ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អ៊ីនធឺណិត​នៅ​មីយ៉ាន់ម៉ា​បិទ​​​ហ្វេសប៊ុក​ បន្ទាប់​ពី​មាន​បញ្ជា​ពី​រដ្ឋាភិបាល


បាតុករមួយក្រុមធ្វើការតវ៉ានៅក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្តើមក្តោបក្តាប់អំណាច នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
បាតុករមួយក្រុមធ្វើការតវ៉ានៅក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្តើមក្តោបក្តាប់អំណាច នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រួម​ទំាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ MPT របស់​រដ្ឋ​ផង​នោះ បាន​បិទមិន​ឲ្យ​ពលរដ្ឋនៅ​ក្នុង​ប្រទេស​ប្រើប្រាស់​ហ្វេសប៊ុក​និង​បណ្ដាញ​សង្គមមួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នេះ​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពេល​មេដឹកនាំ​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច។

លិខិត​មួយ​ច្បាប់​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ក្រសួង​ទំនាក់ទំនង និងព័ត៌មាន បាន​ឲ្យដឹងថា ហ្វេសប៊ុក​ នឹង​ត្រូវបាន​បិទ​រហូត​ដល់​ថ្ងៃទី៧ ខែកុម្ភ: ដើម្បី «ស្ថិរភាព»។​

អ្នកប្រើប្រាស់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​បាន​រាយការណ៍ថា ពួកគេ​មិន​អាច​ប្រើប្រាស់​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ទេ។

ក្រុម​អ្នក​ឃ្លាំ​មើល​ NetBlocks បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​រដ្ឋ MPT ដែល​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មាន​អ្នក​ប្រើប្រាស់​ជាង ២៣ លាន​នាក់ បាន​បិទ​ទំាង​ហ្វេសប៊ុក កម្មវិធី Messenger កម្មវិធី Instagram និង​កម្មវិធី Whatsapp ផង​ដែរ។ ក្រុមហ៊ុន Telenor Asa របស់​ប្រទេស​ន័រវែស​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បិទ​តែ​ហ្វេសប៊ុក​ប៉ុណ្ណោះ ដើម្បីអនុវត្ត​តាម​បទ​បញ្ជា។​

លោក Andy Stone អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ទទួល​ស្គាល់​ថា​ ការ​បិទ​នេះ​ពិត​ជា​មាន​មែន។

លោក​បាន​និយាយ​ថា៖ «យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​ការ​ទំនាក់ទំនង​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាជន​មីយ៉ាន់ម៉ា អាច​ទាក់ទង​ទៅ​កាន់​គ្រួសារ មិត្តភក្តិ​ និង​បើក​មើល​ព័ត៌មាន​សំខាន់ៗ​បាន»។

ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​មីយ៉ាន់ម៉ា​សរុប ៥៣ លាន​នាក់​ប្រើប្រាស់​ហ្វេសប៊ុក។

លិខិត​របស់​ក្រសួង​ទំនាក់ទំនង និង​ព័ត៌មានមីយ៉ាន់ម៉ា​ បាន​ឲ្យ​ដឹង​ថា៖ «ឥឡូវ​នេះ ពលរដ្ឋដែល​បង្ក​បញ្ហា​ដល់​ស្ថិរភាព​ប្រទស...កំពុង​តែ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុងហ្វូង​មហាជន តាម​រយ:ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក»។

កាល​ពី​ថ្ងៃ​អង្គារ យោធា​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​បង្ហោះ​អ្វី ដែល​ពួក​គេ​និយាយ​ថា​ជា​ពាក្យ​ចចាម​អារាម​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​ញុះញង់​ឲ្យ​មាន​កុបកម្ម និង​បង្ក​ឲ្យ​មាន​អស្ថិរភាព៕

XS
SM
MD
LG