លោក Biden ថា «លទ្ធិប្រជាធិបតេយ្យបានឈ្នះ» បន្ទាប់ពីអង្គបោះឆ្នោតសម្រេចជាផ្លូវការថាលោកជាប្រធានាធិបតីថ្មីរបស់អាមេរិក

  • Steve Herman

លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden ថ្លែងបន្ទាប់ពីអង្គបោះឆ្នោតសម្រេចជាផ្លូវការថាលោកជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅឯរោងសម្តែង The Queen ក្នុងទីក្រុង Wilmington រដ្ឋ Delware។

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា៖ «នៅ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ដួង​ព្រលឹង​សហរដ្ឋ​អាមេរិក​នេះ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឈ្នះ»។ លោក​ថ្លែង​ដូច្នេះ បន្ទាប់ពី​អង្គ​បោះឆ្នោត​បាន​បោះឆ្នោត​សម្រេច​ជា​ផ្លូវការ​ថា​លោក​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

ទោះបីជា​លោក Biden ជំរុញ​ពលរដ្ឋ​អាមេរិកាំង​ថា ឥឡូវ​នេះ​ជា​ពេល «សម្រាប់​សាមគ្គីភាព សម្រាប់​ការ​សម្រុះសម្រួល» ក៏ដោយ ក៏​លោក​បាន​រិះគន់​ជា​លើកដំបូង​ថា ការ​ប៉ុនប៉ង​របស់​លោក​ប្រធានាធិបតី Donald Trump និង​សម្ព័ន្ធ​មិត្ត​របស់​លោក Trump នៅ​ក្នុង​ការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត គឺ​ជា «ការ​វាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ដែល​មិន​ដែល​កើតឡើង​ពីមុន​មក»។

ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​សមាជិក​នៃ​អង្គ​បោះឆ្នោត​បាន​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ និង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក Biden បាន​និយាយ​ថា សូម្បីតែ​ការ​រំលោភ​អំណាច​ក៏​មិន​អាច​បញ្ឈប់​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​បាន​ដែរ។

លោក Biden បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ពី​ទីក្រុង Wilmington រដ្ឋ Delaware ថា៖ «យើង​ដែល​ជា​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត ជំនឿ​ទុកចិត្ត​លើ​ស្ថាប័ន​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក​នៅតែ​រក្សា​ដដែល ហើយ​សុចរិតភាព​នៃ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នៅតែ​រឹងមាំ​ដដែល»។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ អង្គ​បោះឆ្នោត​បាន​បោះឆ្នោត​ឲ្យ​លោក Biden ក្នុង​ចំនួន ៣០៦ សំឡេង និង​ឲ្យ​លោក Trump ក្នុង​ចំនួន ២៣២ សំឡេង ដែល​ធ្វើ​ឲ្យ​លោក Biden ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ពី​អង្គ​បោះឆ្នោត​លើស​ពី ២៧០ សំឡេង ដែល​ជា​ចំនួន​ត្រូវការ​ដើម្បី​បាន​ក្លាយជា​ប្រធានាធិបតី៕