ក្រុមបាតុករ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅតាមដងផ្លូវនានាក្នុងរដ្ឋធានីនៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ ដែលជាថ្ងៃទី ៤ ជាប់ៗគ្នា ដោយបានបំពានការរឹតត្បិតរបស់រដ្ឋាភិបាលយោធាដែលមានបំណងបញ្ឈប់ការតវ៉ាដ៏ធំនេះ។
ការតវ៉ាប្រឆាំងនៅថ្ងៃអង្គារនេះនៅក្នុងរដ្ឋធានីណៃពិដោ បានកើតឡើងក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីយោធាបានប្រកាសដាក់បម្រាមគោចរពីម៉ោង ៨ យប់ ដល់ម៉ោង ៤ ភ្លឺ នៅក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Mandalay។ របបយោធានេះក៏បានហាមឃាត់ការប្រមូលផ្តុំគ្នាចាប់ពី ៤ នាក់ឡើងទៅ នៅទូទាំងប្រទេសផងដែរ។
បាតុកម្មក៏បានធ្វើឡើងផងដែរនៅក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Mandalay។ ទីភ្នាក់ងារព័ត៌មាននានាបានរាយការណ៍ថា ក្រុមបាតុករត្រូវបានអាជ្ញាធរបាញ់ទឹកដាក់ដើម្បីបំបែកការតវ៉ានៅក្នុងទីក្រុងទាំង៣ នោះ។
មនុស្សរាប់ម៉ឺននាក់បានរួមកម្លាំងគ្នាចេញមកតវ៉ាតាមដងផ្លូវនានានៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមមក ដោយបានកាន់បដាដែលសរសេរអក្សរថា «សង្គ្រោះមីយ៉ាន់ម៉ា» និង «យើងចង់បានលទ្ធិប្រជាធិបតេយ្យ» ជាដើម។
ក្រុមបាតុករខ្លះបានកាន់រូបថតរបស់អ្នកស្រី Aung San Suu Kyi ដែលជាមេដឹកនាំរបស់រដ្ឋាភិបាលដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ហើយក្រុមបាតុករខ្លះទៀតបានលើកម្រាមដៃបីនៅពេលដែលពួកគេដើរក្បួនតវ៉ា ដែលជាសញ្ញាបង្ហាញអំពីការជម្នះប្រឆាំងនឹងការជិះជាន់សង្កត់សង្កិន។
បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានេះបានចូលដល់ដំណាក់កាលថ្មីមួយកាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលមន្ត្រីរដ្ឋការ បុគ្គលិកផ្លូវដែក គ្រូបង្រៀន និងកម្មករនៅតាមផ្នែកផ្សេងៗ បានចាប់ផ្តើមធ្វើកូដកម្មនៅទូទាំងប្រទេស៕