រថភ្លើងមួយគ្រឿងដែលផ្ទុកពេញទៅដោយជនភៀសខ្លួន ត្រូវបានគេទទួលអបអរសាទរ ពេលដែលវាបានមកដល់ស្ថានីយ Westbahnhof ក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស។
ការស្វាគមន៍នេះ មានន័យថាជាភាពកក់ក្តៅសម្រាប់លោក Abdulmalikl al Khaled និស្សិតពេទ្យម្នាក់ ដែលបានរត់គេចខ្លួនពីប្រទេសស៊ីរី ហើយត្រូវបានជាប់គាំងអស់ជាច្រើនថ្ងៃនៅប្រទេសហុងគ្រី ជាកន្លែងដែលលោកមានអារម្មណ៍ថា មិនត្រូវបានគេស្វាគមន៍ឡើយ។
«ប្រសិនបើខ្ញុំមិនចង់បញ្ចប់ការសិក្សារបស់ខ្ញុំទេ ខ្ញុំចង់ស្នាក់នៅទីនេះ។ ប៉ុន្តែ ប្រទេសអាល្លឺម៉ង់អាចនឹងល្អប្រសើរជាងនៅទីនេះក្នុងការបញ្ចប់ការសិក្សារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនឹងធ្វើដំណើរទៅទីនោះ។ បើតាមគំនិតខ្ញុំ ខ្ញុំយល់ថាទីនេះល្អ។ មើលទៅ គ្រប់គ្នាត្រូវបានទទួលស្វាគមន៍នៅក្នុងប្រទេសនេះ»។
អ្នកស្ម័គ្រចិត្តជនជាតិអូទ្រីសបានផ្តល់តែនិងបារី
នៅទូទាំងទ្វីបអឺរ៉ុប មានការព្រួយបារម្ភអំពីការហូរចូលនេះ រហូតដល់អ្នកខ្លះនិយាយថា វាអាចផ្លាស់ប្តូរមុខមាត់នៃទ្វីបនេះជារៀងរហូត។ ក៏ប៉ុន្តែ ចំពោះអ្នកស្ម័គ្រចិត្តដែលកំពុងផ្តល់ស្ករគ្រាប់វិញយល់ថា មានក្តីព្រួយបារម្ភធំៗជាងនេះ សម្រាប់ពេលឥឡូវនេះ។
«ខ្ញុំពិតជាមិនដឹងពីរូបភាពធំនៃបញ្ហានេះជាអ្វីទេ ប៉ុន្តែឥឡូវនេះ យើងត្រូវថែរក្សាមនុស្ស ផ្តល់អាហារឲ្យពួកគេ ផ្តល់ទឹកឱ្យពួកគេផឹក ផ្តល់ទីជម្រកសម្រាប់ពួកគេ និងអនុញ្ញាតឱ្យពួកគេឆ្លងកាត់»។
អាជ្ញាធរអូទ្រីសបានធ្វើឱ្យប្រាកដថា ការឆ្លងកាត់ត្រូវធ្វើឡើងឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព ដោយការផ្ទេរជនភៀសខ្លួនភ្លាមៗតាមរថភ្លើងឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់។
នៅក្នុងកន្លែងរង់ចាំមួយ Abdulmalik និងបងប្អូនជីដូនមួយរបស់គាត់ កំពុងសាកថ្មទូរស័ព្ទរបស់ពួកគេ។ គាត់មានបងប្អូនជីដូនមួយយ៉ាងហោចណាស់ម្នាក់ទៀត ដែលកំពុងរង់ចាំតាមផ្លូវក្នុងប្រទេសម៉ាសេដ្ឋាន (Macedonia)។ នៅពេលដែលគាត់សាកថ្មទូរស័ព្ទពេញហើយ គាត់ទទួលដំណឹងល្អថា គាត់បានឆ្លងផុតពីប្រទេសហុងគ្រី ហើយកំពុងស្ថិតនៅក្នុងប្រទេសអូទ្រីស។
«ខ្ញុំប្រាប់គាត់ថា នៅពេលគាត់បានមកដល់ទីនេះ នៅទីនេះមានភាពប្រសើរជាងប្រទេសផ្សេងទៀត។ ខ្ញុំនឹងប្រាប់គាត់បែបនេះ»។
ក្រោយពីបានឆ្លងកាត់ទុក្ខលំបាកក្នុងប្រទេសហុងគ្រីរួចមក ពេលនេះផ្លូវថ្នល់មានសភាពរលូនជាងមុនសម្រាប់មនុស្សរាប់ពាន់នាក់ដែលមកដល់រដ្ឋធានីវីយែន និងកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយផ្លូវថ្នល់ក៏មានសភាពរលូនជាងមុនដែរសម្រាប់មនុស្សជាច្រើនទៀត ដែលត្រូវបានលើកទឹកចិត្តក្នុងការធ្វើដំណើរបែបនេះ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង