លោក Doug Jones ខាងគណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោតពិសេសដើម្បីបំពេញអាសនៈទំនេរមួយក្នុងព្រឹទ្ធសភាស.រ.អា.ដែលតំណាងរដ្ឋ Alabama ក្នុងផ្នែកខាងត្បូងស.រ.អា.។
មនុស្សជាច្រើនឃើញថា នេះជាដំណើរថយក្រោយមួយនៃគណបក្សសាធារណរដ្ឋ និងជាការស្តីបន្ទោសមួយដល់ប្រធានាធិបតី ត្រាំ ដែលបានគាំទ្រលោក Roy Moore បេក្ខជនខាងគណបក្សសាធារណរដ្ឋដែលមានបញ្ហាដោយសារមានការចោទប្រកាន់ជាច្រើនអំពីអាកប្បកិរិយាមិនសមរម្យខាងផ្លូវភេទ។
នៅក្រោយយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងតឹងតែង ក្រុមអ្នកបោះឆ្នោតបានគាំទ្រលោក Jones ច្រើនជាងលោក Moore ដោយមានចំនួន៤៩,៩ ភាគរយគាំទ្រលោក Jones ហើយ ៤៨,៤ភាគរយទៀតគាំទ្រលោក Moore។
លទ្ធផលនៃការបោះឆ្នោតនេះមានន័យថា ក្នុងខែមករានៅពេលដែលលោក Jones ស្បថសច្ចាប្រណិធានចូលកាន់តំណែងក្នុងព្រឹទ្ធសភាស.រ.អា. ចំនួនភាគច្រើននៃគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាដែលមានកៅអី១០០នឹងមានតិចជាងមុនដោយគណបក្សសាធារណរដ្ឋមាន៥១កៅអី ហើយគណបក្សប្រជាធិបតេយ្យមាន៤៩អាសនៈ ហើយការណ៍នេះធ្វើឱ្យប្រធានាធិបតី ត្រាំ មានការពិបាកច្រើនជាងមុនក្នុងការធ្វើឱ្យសម្រេចរបៀបវារៈរបស់លោក។
លោក Jones បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រលោកដែលអបអរសាទរនៅក្នុងសុន្ទរកថាទទួលជ័យជម្នះមួយកាលពីយប់ថ្ងៃអង្គារថា៖ «យើងបានបង្ហាញឱ្យឃើញមិនមែនតែនៅក្នុងរដ្ឋ Alabama តែប៉ុណ្ណោះទេ តែយើងបានបង្ហាញដល់ប្រទេសយើងនូវវិធីដែលយើងអាចរួបរួមគ្នាបានផងដែរ»។
លោកបាននិយាយដែរថា ព្រឹទ្ធសភាមានការងារច្រើនត្រូវធ្វើអំពីបញ្ហាសំខាន់ៗដែលប្រទេសកំពុងប្រឈម ដោយមានរួមបញ្ចូលការថែទាំសុខភាព, ការងារ និងសេដ្ឋកិច្ច។
នៅក្នុងការប្រមូលផ្តុំមួយរបស់លោកផ្ទាល់ លោក Moore មិនទាន់បានទទួលស្គាល់បរាជ័យរបស់លោកនៅឡើយទេ៕