ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការបាញ់ប្រហារទ្រង់ទ្រាយធំនៅឯវិទ្យាល័យមួយកន្លែងនៅក្នុងរដ្ឋ Florida នៅក្នុងខែនេះ គឺជាចំណុចផ្ដោតដ៏សំខាន់សម្រាប់ការពិភាក្សារបស់អភិបាលរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ។
លោក ត្រាំ បានថ្លែងនៅក្នុងពិធីស្វាគមន៍អភិបាលរដ្ឋទាំងនោះកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា៖ «ខ្ញុំគិតថា យើងនឹងផ្ដោតលើការបាញ់ប្រហារនៅវិទ្យាល័យមួយកន្លែងក្នុងរដ្ឋ Florida នៅក្នុងការពិភាក្សារបស់យើង ដោយសារតែយើងត្រូវតែបញ្ចប់នូវអំពើបាញ់ប្រហារដូចនេះនៅក្នុងសហរដ្ឋអាមេរិក»។
រដ្ឋនីមួយៗមានច្បាប់កាំភ្លើងផ្សេងៗគ្នា និងអាចមានដំណោះស្រាយផ្សេងគ្នានៅក្នុងការសម្រេចថាតើគួរអនុម័តច្បាប់ថ្មីស្ដីពីការគ្រប់គ្រងកាំភ្លើងឬក៏អត់ និងតាមវិធីណានោះ។ រដ្ឋាភិបាលសហព័ន្ធក៏អាចចាត់វិធានការផ្ទាល់ខ្លួនផងដែរចំពោះរឿងនេះ។
គេឃើញមានការជជែកដេញដោលខ្លាំងក្លានៅក្នុងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការឆ្លើយតបដោយសមរម្យចំពោះការរារាំងមិនឲ្យមានការបាញ់ប្រហារនៅតាមសាលារៀនដូចនេះកើតឡើងនៅថ្ងៃអនាគតទៀតនោះ។ ប៉ុន្តែថាតើសភានឹងចាត់វិធានការបែបណាចំពោះការបាញ់សម្លាប់ដូចនេះគឺនៅតែជាចម្ងល់នៅឡើយ។
ដោយសារតែច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចារតម្កល់ទុកអំពីកម្មសិទ្ធិកាំភ្លើង សមាជិកសភាមិនចង់ដាក់តឹងតែងលើការគ្រប់គ្រងអាវុធនោះទេ សូម្បីតែនៅក្នុងស្ថានការណ៍ដែលមានការបាញ់ប្រហារទ្រង់ទ្រាយធំនានាបានកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
លោក ត្រាំ បានស្នើឲ្យគ្រូបង្រៀនមួយចំនួនដែលមានជំនាញខាងកាំភ្លើងបំពាក់កាំភ្លើងនៅជាប់នឹងខ្លួន និងស្នើឲ្យមានការផ្ដល់ប្រាក់លើកទឹកចិត្តដល់គ្រូបង្រៀនទាំងនោះទៀតផង ដើម្បីត្រៀមតតាំងនឹងអ្នកបាញ់ប្រហារ។ លោកបានបន្តថា លោកទុកឲ្យរដ្ឋនីមួយៗជាអ្នកសម្រេចលើរឿងនេះ៕