លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានច្រានចោលរាល់ការរិះគន់ពីភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់លោក និងបានទាត់ចោលការលើកឡើងដែលថា អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិនឹងត្រូវព្យួរដោយសារការដឹកនាំប្រទេសដោយឯកបក្ស។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តីថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកឃោសនាថា អន្តរជាតិនឹងព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ និងថា កម្ពុជានឹងរៀបចំការបោះឆ្នោតឡើងវិញ ប៉ុន្តែលោកថា ការលើកឡើងនោះជាការភូតកុហក។ លោកបន្ថែមថា កម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យ មិនអាចឱនក្បាលចំពោះបរទេសណាមួយនោះទេ។
នាយករដ្ឋមន្រ្តីកម្ពុជាដែលកំពុងបង្កើនទំនាក់ទំនងស្អិតល្មួតជាមួយប្រទេសចិនបញ្ជាក់ថា៖
«កម្ពុជាជារដ្ឋអធិបតេយ្យ ជាអ្នកគ្រប់គ្រងទាំងអស់នូវបណ្តាវេទិកាអន្តរជាតិទាំងអស់នៅលើលោកនេះ។ សូមកុំមានការភ័ន្ដច្រឡំឲ្យសោះ! ហើយខ្ញុំក៏សូមបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវធ្វើការបោះឆ្នោត សម្រាប់ឃុំ-សង្កាត់នៅឆ្នាំ២០២២ និងធ្វើការបោះឆ្នោតសម្រាប់ជ្រើសរើសតំណាងរាស្ដ្រនៅឆ្នាំ២០២៣ ខុសពីនេះគឺគ្មានទេ! សូមកុំរង់ចាំខ្មោចដែលវាងាប់ហើយ វាអាចរស់ឡើងវិញបាននោះទេ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា លោកនឹងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនាចុងខែកញ្ញានេះ ដើម្បីប្រាប់អំពីស្ថានភាពដែលបាននិងកំពុងកើតមាននៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមិនឱនដាក់អ្នកណាទាំងអស់... មិនឱនក្បាលដាក់អ្នកណាទាំងអស់។ និយាយត្រូវ ធ្វើការជាមួយគ្នា។ និយាយមិនត្រូវ ទៅ! ផ្អាកសិនទៅ! ទុកទៅ! មួយទំនេរទៅ។ បើនិយាយមិនត្រូវគ្នាហើយ អាហ្នឹងចាំបាច់ទៅនិយាយធ្វើអីទៀត! អ្នកឯងពន្យល់ខ្ញុំ ខ្ញុំពន្យល់អ្នកឯង។ វាមានទៅ វាមានមក! អ្នកឯងថា អ៊ីចេះៗ អ៊ីចឹងយើងក៏ត្រូវនិយាយប្រាប់គេត្រឡប់ទៅវិញ។ អាហ្នឹងសមហេតុ សមផល។ រដ្ឋអធិបតេយ្យវាដូច្នេះ។ វាអត់មានអាណាគាបអាណាទេ!»
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីធ្វើឡើង បន្ទាប់ពីក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនបានលើកឡើងថា អាសនៈរបស់កម្ពុជាក្នុងអង្គការសហប្រជាជាតិនឹងត្រូវបានព្យួរ រង់ចាំឲ្យមានការបោះឆ្នោតឡើងវិញ។
លោកឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានប្រាប់ VOA ថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនគឺគ្រាន់តែជាការឆ្លើយតប និងការការពារខ្លួនរបស់ថ្នាក់ដឹកនាំប្រទេសប៉ុណ្ណោះ។ លោកបន្ថែមថា អាសនៈកម្ពុជាអាចនឹងត្រូវបានព្យួរនៅអង្គការសហប្រជាជាតិ ដូចករណីឆ្នាំ១៩៩៨ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះធ្ងន់ធ្ងរ។
លោក ឡៅ ម៉ុងហៃ បន្ថែមថា រដ្ឋាភិបាលគួរអនុវត្តតាមសហគមន៍អន្តរជាតិ ដែលបានស្នើឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញ ចៀសវាងការបាត់បង់ទំនាក់ទំនងជាមួយប្រទេសដទៃ ដោយសារផលប៉ះពាល់ដែលអាចកើតមានដោយសារការព្យួរអាសនៈនៅអង្គការសហប្រជាជាតិ។
លោកបញ្ជាក់ពីផលប៉ះពាល់ដែលអាចកើតមានពីការព្យួរអាសនៈនៅអង្គការសហប្រជាជាតិថា៖
«ទី១ គឺអាម៉ាស់មុខខ្លាំងណាស់ ដែលប្រទេសមួយជាប្រទេសរដ្ឋាភិបាលមួយហ្នឹង មិនមានភាពជាតំណាងរបស់ប្រទេសខ្លួនឯង។ មួយទៀត គឺពិបាកមានទំនាក់ទំនងជាមួយ អ្វីដែលគេហៅថា ភ្នាក់ងារជាតំណាងនៃអង្គការសហប្រជាជាតិទៅទៀត»។
កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ អ្នកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស បានថ្លែងក្នុងសុន្ទរកថា បើកសម័យប្រជុំលើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺជាការគំរាមកំហែងមួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
អ្នកស្រីក៏បានស្វាគមន៍ការដោះលែងអ្នកទោសនយោបាយមួយចំនួន និងការដោះលែងលោកកឹម សុខាឲ្យនៅក្រៅឃុំនាពេលថ្មីៗនេះ ហើយបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើអ្នកទាំងនោះផងដែរ។
សភាសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានអនុម័តលើញត្តិរួម ស្នើឲ្យមានការទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់លោក ហើយសភាសហភាពអឺរ៉ុបក៏ពិចារណាលើឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញទាំងអស់លើកលែងតែអាវុធ» និងដាក់ឈ្មោះជនដែលរំលាយគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងបញ្ជីខ្មៅមួយដែល និងហាមឃាត់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោកត្រូវបានចាប់យកទៅឃុំក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ ក្រោមបទចោទថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។ បើទោះជាលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែលោកត្រូវបានយកទៅដាក់ឃុំផ្ទះជំនួសវិញ ខណៈមេធាវីការពារក្តីរបស់លោកលើកឡើងថា លោកកឹម សុខាមានជំងឺធ្ងន់ និងត្រូវការការវះកាត់ត្បៀតសសៃ។
ការដាក់លោក កឹម សុខា ក្រោមការឃុំឃាំងក្នុងផ្ទះជំនួសឱ្យពន្ធនាគារបែបនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិបន្តចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញ និងបិទសេរីភាពរបស់ប្រធានគណបក្សប្រឆាំងរូបនេះដដែល។ ទាំងអង្គការអន្តរជាតិ និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន សុទ្ធតែបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើ លោកកឹម សុខា និងដោះលែងលោកឲ្យមានសេរីភាពពេញលេញ។
លោកនាយករដ្ឋមន្រ្ តីហ៊ុន សែន នៅថ្ងៃពុធនេះ ក៏បានថ្លែងបញ្ជាក់ពីមូលហេតុនៃការឃុំខ្លួនលោកកឹម សុខាក្នុងផ្ទះថា ដោយសារបារម្ភថា លោកកឹម សុខាអាចបាត់បង់ជីវិតក្នុងពន្ធនាគារ ដោយសារជំងឺ មិនមែនមានសម្ពាធណាមួយពីអន្តរជាតិនោះទេ។ នៅថ្ងៃពុធនេះនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលក៏បានបង្ហើបពីគម្រោងនៃការបង្កើតច្បាប់ឲ្យមានការឃុំឃាំងក្នុងផ្ទះផងដែរ៕