ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ធ្វើ​បាតុកម្ម​ធំ​បំផុត​នៅ​មីយ៉ាន់ម៉ា​ចាប់​តាំងពី​ឆ្នាំ ២០០៧ មក


ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​ពីរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា
ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​ពីរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​ពីរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ពលរដ្ឋ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទូទាំង​ប្រទេស​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា និង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​ការ​បោះឆ្នោត​អ្នកស្រី Aung San Suu Kyi កាល​ពី​សប្ដាហ៍​មុន។

បាតុកម្ម​ដែល​នៅតែ​ត្រូវ​បាន​ធ្វើ​ឡើង​បើ​ទោះបីជា​មាន​ការ​កាត់​ផ្ដាច់​អ៊ីនធឺណិត និង​ការ​រឹតត្បិត​លើ​ការ​ប្រើប្រាស់​បណ្ដាញ​ទូរស័ព្ទ​ក៏​ដោយ​នោះ គឺ​ជា​បាតុកម្ម​ធំ​ជាង​គេ​បង្អស់​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំងពី​ការ​ធ្វើ​បដិវត្តន៍​ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ​កាលពី​ឆ្នាំ ២០០៧ មក។

ហ្វូង​មនុស្ស​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​នាំ​គ្នា​កាន់​ប៉ោងប៉ោង​ពណ៌​ក្រហម ដែល​ជា​ពណ៌​តំណាង​ឲ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Suu Kyi ហើយ​ពួកគេ​បាន​នាំគ្នា​ស្រែក​បន្ទរ​ថា៖ «យើង​មិន​ចង់​បាន​របប​ផ្ដាច់ការ​យោធា​ទេ! យើង​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ!»។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហ្វូង​មនុស្ស​ជា​ច្រើន​មក​ពី​គ្រប់​ទិសទី​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​ជួបជុំ​គ្នា​នៅ​តំបន់​ទី​ប្រជុំជន Hledan ដោយ​អ្នកខ្លះ​ដើរ​កាត់​ចរាចរណ៍​ដែល​កំពុង​កក​ស្ទះ និង​ដើរ​ដង្ហែ​ក្បួន​នៅ​ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ហែង​នៅ​តាម​ផ្លូវ។

ពួកគេ​បាន​នាំ​គ្នា​គ្រវី​ទង់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​លើក​ម្រាម​ដៃ​បី​ឡើង​លើ។ ការ​លើក​ម្រាម​ដៃ​បី​បែប​នេះ​បាន​ក្លាយ​ជា​និមិត្តសញ្ញា​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ។

អ្នក​បើកបរ​នាំ​គ្នា​ចុច​ស៊ីផ្លេ ហើយ​អ្នក​ដំណើរ​នាំ​គ្នា​កាន់​រូបថត​របស់​អ្នកស្រី Suu Kyi ដែលជា​ជ័យលាភី​ណូបែល​សន្ដិភាព។

ទិដ្ឋភាព​មួយ​ចំនួន​នៃ​ការ​តវ៉ា​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម Facebook។ រូបភាព​នៃ​ទិដ្ឋភាព​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​រូបភាព​មួយ​ចំនួន​ដែល​លេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំងពី​ពេល​ដែល​រដ្ឋាភិបាល​យោធា​កាត់​ផ្ដាច់​អ៊ីនធឺណិត និង​រឹតត្បិត​លើ​បណ្ដាញ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍​មក។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​អត្ថាធិប្បាយ​ណា​មួយ​នៅ​ឡើយ​ទេ​ពី​រដ្ឋាភិបាល​យោធា​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ៕

XS
SM
MD
LG