សភាសហរដ្ឋអាមេរិកបានធ្វើការគោរពវិញ្ញាណក្ខន្ធបព្វជិត Billy Graham មេដឹកនាំគ្រឹស្តសាសនានិកាយ Evangelist ដ៏ល្បីល្បាញម្នាក់កាលពីថ្ងៃទី២៨ ខែកុម្ភៈដោយមានពិធីតម្កល់សពនៅអាគារសភាសហរដ្ឋអាមេរិក។
លោក Grahamដែលបានទទួលមរណៈភាពក្នុងជន្មាយុ៩៩ឆ្នាំកាលពីសប្តាហ៍មុន ជាមេដឹកនាំសាសនាដ៏ល្បីល្បាញម្នាក់នៅសតវត្សរ៍ទី២០ហើយបានដើរតួនាទីដ៏សំខាន់មួយក្នុងការណែនាំគ្រឹស្តសាសនានិកាយ Evangelist ចូលក្នុងចរន្តនយោបាយអាមេរិក។ លោក Graham បានបន្សល់ទុកកេរ្តិ៍ដំណែលដ៏ស្មុគ្រស្មាញសម្រាប់ស្រ្តី មនុស្សស្រឡាញ់ភេទដូចគ្នាហើយនឹងតួនាទីសាសនាក្នុងនយោបាយ។
នេះជាកិត្តិយសដ៏កម្រមួយរបស់អាមេរិកសម្រាប់បព្វជិតម្នាក់ដែលមានកេរ្តិ៍ដំណែលក្នុងសាកលលោកនោះ។
លោកជាសម្ព័ន្ធមិត្តដ៏ទុកចិត្តបំផុតម្នាក់របស់ប្រធានាធិបតីអាមេរិកអស់ជាច្រើនជំនាន់ហើយ។
បព្វជិត Graham បានក្លាយជាពលរដ្ឋឯកជនទី៤ដែលសពត្រូវបានដាក់តម្កល់ក្នុងវិមានរដ្ឋសភាសហរដ្ឋអាមេរិក Capitol។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានថ្លែងថា៖ «ថ្ងៃនេះ យើងថ្លែងអំណរគុណចំពោះជីវិតដ៏អស្ចារ្យរបស់បព្វជិត Graham។ វាជាការសាកសមបំផុតដែលយើងធ្វើពិធីនៅក្នុងអាគារ Rotunda នៃវិមានរដ្ឋសភាសហរដ្ឋអាមេរិក Capitol ដែលនៅទីនេះអនុស្សាវរីយ៍របស់ប្រជាពលរដ្ឋអាមេរិកត្រូវបានដាក់តម្កល់»។
ក៏ប៉ុន្តែ ជំនឿសាសនារបស់លោក មិនមែនអំណាចរបស់លោកនោះទេដែលធ្វើឲ្យលោកទទួលបានកិត្តិយសនោះ។ លោក Paul Ryanប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានថ្លែងថា៖ «សពរបស់បព្វជិតអាមេរិកាំងបានដំកល់នៅទីនេះ។ បុរសម្នាក់នេះបានធ្វើកិច្ចការដ៏អស្ចារ្យ មិនមែនដោយសារថាលោកជានរណាទេ ក៏ប៉ុន្តែ ដោយសារតែនរណាដែលលោកបានបម្រើ»។
លោក Grant Wacker ជាអ្នកសរសេរប្រវត្តិរូបលោក Grahamបាននិយាយថា លោក Graham មិនត្រឹមតែជាបព្វជិតអាមេរិកាំងតែម្នាក់គត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ លោកជាមេដឹកនាំសាសនាដ៏អស្ចារ្យម្នាក់នៅក្នុងសតវត្សរ៍ទី២០។
លោក Grant Wackerនិយាយថា៖ «លោកបាននាំអ្នកកាន់គ្រឹស្តសាសនានិកាយEvangelist ចូលក្នុងនយោបាយហើយលោកបានបង្រៀនពួកគេថាតើអង្គុយនៅឯតុពិភាក្សាសាធារណៈយ៉ាងដូចម្តេច?»។
វាជាកេរ្តិ៍ដំណែលដ៏ឈឺចាប់របស់មនុស្សប្រុសនិងមនុស្សស្រីអាមេរិកាំងស្រឡាញ់ភេទដូចគ្នាដែលនិយាយថា សារនៃក្តីស្រឡាញ់របស់លោក Graham មិនបានរាប់បញ្ចូលពួកគេ។ លោកស្រី Sarah Kate Ellis នៃសម្ព័ន្ធភាពមនុស្សប្រុសនិងមនុស្សស្រីស្រឡាញ់ភេទដូចគ្នាប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះនិយាយថា៖ «លោក Graham បានត្រួសត្រាយផ្លូវ មិនត្រឹមតែនាំអ្នកកាន់គ្រឹស្តសាសនានិកាយ Evangelist ចូលក្នុងនយោបាយដែលបន្ទាប់មកបាននាំឲ្យមានគោលនយោបាយអាក្រក់និងប្រកបដោយគ្រោះថ្នាក់ប្រឆាំងនឹងសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នានិងមនុស្សប្តូរភេទឬ LGBTQ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែចូលទៅក្នុងទីប្រជុំជនតូចៗដែលនៅទីនោះពួកអ្នកប្រដៅសាសនាជាអ្នកនាំព័ត៌ មានហើយនៅតែនិយាយពីបញ្ហាអវិជ្ជមានសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នានិងមនុស្សប្តូរភេទឬ LGBTQ»។
ក៏ប៉ុន្តែ នៅខាងក្រៅវិមានរដ្ឋសភា Capitol ដែលនៅទីនោះពួកអ្នកកាន់ទុក្ខរាប់រយនាក់បានរង់ចាំធ្វើការគោរពវិញ្ញាណក្ខន្ធរបស់លោក កេរ្តិ៍ដំណែលលោក Graham ត្រូវបានការពារ។ អ្នកស្រី Barbara ជាអ្នកកាន់ទុកបាននិយាយថា៖ «លោកដូចជាសម្តេចប៉ាបសម្រាប់ពិភពគ្រឹស្តសាសនាដែរ»។
មួយផ្នែកធំពីព្រោះតែរបៀបនៃការចែកចាយសាររបស់លោកជុំវិញពិភពលោក។ លោក Alexander ជាអ្នកកាន់ទុកម្នាក់ទៀតបាននិយាយថា៖ «ខ្ញុំបានស្គាល់លោកនៅពេលដែលខ្ញុំនៅក្មេង។ លោកជាមនុស្សដ៏អស្ចារ្យរបស់ព្រះ។ មានអ្នកកាន់សាសនានិកាយ Evangelist ម្នាក់ដែលបានខិតខំព្យាយាមសម្រាប់ខ្ញុំក្នុងមួយជីវិតរបស់ខ្ញុំហើយថា លោកបានត្រូវគេគោរពនៅទូទាំងពិភពលោក»។
សពរបស់លោក Graham បានតម្កល់នៅរដ្ឋធានីវ៉ាស៊ីនតោនរហូតដល់ថ្ងៃទី១ ខែមីនាមុនពេលធ្វើដំណើរចុងក្រោយបង្អស់ទៅកាន់កន្លែងកំណើតរបស់លោកនៅរដ្ឋ North Carolina ដើម្បីធ្វើពិធីបុណ្យសព៕
ប្រែសម្រួលដោយជឹង ប៉ូជីន