ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក និង​អន្តរជាតិ​ចាប់​អារម្មណ៍​លើ​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ


ស្ត្រី​ម្នាក់​កាន់​ស្លាកសញ្ញា​ផ្សព្វផ្សាយ​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ពេល​ខាង​មុន ក្នុង​ការ​ដើរ​ក្បួន Women's March នៅ​ក្នុង​ក្រុង Seattle កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក​កំពុង​តាមដាន​យ៉ាង​ហ្មត់ចត់​ចំពោះ​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

អ្នក​សង្កេតការណ៍​ជា​ច្រើន​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ការ​ធ្វើប្រជាមតិ​មិន​ត្រឹមតែ​ទៅ​លើ​លោក​ប្រធានាធិបតី Donald Trump ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទៅ​លើ​ទំនាក់​ទំនង​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ពិភពលោក​ទៀត​ផង។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​នយោបាយ​នៅ​ក្នុង​សភា​អាមេរិក​បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​ជា​ច្រើន​កាន់តែ​មាន​ភាព​រំជើបរំជួល​ឡើង។

អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ជិត ៧៥ ភាគរយ បាន​និយាយ​ថា ពួកគេ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថា​តើ​គណបក្ស​សាធារណរដ្ឋ​អាច​រក្សា​ការ​គ្រប់គ្រង​ទាំង​លើ​រដ្ឋសភា និង​លើ​ព្រឹទ្ធសភា​បាន​បន្ត​ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ។

គណបក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​ឈ្នះ​អាសនៈ​ឲ្យ​បាន ២៣ បន្ថែម​ទៀត​ដើម្បី​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា និង​អាសនៈ​ចំនួន ២ បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធ​សភា​បាន។

ការ​សិក្សា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ភាគច្រើន ក្នុង​ចំនួន​ប្រហែល​ជិត ៦០ ភាគរយ និយាយ​ថា ការ​លើក​ឡើង​ផ្សេងៗ​របស់​លោក Trump កន្លង​មក នឹង​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។

ជា​រួម អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ៣៧ ភាគរយ និយាយ​ថា ពួកគេ​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​លោក Trump ចំណែក​ឯ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ២៣ ភាគរយ ថា ពួកគេ​នឹង​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​ឲ្យ​លោក Trump។

អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផ្សេង​ទៀត​ក្រៅ​ពី​នេះ បាន​និយាយ​ថា ការ​លើកឡើង​ផ្សេងៗ​របស់​លោក Trump នឹង​មិន​ជះ​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់​ពួកគេ​ទេ។

នៅ​ក្នុង​កម្មវិធី​ទាន់​ហេតុការណ៍​របស់ VOA ជាមួយ​នឹង​លោកស្រី Greta Van Susteren អ្នក​ជំនាញ​នយោបាយ​នានា​បាន​ប្រាប់​លោក Jim Malone អ្នក​យក​ព័ត៌មាន​របស់ VOA ថា ចរិត​ក្រអឺតក្រទម​របស់​លោក Trump គឺ​ជា​កត្តា​ដ៏​សំខាន់​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

លោក Michael Steele អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ថា៖ «ជា​ទូទៅ អ្នក​បោះ​ឆ្នោត​ឯករាជ្យ​តែងតែ​ងាក​ទៅ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នេះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​សាធារណរដ្ឋ​តែងតែ​ទទួល​បាន​សំឡេង​ភាគ​ច្រើន ជា​ពិសេស​នៅ​ក្នុង​តំបន់​ណា​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ហាក់​ដូចជា​មាន​មូលដ្ឋាន​គាំទ្រ​រឹងមាំ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​បោះឆ្នោត​ឯករាជ្យ​ទាំង​នោះ​កំពុង​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ដែល​នេះ​ហើយ​គឺ​ជា​បញ្ហា»។

តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​ដូច​នេះ?

លោក Michael Steele បាន​បញ្ជាក់​ថា៖ «វា​គឺ​អាស្រ័យ​លើ​លោក​ប្រធានាធិបតី Trump ទាំង​ស្រុង។ វា​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ដូច្នេះ ដោយសារតែ​លោក Trump ធ្វើ​ឲ្យ​ទៅ​ជា​ដូច្នេះ។ ឥឡូវ​នេះ អ្នក​បោះ​ឆ្នោត​នឹង​បោះ​ឆ្នោត​អាស្រ័យ​លើ​ការ​សម្ដែង​ឡើង​របស់​បេក្ខជន​ប្រកួតប្រជែង​នីមួយៗ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ‍»។

លោក Dutch Ruppersberger សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Maryland ខាង​គណបក្ស​ប្រជាធិបតេយ្យ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បដិសេធ​របស់​លោក Trump នៅ​ក្នុង​ការ​ទទួល​យក​ការ​ជួយ​ជ្រោមជ្រែង​ពី​សម្ព័ន្ធមិត្ត​អាមេរិក​នានា​នៅ​លើ​ពិភពលោក។

លោក Dutch Ruppersberger និយាយ​ដូច្នេះ​ថា៖ «យើង​កំពុង​បាត់បង់​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​ទ្វីប​អឺរ៉ុប។ យើង​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​នាំ​មុខ​គេ។ ប្រទេស​ផ្សេងៗ​បាន​មក​រក​យើង​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ការ​ការពារ ដើម្បី​សន្តិសុខ​ជាតិ ដើម្បី​ការ​គាំទ្រ​ផ្នែក​យោធា​ជា​ដើម។ ប៉ុន្តែ​ឥឡូវ​នេះ គឺ​វា​ផ្ទុយ​ស្រឡះ​ពី​លើក​មុន​ហើយ ដោយសារតែ​គោល​នយោបាយ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក»។

បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​តំបន់​អាមេរិក​ឡាទីន​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​អន្តោប្រវេសន៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Gilberto Cabrera នៃ VOA។

លោក Gilberto Cabrera និយាយ​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump បាន​សន្យា​ថា​នឹង​សាង​សង់​ជញ្ជាំង​ព្រំដែន ហើយ​លោក​បាន​និយាយ​ថា ប្រទេស​ម៉ិកស៊ិក​ជា​អ្នក​ចំណាយ​ថវិកា​សម្រាប់​ការ​សាងសង់​នេះ។ ករណី​នេះ​គឺ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​គ្រប់គ្រង​យ៉ាង​ហោច​ណាស់​សភា​ណា​មួយ​នៃ​សភា​ទាំង​ពីរ​ថ្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ នោះ​ឱកាស​នៃ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នេះ ប្រហែល​ជា​កាន់តែ​តូច​ជាង​ឱកាស​ដែល​គណបក្ស​សាធារណរដ្ឋ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ទៀត»។

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​រក​ឃើញ​ថា ចំណាប់​អារម្មណ៍​របស់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​លើក​នេះ គឺ​មាន​កម្រិត​ខ្ពស់​ជាង​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នានា​នៅ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក។

ប៉ុន្តែ​ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា ភាព​រំជើប​រំជួល​របស់​អ្នក​បោះឆ្នោត​គឺ​មាន​កម្រិត​ខ្ពស់​ក្នុង​ចំណោម​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ក្នុង​នោះ​មាន​ចំនួន ៦៧ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ចំនួន ៥៩ ភាគរយ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG