ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនដែលត្រូវតុលាការរំលាយ បានប្រកាសអំពីផែនការវិលចូលស្រុក នៅដើមខែមករា ឆ្នាំ២០២១ ដើម្បីឲ្យទាន់សវនាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់«រួមគំនិតក្បត់»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សប្រឆាំងនៅថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សឲ្យដឹងថា អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ គឺជាអ្នកដឹកនាំការវិលត្រឡប់មកប្រទេសកម្ពុជា ហើយការសម្រេចត្រឡប់មកកម្ពុជានេះនៅដើមឆ្នាំក្រោយ អាស្រ័យតាមការវាយតម្លៃស្ថានការណ៍នយោបាយបច្ចុប្បន្ន និងស្របពេលដែលថ្នាក់ដឹកនាំនិងសកម្មជនគណបក្សមានឈ្មោះក្នុងដីកាកោះហៅរបស់តុលាការរាជធានីភ្នំពេញ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងស្នាក់នៅអាមេរិក បានប្រាប់វីអូអេថា វត្តមានរបស់ថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សជំទាស់ មានសារៈសំខាន់សម្រាប់សវនាការ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា។ លោកអះអាងថា សកម្មជនគណបក្សជំទាស់មកពីបណ្តាប្រទេសផ្សេងទៀត រួមមានម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង ជប៉ុន និងអ្នកគាំទ្រគណបក្សមកពីសហរដ្ឋអាមេរិក និងអូស្រ្តាលី បារាំងជាដើមនោះ ក៏នឹងចូលរួមដំណើរវិលត្រឡប់នេះដែរ។
លោកមានប្រសាសន៍ថា៖ «សវនាការនឹងបើកនៅចុងខែ ដូច្នេះយើងទៅឲ្យទាន់សវនាការហ្នឹង។ ដូច្នេះយើងត្រូវទៅមុន គឺទៅថ្ងៃ៤ ខែមករា ២០២១ ដើម្បីចូលរួមសវនាការដែលនឹងបើកសវនាការដោយតុលាការតេឡេរបស់របបលោកហ៊ុន សែន ហ្នឹង»។
ក៏ប៉ុន្តែ អ្វីដែលជាឧបសគ្គសម្រាប់ការវិលត្រឡប់របស់ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយមួយចំនួននោះ គឺលិខិតឆ្លងដែននិងទិដ្ឋាការដែលត្រូវបញ្ចប់សុពលភាព និងបម្រាមលើក្រុមហ៊ុនអាកាសចរណ៍ដែលហាមមិនឲ្យយន្តហោះដឹកពួកគេ។
លោក អ៊ុំ សំអាន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានចាប់ខ្លួនបើរស់នៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើកលែងបម្រាមនានា ដើម្បីបើកផ្លូវឲ្យក្រុមថ្នាក់ដឹកនាំនិងសកម្មជន បានវិលចូលប្រទេសវិញ បើទោះបីត្រូវប្រឈមនឹងការចាប់ខ្លួនក៏ដោយ។
លោកបន្ថែមថា៖ «វាអាចនឹងមានការប្រឈមមុខក្នុងការចាប់ខ្លួនហើយ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ បើសិនជាយើង មិនមានការប្រថុយប្រថាន មិនមានការផ្លាស់ប្តូរទេ ដូច្នេះយើងត្រូវតែធ្វើមាតុភូមិនិវត្តន៍ ដើម្បីចូលរួមសវនាការ ហើយយើងចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា ហើយយើងចង់ឲ្យមានដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាផងដែរ»។
វីអូអេ មិនទាន់អាចសុំការអធិប្បាយពីអ្នកស្រី មូរ សុខហួរ បានទេនៅថ្ងៃអង្គារនេះ។ វីអូអេ ក៏មិនទាន់អាចសុំការអធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ក្រុមថ្នាក់ដឹកនាំគណបក្សជំទាស់ទាំងអស់នៅក្រៅប្រទេស នៅតែអាចធ្វើដំណើរចូលប្រទេសកម្ពុជា ត្រូវតែអនុវត្តកាតព្វកិច្ចដែលតុលាការបានកំណត់។
លោកមានប្រសាសន៍ថា៖ «ជនណាដែលជាប់កាតព្វកិច្ចជាមួយតុលាការ ជននោះ ត្រូវតែនាំខ្លួនទៅតុលាការ»។
អ្នកនាំពាក្យរូបនោះ មិនមានការអធិប្បាយលើបម្រាមហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកថ្នាក់ដឹកនាំគណបក្សធ្វើដំណើរតាមយន្តហោះ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនមានជំនឿថាថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ហ៊ានធ្វើដំណើរមកកម្ពុជា ដើម្បីទទួលការកាត់ទោសនោះទេ។
លោកមានប្រសាសន៍ថា៖ «គ្មានអ្នកណាបិទគាត់ទេ មកពីគាត់វាមិនហ៊ានមក។ បើគាត់ហ៊ានដែរ គាត់សុខចិត្តស្លាប់ អាហ្នឹងគាត់មកហើយ...គាត់កំសាកអត់ហ៊ានមក។ អ៊ីចឹងខ្ញុំយល់ថា វប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គឺថាគាត់ជោគជ័យនៅក្នុងអារម្មណ៍។ បើជោគជ័យនៅក្នុងអារម្មណ៍ ការដាក់ផែនការថាមក ឬមិនមកយ៉ាងណានោះ វាអត់មានទេនៅក្នុងការជាក់ស្តែង»។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា តុលាការក្រុងភ្នំពេញ បានលើកពេលសវនាការពាក់ព័ន្ធនឹងរឿង«ក្បត់»ចំនួន៤សំណុំរឿង ដែលមានមនុស្សជិត១៤០នាក់ ទាក់ទងនឹងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់កាលពីឆ្នាំមុន។ ដំណាលគ្នានឹងការលើកពេលសវនាការនោះ តុលាការបានសម្រេចបញ្ចូលសំណុំរឿងជាពីរ ហើយសវនាការស្ដាប់អង្គហេតុ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា និងថ្ងៃទី៤ ខែមីនា ឆ្នាំក្រោយ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ភាគច្រើននៃក្រុមថ្នាក់ដឹកនាំរបស់គណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេសមិនមានលិខិតឆ្លងដែន សម្រាប់ការធ្វើដំណើរចូលមកប្រទេសទេ លើកលែងតែអ្នកស្រី មូរ សុខហួរ ដែលមានសញ្ជាតិអាមេរិកាំង។ បន្ថែមលើនោះ វិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩ អាចជាកត្តាមួយផ្នែកទៀតនៃការបង្អាក់ផែនការមាតុភូមិនិវត្តន៍នេះ។
អ្នកវិភាគរូបនោះបន្តថា បើទោះក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងអាចចូលមកកម្ពុជាបានដូចការគ្រោងទុក លោកមិនមានជំនឿថា បរិយាកាសនយោបាយអាប់អួដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកនោះ បញ្ចប់បានទេ ប៉ុន្តែវាអាចត្រឹមតែបន្ថែមសម្ពាធអន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា។
លោកមានប្រសាសន៍ថា៖ «គ្រាន់តែមកឲ្យទទួល ឬក៏ទទួលយកការចោទប្រកាន់ ទទួលយកការឃុំឃាំងហ្នឹង ដើម្បីជាទម្ងន់នៃការលើកឡើងទៅឲ្យអន្តរជាតិ មើលឃើញពីបរិយាកាសនយោបាយ និងបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង មានលក្ខណៈរឹតត្បិត តូចចង្អៀត រួមតូចចង្អៀតហ្នឹង ធ្វើឲ្យមានការអន្តរាគមន៍ពីអន្តរជាតិកាន់តែខ្លាំង កាន់តែលឿន»។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាផងនោះ មិនបារម្ភពីសម្ពាធរបស់សហគមន៍អន្តរជាតិទេ។ លោកបន្ថែមថា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ក៏នឹងមិនគិតគូរពីស្ថានភាពនៅកម្ពុជា ដោយលោក Joe Biden (ចូ បៃដិន) ដែលត្រូវគេព្យាករណ៍ថាឈ្នះការបោះឆ្នោតនោះ នឹងផ្តោតជាចម្បងលើកិច្ចការបង្រួបបង្រួមជាតិនៅសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិក។
«លោកបៃដិនមក អាហ្នឹង លោកគិតគូរអំពីបញ្ហាបង្រួបបង្រួមផ្ទៃក្នុងអាមេរិក និងបង្រួបបង្រួមសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាគាត់មិនយករឿងកំប៉ិកកំប៉ុករបស់ខ្មែរហ្នឹងទៅគិតទេ»។
នៅក្នុងសំណុំរឿងក្បត់ជាតិ ដែលមានជាប់ពាក់ព័ន្ធតាំងពីមេដឹកនាំកំពូលៗរបស់គណបក្សជំទាស់ រហូតដល់អ្នកគាំទ្របក្សនេះ តុលាការបានកោះហៅ មនុស្សជិត១៤០នាក់ ដើម្បីចូលរួមសវនាការ ដែលត្រូវលើកទៅជំនុំជម្រះនៅឆ្នាំក្រោយ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានព្យាយាមចូលប្រទេសកម្ពុជា ប៉ុន្តែការប៉ុនប៉ងនេះ មិនបានសម្រេចកាលពីឆ្នាំ២០១៩ ដោយអាជ្ញាធរថៃបានហាមលោកមិនឱ្យឆ្លងកាត់តាមផ្លូវគោក ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវបានហាមមិនឱ្យដឹកលោកចូលកម្ពុជាដែរ៕