​គណបក្ស​ប្រជា​ធិបតេយ្យ​អាមេរិក​​រៃ​អង្កៀស​ប្រាក់បាន​យ៉ាង​ច្រើន​សម្រាប់​ការ​បោះ​ឆ្នោត​សភា

រូបឯកសារ៖ ស្លាកបិទលើអាវ ដែលមានសរសេរពាក្យថា «បោះឆ្នោត»។ 

នៅ​ក្នុង​ការប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​សភា ​​គណបក្ស​​ប្រជា​ធិបតេយ្យ ​កំពុង​ឈ្នះ​នៅ​ក្នុង​ការ​រៃ​អង្កៀស​ប្រាក់។

ដោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​នៅ​សល់​តែ​២សប្តាហ៍​ទៀត​ប៉ុណ្ណោះ គណបក្ស​ប្រជា​ធិបតេយ្យ​បាន​មាន​ប្រៀប​នៅ​ក្នុង​ការ​រៃ​អង្គៀស​ប្រាក់។​ ​អ្នក​វិភាគ​និយាយថា ​មនោសញ្ចេតនា​ប្រ​ឆាំង​ប្រធានា​ធិបតី​ត្រាំ ​អាចធ្វើ​ឲ្យ​មាន​ការរួម​វិភាគ​ទាន​ប្រាក់​ដល់​ការ​បោះឆ្នោត​នេះ​យ៉ាង​ខ្លាំង​នៅពេល​ដែលគណបក្សប្រជា​ធិបតេយ្យ​ស្វះស្វែង​បំបែក​ការ​ត្រួតត្រា​របស់គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា។​

រដូវកាល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ឆ្នាំ​២០១៨​នេះបាន​ក្លាយ​ជា​ការ​បោះឆ្នោតសភា​សហរដ្ឋ​អាមេ​រិកដែល​ចំណាយ​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្តរួច​ទៅ​ហើយ។ ក៏ប៉ុន្តែ ​មនុស្ស​ខ្លះឆ្ងល់​ថា​តើការរួម​វិភាគ​ទានប្រាក់​យ៉ាង​ខ្លាំង​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណ​បក្ស​ប្រជាធិប​តេយ្យ​ល្មម​គ្រប់​គ្រាន់​ ដើម្បីផ្តួលគណបក្ស​សាធារ​ណ​រដ្ឋ​ដែរ​ឬ​ទេ​ ហើយ​នឹង​ថាតើ​ពួក​គេនឹង​ត្រួតត្រាសភា​ដោយ​សំឡេង​ភាគ​ច្រើន​ដែរឬទេ។​

នៅ​ក្នុង​ការប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​សភា គណបក្សប្រជា​ធិបតេយ្យ ​កំពុង​ឈ្នះ​នៅ​ក្នុង​ការ​រៃ​អង្កៀស​ប្រាក់។ កាល​ពី​សប្តាហ៍​មុន ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​សហព័ន្ធ​បាន​រាយការណ៍​ថា ពួក​បេក្ខជន​សភា​បាន​រៃ​អង្កៀស​ប្រាក់​ច្រើន​បំផុត​មិន​ធ្លាប់មាន​កាល​ពីពេល​មុនគឺ​២ពាន់​៣រយលាន​ដុល្លារ​នៅរដូវកាល​បោះឆ្នោត​បច្ចុប្បន្ន​នេះ។

តើ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ប្រៀប​ក្នុងការ​រៃ​អង្កៀស​ប្រាក់​ឬ? គណបក្ស​នេះ​រៃ​អង្កៀស​បាន​ច្រើន​ជា​គណ​បក្ស​សាធារណរដ្ឋ​ចំនួន​៤រយលាន​ដុល្លារ។

​លោកស្រី Sarah Bryner ​នៅ​ឯ Center for Responsive Politics ​និយាយថា នេះ​ជា​ការ​រំខានសម្រាប់​ពួក​អ្នកកាន់​អំណាច​ខាង​គណបក្ស​សាធារណ​រដ្ឋ។​ លោក​ស្រី Sarah Bryner ​បាន​ថ្លែង​ថា៖«ការណ៍​ដែល​ពួក​គណបក្ស​ប្រ​ជាធិបតេយ្យរៃ​អង្គាស​ប្រាក់​បាន​ច្រើន​ជាងពួក​គណបក្ស​សាធារណរដ្ឋ​នេះ​បង្ហាញ​ថា ​យើង​មាន​ក្រុម​ប្រកួត​ប្រ​ជែង​ដែល​មាន​ថវិកាឧបត្ថម្ភ​ច្រើន​ដែរ»។

គណបក្ស​សាធារណរដ្ឋ​ធ្វើ​ប្រសើរ​ជាង​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​យុទ្ធ​នាការ​រៃ​អង្កៀស​ប្រាក់​មក​ពី​ក្រុមហ៊ុន​សាជីវកម្ម​ PACs។ ក៏ប៉ុន្តែ ​ពួកគណ​បក្ស​ប្រ​ជា​ធិបតេយ្យ​បាន​ឈ្នះ​ពួក​គណបក្ស​សាធារណរដ្ឋ​ក្នុងការ​រៃ​អង្គាស​ប្រាក់​បាន​មក​ពី​បុគ្គល​តាម​ប្រព័ន្ធInternet និង​នៅឯ​ពិធី​យុទ្ធនាការ​រៃ​អង្កៀស​ប្រាក់​នានា។

ថវិកា​ ដែល​រៃ​អង្កៀស​បាន​ភាគ​ច្រើនគឺ​សម្រាប់​ម៉ោងផ្សាយដ៏​ថ្លៃ​តាមទូរទស្សន៍​ ​ដែល​នេះ​ជាមធ្យោបាយពេញ​និយម​របស់​ពួក​បេក្ខជន​ដើម្បី​ផ្ញើសារ​ទៅកាន់ពួក​អ្នក​បោះ​ឆ្នោត។

លោកMartin Frost ជា​អតីត​សមាជិក​សភា​និង​ជា​ប្រធាន​គណៈកម្មាធិការ​យុទ្ធនាការ​ សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។លោក​និយាយ​ថា៖«​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ថ្លៃ​ណាស់​នៅ​ក្នុង​ប្រទេស​របស់​យើង​ពីព្រោះ​តែការចំណាយ​លើការឃោស នា​តាម​ទូរទស្សន៍»។

លោកFrostនិយាយ​ទៀត​ថា ​ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​ដែល​រៃអង្កៀស​ប្រាក់​បានច្រើនឆ្លុះ​បញ្ចាំង​ពីការ​កើន​ឡើងនូវចំណាប់​អារម្មណ៍​ក្នុង​ចំណោម​សមាជិក​របស់​គណ​បក្ស។លោក Martin Frost បាន​និយាយ​ថា៖ «​មាន​ពួកអ្នកគាំទ្រ​គណបក្ស​ប្រជា​ធិប​តេយ្យ​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ពួកគេ​ជា​ច្រើនបាន​ធ្វើ​ការរួម​វិភាគ​ទាន​ប្រាក់​បន្តិចបន្តួច ​ពួកគេ​មិន​ចូល​ចិត្ត​ប្រធានា ​ធិបតី​ត្រាំ​យ៉ាង​ខ្លាំង​ ​ហើយ​ចង់​បញ្ជូន​សារ​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ»។

ការ​រៃ​អង្កៀស​ប្រាក់​បាន​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​បង្ខំ​ឲ្យ​ពួក​គណបក្ស​សាធារណរដ្ឋ​គិត​ឡើង​វិញ​ពី​យុទ្ធសាស្ត្រនៃ​យុទ្ធនាការរៃអង្គាស​ប្រាក់​របស់​ពួកគេ។​ពួក​គេ​កំពុង​ដក​ថវិកាមក​ពី​បេក្ខជនទន់​ខ្សោយ​ហើយ​នឹង​លៃទុក​ប្រាក់សម្រាប់​ការ​ប្រកួត​ប្រជែងខ្លាំងៗ។

លោក Michael Steele អតីត​ប្រធាន​គណៈកម្មាធិការសភាខាង​គណបក្ស​សាធា​រ​ណរដ្ឋ​បាន​ព្រមាន​ថា ​ថវិកាឧបត្ថម្ភ​តែ​មួយមុខមិនធានា​ពី​ជ័យ​ជម្នះ​នោះ​ទេ។លោក​ Michael Steeleបាន​និយាយ​ថា៖«​មនុស្ស​ជា​ច្រើនគិត​យ៉ាង​ខ្លាំង​អំពី​ប្រាក់​និងគិតថា ​វាសំខាន់​នៅ​ក្នុង​នយោបាយ ​អាមេរិក។ក៏ប៉ុន្តែ ​ខ្ញុំ​អាច​និយាយ​ប្រាប់​អ្នក​ថា ​មាន​ការ​ប្រ កួត​ប្រជែង​យ៉ាង​ច្រើន​ដែលអ្នក​មាន​ប្រាក់​ច្រើន​បំផុត​បាន​ចាញ់​ឆ្នោត​នៅពេល​បុគ្គល​មិន​សូវមានប្រាក់​ឈ្នះ»។

​ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​ត្រូវ​ការឈ្នះ​អាសនៈ​២៣បន្ថែម​ទៀត​ដើម្បី​ត្រួតត្រា​រដ្ឋ​សភាសភាឡើង​វិញ។​ពួក​អ្នក​វិភាគ​និយាយ​ថា ពួកគណបក្ស​ប្រជាធិបតេយ្យ នឹង​មាន​ឱកាស​។

​ទោះ​ជាយ៉ាង​ណាក៏ដោយ ​សេចក្តី​សង្ឃឹម​របស់​ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​ដើម្បី​ដណ្តើម​ការ​គ្រប់​គ្រងព្រឹទ្ធសភា​ឡើង​វិញមិនសូវ​មាន​ក្តីសង្ឃឹមប៉ុន្មាន​ទេ។

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន