ការប៉ះទង្គិចគ្នាតាមដងផ្លូវនៅតាមកន្លែងមួយចំនួនបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រវាងក្រុមគាំទ្រ និងក្រុមប្រឆាំងនឹងកិច្ចប្រឹងប្រែងដែលបរាជ័យរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលលោកបានចាញ់លោក Joe Biden ដែលជាគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ។
មនុស្សចំនួន ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារត្រូវបានគេចាក់ឲ្យរងរបួស ហើយមនុស្សចំនួន ២៣ នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់ស្នងការប៉ូលិសក្រុង។
កាលពីព្រឹកថ្ងៃដដែលនោះ ក្រុមអ្នកគាំទ្រខ្លាំងក្លាចំពោះលោកប្រធានាធិបតី Trump រាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ដើរដង្ហែក្បួន និងស្រែកបន្ទរឲ្យលោកប្រធានាធិបតីបន្ដកាន់តំណែងតទៅទៀត។ បាតុកម្មដូចគ្នានេះដែរបានកើតឡើងនៅក្នុងរដ្ឋមួយចំនួនទៀត ដែលក្រុមអ្នកច្បាប់របស់លោក Trump បានបរាជ័យក្នុងការប្ដឹងជំទាស់នឹងជ័យជម្នះរបស់លោក Biden។
បាតុកម្មនេះបានកើតឡើងក្នុងរយៈពេលពីរថ្ងៃ មុនពេលអង្គបោះឆ្នោតសហរដ្ឋអាមេរិកជួបប្រជុំគ្នាដើម្បីជ្រើសរើសលោក Biden ជាផ្លូវការជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
ថ្វីត្បិតតែការតវ៉ានេះត្រូវបានជំរុញលើកទឹកចិត្តអស់រយៈពេលរាប់សប្ដាហ៍មកហើយក៏ដោយ ក៏លោកប្រធានាធិបតី Trump បានបង្ហោះសារបែបភ្ញាក់ផ្អើលលើ Twitter ថា៖ «មនុស្សរាប់ពាន់នាក់ជួបជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបញ្ឈប់ការលួចបន្លំការបោះឆ្នោត។ [ខ្ញុំ]មិនដឹងពីរឿងនេះសោះ ប៉ុន្តែខ្ញុំនឹងជួបពួកគេ! #MAGA»។
តុលាការកំពូលសហរដ្ឋអាមេរិកបានច្រានចោលពាក្យបណ្ដឹងមួយរបស់ក្រុមរបស់លោក Trump នៅក្នុងរដ្ឋ Texas កាលពីថ្ងៃសុក្រ ដែលចង់ធ្វើមោឃភាពលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៤។
សេចក្ដីសម្រេចរបស់តុលាការកំពូលនេះបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump នៅក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតតាមរយៈតុលាការ។ សាលក្រមរបស់តុលាការសហព័ន្ធ និងតុលាការថ្នាក់រដ្ឋជាង ៥០ បានសម្រេចតម្កល់ជ័យជម្នះរបស់លោក Biden លើលោក Trump។
ការតវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមានឈ្មោះថា «បញ្ឈប់ការលួចបន្លំសន្លឹកឆ្នោត» ត្រូវបានដឹកនាំដោយលោក Michael Flynn ដែលជាអតីតទីប្រឹក្សាសន្ដិសុខជាតិរបស់លោក Trump ដែលត្រូវបានលោក Trump ផ្ដល់ការលើកលែងទោសឲ្យកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Flynn បានសារភាពទទួលកំហុសចំនួនពីរដងថាបាននិយាយកុហកប៉ូលិសស៊ើបអង្កេតសហព័ន្ធ (FBI)។
ក្រុមអ្នករៀបចំបាតុកម្ម និងក្រុមព្រះវិហារសាសនាគ្រិស្តនានា បានអំពាវនាវឲ្យក្រុមអ្នកគាំទ្របង្ហាញខ្លួននៅក្នុងការតវ៉ាដែលពួកគេហៅថា «Jerico Marches» និងការតវ៉ាបែបបន់ស្រន់។
លោក Flynn បានថ្លែងទៅកាន់ក្រុមបាតុករនៅមុខតុលាការកំពូលថា៖ «មិនថាសាលដីកាតុលាការកាលពីថ្ងៃម្សិលមិញយ៉ាងដូចម្ដេចនោះទេ...សូមអ្នករាល់គ្នាដកដង្ហើមឲ្យបានវែង»។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក Flynn បានថ្លែងថា៖ «យោបល់របស់ខ្ញុំទៅកាន់លោកអ្នកគឺថា ត្រូវត្រឡប់ទៅកន្លែងដើមរបស់លោកអ្នកវិញ» ហើយធ្វើការទាមទារ។ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានលម្អិតនោះទេ។
បាតុករតិចតួចណាស់ដែលបានគោរពតាមការណែនាំឲ្យពាក់ម៉ាស់ការពារ ខណៈដែលពួកគេនាំគ្នាដើរតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានី ដែលប៉ូលិសបានបិទចរាចរណ៍សម្រាប់ឲ្យពួកគេតវ៉ា។
ក្រុមអ្នកប្រកាន់ទស្សនៈស្ដាំនិយមជ្រុលរាប់រយនាក់ដែលមានឈ្មោះថា Proud Boys បានចូលរួមការតវ៉ានោះនៅក្បែរសណ្ឋាគារ Trump Hotel។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Retuers។ ក្រោយមក ក្រុមនេះបានជេរប្រមាថទៅវិញទៅមកជាមួយក្រុមបាតុករដែលមានឈ្មោះថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» (Black Lives Matter) ដែលមានចំនួនប្រហាក់ប្រហែលគ្នានេះ នៅក្បែរសេតវិមាន ដោយប៉ូលិសបានរក្សាឲ្យក្រុមទាំងពីរស្ថិតនៅឆ្ងាយពីគ្នា។
នៅក្នុងបទបញ្ជាខ្លីមួយដែលមិនមានចុះហត្ថលេខាកាលពីថ្ងៃសុក្រ តុលាការកំពូលបានឲ្យដឹងថា រដ្ឋ Texas មិនមានជំហរដើម្បីប្ដឹងរដ្ឋ Georgia រដ្ឋ Michigan រដ្ឋ Pennsylvania និងរដ្ឋ Wisconsin ទេ ដោយបន្ថែមថា រដ្ឋនេះ «មិនបានបង្ហាញនូវអំណះអំណាងដែលអាចយកទៅជំនុំជម្រះតាមផ្លូវច្បាប់បាននៅក្នុងបែបបទដែលរដ្ឋមួយផ្សេងទៀតរៀបចំការបោះឆ្នោតរបស់ខ្លួននោះឡើយ»។
ពាក្យបណ្ដឹងនេះត្រូវបានដាក់ប្ដឹងកាលពីថ្ងៃច័ន្ទ ដោយលោក Ken Paxton ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump និងជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ Texas ដែលមកពីគណបក្សសាធារណរដ្ឋ។ ពាក្យបណ្ដឹងនេះត្រូវបានគាំទ្រដោយអគ្គរដ្ឋអាជ្ញានៃរដ្ឋមួយចំនួនទៀតដែលមកពីគណបក្សសាធារណរដ្ឋ និងសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋចំនួន ១២៦ នាក់។
ពាក្យបណ្ដឹងនេះបានស្នើឲ្យតុលាការកំពូលពន្យារពេលការបោះឆ្នោតរបស់អង្គបោះឆ្នោត និងរារាំងកុំឲ្យអង្គបោះឆ្នោតនៃរដ្ឋដែលមានការប្រជែងខ្លាំងទាំង ៤ ខាងលើ ធ្វើការបោះឆ្នោតនៅក្នុងការជួបប្រជុំរបស់អង្គបោះឆ្នោតនៅថ្ងៃច័ន្ទស្អែកនេះ។
លោក Biden ឈ្នះបានអង្គបោះឆ្នោតចំនួន ៣០៦ ដែលច្រើនជាងចំនួនអង្គបោះឆ្នោតដែលលោកត្រូវការរហូតដល់ទៅ ៣៦ ដើម្បីបានក្លាយជាប្រធានាធិបតី។ ចំណែកឯលោក Trump វិញ ឈ្នះបាន អង្គបោះឆ្នោតចំនួន ២៣២។ ដោយគ្មានការពន្យារពេលពីតុលាការ គេរំពឹងថា អង្គបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងសម្រេចចុងក្រោយលើជ័យជម្នះរបស់លោក Biden នៅថ្ងៃច័ន្ទស្អែកនេះ៕