រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ម្នាក់របស់លោកប្រធានាធិបតី Donald Trump លាលែងពីតំណែង ខណៈពេលដែលមានភាពតានតឹងកើតឡើងជាមួយនឹងលោកប្រធានាធិបតីទាក់ទិននឹងការអះអាងដោយគ្មានមូលដ្ឋានរបស់លោកប្រធានាធិបតីអំពីការលួចបន្លំនៅក្នុងការបោះឆ្នោត និងការស៊ើបអង្កេតទៅលើករណីរបស់កូនប្រុសប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។
លោក Barr បានទៅកាន់សេតវិមានកាលពីថ្ងៃច័ន្ទ។ លោក Trump បាននិយាយថា លោករដ្ឋមន្ត្រីបានដាក់ពាក្យសុំលាលែងពីតំណែងនៅទីនោះ។ លោក Trump បានសម្តែងការខឹងសម្បារបស់លោកជាសាធារណៈចំពោះការលើកឡើងរបស់លោក Barr ទៅកាន់ទីភ្នាក់ងារព័ត៌មាន The Associated Press កាលពីដើមខែនេះ ដែលថា ក្រសួងយុត្តិធម៌មិនបានរកឃើញការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ដែលអាចនឹងផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីទេ។
នៅក្នុងលិខិតលាលែងពីតំណែងនោះ លោក Barr បានបញ្ជាក់ថា លោកនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌រហូតដល់ថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ។
លោក Trump និយាយថា អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បច្ចុប្បន្នលោក Jeff Rosen នឹងក្លាយជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងយុត្តិធម៌៕