មេដឹកនាំប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេកំពុងស្នើឲ្យមានការប្រជុំពិសេសមួយក្នុងចំណោមបណ្ដាប្រទសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទសមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងប្រទេសនេះត្រូវបានយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយបង្អាក់ដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា យោធាបានដណ្ដើមយកអំណាចកាលពីថ្ងៃច័ន្ទ ដោយចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សកាន់អំណាចរបស់អ្នកស្រី Aung San Suu Kyi ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
ក្រោយពីបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ពួកគេ បានស្នើសុំជជែកពិភាក្សាជាមួយប្រទេសប្រ៊ុយណេ ដែលបច្ចុប្បន្ននេះជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ដើម្បីរៀបចំការប្រជុំពិសេសមួយ អំពីប្រទេសមីយ៉ាន់ម៉ា។
លោក Muhyiddin បាននិយាយសំដៅដល់រដ្ឋប្រហារនោះថាជា «ជំហានថយក្រោយក្នុងដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា»។
កិច្ចប្រជុំបែបនេះគឺកម្រកើតមានឡើងណាស់ ហើយការរៀបចំកិច្ចប្រជុំរបៀបនេះឡើងអាចជាការលំបាក ដោយហេតុថា គោលនយោបាយរបស់អាស៊ានគឺមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិករបស់ខ្លួន និងប្រឆាំងតបទៅនឹងរដ្ឋប្រហារយោធានោះទេ។
អាស៊ានដែលមានប្រទេសមីយ៉ាន់ម៉ាជាសមាជិកមួយដែរនោះ បានឲ្យដឹងកាលពីដើមសប្ដាហ៍នេះថា ខ្លួនកំពុងតាមដានដំណើរវិវត្តន៍នៃការធ្វើរដ្ឋប្រហារនេះយ៉ាងយកចិត្តទុកដាក់៕