង្គាល​សម័យ​៧៥-៧៩​នេះ​បងប្អូន​នឹង​បាន​ជ្រាប​ហើយ​ខ្ញុំ​ថា​តុលាការ​បើ​សិន​ជា​យុត្តិធម៌​មែន​ក៏​នឹង​សប្បាយចិត្ត​ហើយ​ដែល​បាន​ឃើញ​ឯកសារ​ដែល​ខ្ញុំ​ធ្វើ​នេះ‍»។​

កន្លងមក​សាលាក្តី​ក៏​ធ្លាប់​បាន​អញ្ជើញ​លោក​ថេត សម្បតិ្ត​ទៅ​ផ្តល់​សក្ខីកម្ម​ក្នុង​សំណុំរឿង​០០២​វគ្គ១​ដែរ​ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប​តាម​ការអញ្ជើញ។ សំណុំ​រឿង​០០២វគ្គមួយ​នេះ​បាន​ផ្តន្ទាទោស​នួន ជា ​អតីត​ប្រធាន​សភា​និង​ខៀវ សំផន​អតីត​ប្រមុខ​រដ្ឋ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិតប៉ុន្តែ​ត្រូវ​បាន​មេធាវី​ការពារក្តី​ប្តឹងជំទាស់។

បច្ចុប្បន្ន​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​តែ​ពីររូប​ប៉ុណ្ណោះ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​ជំនុំជម្រះ​ ទោស​គឺ​នួន ជា ​និង​ខៀវ សំផន។ រីឯ​មេដឹក​នាំ​ដទៃ​ទៀត​បាន​ស្លាប់​និង​ម្នាក់​មាន​ជំងឺ​វង្វេងវង្វាន់​បាត់​បង់​ស្មារតី។

របបខ្មែរ​ក្រហម​ដែល​កាន់​កាប់​ប្រទេស​កម្ពុជា​ពីខែ​មេសា​ឆ្នាំ​១៩៧៥ ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​យ៉ាងហោច​ណាស់​១,៧​លាននាក់​ស្លាប់​បាត់បង់​ជីវិត៕