សេតវិមានបាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រកាសអំពីសេចក្តីសម្រេចចិត្តរបស់គាត់នៅថ្ងៃអង្គារស្តីពីថាតើនឹងត្រូវបញ្ឈប់គោលនយោបាយរបស់រដ្ឋបាលលោកអូបាម៉ាដែលការពារកូនៗនៃពួកជនអន្តោប្រវេសន៍គ្មានឯកសារដែលបានចូលក្នុងស.រ.អា.ដោយខុសច្បាប់ឬយ៉ាងណា។
អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយប្រាប់ពួកអ្នកកាសែតកាលពីពេលមុននេះនេះថា រដ្ឋបាលលោកត្រាំ កំពុងពិនិត្យសើរើជាថ្មីនូវកម្មវិធីមួយមានឈ្មោះថា«សកម្មភាពត្រូវពន្យារពេលឱ្យពួកអ្នកមកដល់ប្រទេសអាមេរិកកាលពីក្មេង»ដែលភាសាអង់គ្លេសហៅថា Deferred Action for Childhood Arrivals (DACA)។
នៅពេលគាត់ធ្វើការឃោសនាបោះឆ្នោត លោក ត្រាំ បានសន្យាថានឹងលុបចោលកម្មវិធីនេះដោយគាត់ហៅកម្មវិធីនេះថាជា «ការលើកលែងទោស»។ ចាប់តាំងពីចូលកាន់តំណែងមក លោកបាននិយាយថាបញ្ហានេះជាបញ្ហាពិបាកបំផុតមួយដែលគាត់ត្រូវដោះស្រាយក្នុងឋានៈជាប្រធានាធិបតី។
លោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងនិងសមាជិកសភាមួយចំនួនខាងគណបក្សសាធារណរដ្ឋបានសុំកុំឱ្យប្រធានាធិបតី ត្រាំ លុបចោលកម្មវិធីនេះ។ លោក Ryan បានមានប្រសាសន៍ថាលោកមានជំនឿថាសភាស.រ.អា.គួរមានវិធីមួយដើម្បីការពារពួកមនុស្សដែលនៅពេលនេះឋិតនៅក្នុងកម្មវិធី DACA នោះ៕