លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាលោកចង់បំពាក់អាវុធដល់គ្រូបង្រៀនសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃផែនការដើម្បីពង្រឹងសាលារៀនទប់ទល់នឹងពួកអ្នកវាយប្រហារ បន្ទាប់ពីការបាញ់ប្រហារដ៏ប្រល័យនៅសាលារៀនកាលពីសប្តាហ៍មុននៅក្នុងរដ្ឋ Florida មក។
សំណើនោះកើតមានឡើងនៅពេលដែលសិស្សធ្វើការតវ៉ាប្រឆាំងនៅទូទាំងប្រទេសអំពាវនាវឲ្យមានវិធានការត្រួតត្រាកាំភ្លើងកាន់តែខ្លាំងឡើង។
សិស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅសប្តាហ៍នេះនៅឯរដ្ឋធានីរបស់រដ្ឋនានានិងនៅឯសេតវិមានអំពាវនាវឲ្យមានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងតែងឡើង។ថ្លែងទៅកាន់សិស្សកាលពីថ្ងៃព្រហស្បត៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យបន្ថែមកាំភ្លើងកាន់តែច្រើនថែមទៀតដើម្បីធ្វើឲ្យពួកអ្នកបាញ់ប្រហារនៅសាលារៀនមានការញញើត។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា៖ «ពួកអ្នកបាញ់ប្រហារនឹងមិនដើរចូលក្នុងសាលារៀនទេ ប្រសិនបើគ្រូបង្រៀនចំនួន២០ភាគរយមានកាំភ្លើងនោះ។ យើងត្រូវតែធ្វើឲ្យអ្នកបាញ់ប្រហារទាំងនោះដឹងថា ប្រសិនបើអ្នកឯងចូលក្នុងសាលារៀនរបស់យើង អ្នកឯងនឹងស្លាប់ ហើយការណ៍នេះនឹងកើតមានឡើងយ៉ាងរហ័ស»។
ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើសមាជិកសភានឹងយល់ព្រមលើផែនការផ្តល់អាវុធទៅឲ្យគ្រូបង្រៀនដែរឬទេ ឬថាតើសាធារណជននឹងគាំទ្រផែនការនេះដែរឬទេ ឬថាតើផែនការនេះនឹងមានប្រសិទ្ធិភាពដែរឬទេ។
លោកស្រី Capri Cafaro នៃសាលាកិច្ចការសាធារណៈនៃសាកលវិទ្យាល័យ American University បានថ្លែងថា៖ «ការបាញ់ប្រហារកាលពីពេលថ្មីៗបំផុតនេះនៅរដ្ឋ Florida យើងមានអ្នកបាញ់ប្រហារប្រើអាវុធប្រភេទ AR-15 ឥឡូវនេះ យើងមានគ្រូបង្រៀនដែលនិយាយថានឹងមានកាំភ្លើងខ្លីជាធម្មតា។ហើយពួកគ្រូបង្រៀនទាំងនោះត្រូវប្រឈមជាមួយអ្នកមានកាំភ្លើងប្រភេទ AR-15 ។ការណ៍នេះមិនមែនជាការប្រយុទ្ធមួយដ៏ត្រឹមត្រូវទេ»។
លោកប្រធានាធិបតីដូណាល់ ត្រាំនិយាយទៀតថា លោកក៏បើកចំហឲ្យមានការ ពង្រីកការពិនិត្យឆែកឆេរប្រវត្តិអ្នកទិញកាំភ្លើងដែរ ហាមឃាត់ឧបករណ៍ដែលឆ្នៃកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិទៅជាកាំភ្លើងស្វ័យប្រវត្តិហើយនឹងបង្កើនការកម្រិតអាយុអ្នកទិញកាំភ្លើង។
ក៏ប៉ុន្តែ សមាគមកាំភ្លើងជាតិដែលជាក្រុមគាំទ្រការប្រើកាំភ្លើងដ៏ធំបំផុតរបស់ប្រទេសអាមេរិកមិនបានគាំទ្រសំណើនេះទេ។
លោក Wayne Lapierre អគ្គនាយកនៃសមាគមកាំភ្លើងជាតិបានថ្លែងថា៖«គោលដៅរបស់ពួកគេគឺលុបបំបាត់វិសោធនកម្មទី២ហើយនឹងសេរីភាពនៃការប្រើកាំ ភ្លើងរបស់យើង ដូច្នេះ ពួកគេអាចលុបបំបាត់សេរីភាពរបស់បុគ្គលទាំងអស់»។
លោក Raj Shah លេខាធិការរងផ្នែកព័ត៌មានរបស់សេតវិមានបានថ្លែងថា៖ «យើងគិតថា មិនមានគោលនយោបាយដែលនឹងហាមឃាត់ប្រភេទអាវុធភ្លាមៗនៅតាមសាលារៀននៅឡើយទេ។អ្វីដែលយើងកំពុងស្វែងរកគឺដំណោះស្រាយដែលមិនហាមឃាត់ប្រភេទអាវុធសម្រាប់បុគ្គលទាំងអស់ ក៏ប៉ុន្តែ ហាមឃាត់អាវុធទាំងអស់សម្រាប់បុគ្គលខ្លះដែលត្រូវបានកំណត់អត្តសញ្ញាណថាបានគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ»។
អត្ថាធិប្បាយមួយបានស្នើថា គោលនយោបាយទាក់ទងបញ្ហាគ្រប់គ្រងអាវុធក្នុងប្រទេសអាមេរិកនោះ ប្រហែលកំពុងធ្វើការផ្លាស់ប្តូររួចទៅហើយ៕
ប្រែសម្រួលដោយជឹង ប៉ូជីន