លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យ និងលោក Tim Kaine សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Virginia បានធ្វើការឃោសនាបោះឆ្នោតជាមួយគ្នាជាលើកដំបូងក្នុងឋានៈជាដៃគូឈរឈ្មោះជាមួយគ្នាជាបេក្ខជនប្រធានាធិបតីនិងជាបេក្ខជនអនុប្រធានាធិបតីដោយលោកទាំងពីរបានឧបត្ថម្ភផ្ចុងផ្តើមសារមួយប្រកបដោយភាពសុទិដ្ឋិនិយម។
លោកស្រី Clinton បានបង្ហាញលោក Kaine ទៅកាន់ក្រុមអ្នកគាំទ្រដែលអបអរសាទរនៅក្នុងរដ្ឋ Florida ដោយលោកស្រីបានមានប្រសាសន៍ថា លោកស្រីនិងឥស្សរជនដែលលោកស្រីបានជ្រើសរើសសម្រាប់តំណែងអនុប្រធានាធិបតីនឹង «ផ្តល់ទស្សនវិស័យមួយប្លែកខ្លាំង»សម្រាប់ប្រទេសអាមេរិកគឺជាទស្សនវិស័យមួយដែលអំពាវនាវឱ្យមានការកសាងស្ពានមិនមែនឱ្យកសាងកំផែងទេ ដែលផ្ទុយពីការយល់ឃើញរបស់លោក Trump ដែលជាបេក្ខជននៃគណបក្សសាធារណរដ្ឋ។
លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.បានមានប្រសាសន៍ថា មហាសន្និបាតគណបក្សប្រជាធិបតេយ្យដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃចន្ទស្អែកនេះនៅក្នុងក្រុង Philadelphia នឹងគូសបញ្ជាក់សារដែលឱបបញ្ចូលភាពផ្សេងៗគ្នាដើម្បីធ្វើឱ្យប្រទេសអាមេរិកជាប្រទេសឆ្នើមអស្ចារ្យ។
លោកស្រី Clinton បានពណ៌នាលោក Kaine ថាជាអ្នកប្រយុទ្ធម្នាក់ដើម្បីពួកជនអំបូរភាគតិចនិងពួកជនក្រីក្រ។ លោកស្រីបានមានប្រសាសន៍ទៅកាន់ហ្វូងមនុស្សដែលបានទះដៃអបអរសាទរនៅក្នុងក្រុង Miami ថា សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Virginia រូបនេះ មិនមែនដូចជាលោក Donald Trump និងលោក Mike Pence ទេ។
លោកស្រី Clinton បានមានប្រសាសន៍ថា លោក Kaine គាំទ្រការរឹតត្បិតតឹងរ៉ឹងលើកាំភ្លើង សិទ្ធិស្មើគ្នាសម្រាប់ក្រុមស្ត្រីដោយមានរួមបញ្ចូលសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចដោយខ្លួនឯងអំពីការរំលូតកូនហើយលោកស្រីបានសរសើរដល់ប្រវត្តិរបស់លោកក្នុងការគាំទ្រសិទ្ធិស្មើគ្នាសម្រាប់ពួកមនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នា និងពួកមនុស្សប្តូរភេទ ព្រមទាំងការគាំទ្រដល់ការកែទម្រង់នៃច្បាប់អន្តោប្រវេសន៍ផងដែរ។
លោក Kaine បានរិះគន់លោក Trump ដែលបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សសាធារណរដ្ឋថា ជាអ្នកជំនួញម្នាក់គ្មានចិត្តមេត្តាដែលបានបន្សល់ទុកនូវស្នាមដានមួយនៃជីវភាពខ្ទិចខ្ទាំនៅគ្រប់កន្លែងដែលគាត់បានទៅ។
សមាជិកព្រឹទ្ធសភារូបនេះបានមានប្រសាសន៍ក្នុងផ្នែកខ្លះនៃសុន្ទរកថារបស់លោកជាភាសាអេស្បាញ យ៉ាងស្ទាត់ជំនាញដោយលោកបានបង្ហាញខ្លួនលោកដល់ក្រុមអ្នកបោះឆ្នោត ហើយលោកបាននិយាយអំពីគ្រួសារលោក សេចក្តីថ្លៃថ្នូររបស់លោកដែលបានធំធាត់និងអំពីអាជីពរបស់លោកជាអភិបាលក្រុង អភិបាលរដ្ឋ និងជាសមាជិកសភាស.រ.អ.។ លោកបានមានប្រសាសន៍ថា គ្រួសារលោកមានជំនឿលើជំនឿសាសនា គ្រួសារនិងការងារ ជាសេចក្តីថ្លៃថ្នូរធំៗរបស់ពួកគេ៕