ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​ក្តីសុបន្តិ​ថ្មី​អាច​នឹង​ជួយ​ដល់​មនុស្ស​វ័យ​ក្មេង​ដែល​មិន​មាន​លិខិត​ស្នាម


លោក Lindsey Graham ថ្លែង​អំពី​ច្បាប់​ដែល​គេ​ហៅ​ថា អ្នក​ប៉ងប្រថ្នា ឬ Dreamer ក្នុង​ពេល​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

សមាជិក​ពីរ​នាក់​នៃ​ព្រឹទ្ធសភា​ស.រ.អា.​បាន​ដាក់​ស្នើ​សេចក្តី​ព្រាងច្បាប់​មួយ​របស់​គណបក្ស​ទាំង​ពីរ​ដើម្បី​ផ្តល់​ការ​លើកលែង​ទោស​ដល់​ពួក​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​បានមក​រស់​នៅ​ក្នុង​ស.រ.អា.​កាល​ពី​ក្មេង។​

លោក Dick Durbin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក​ Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្សសាធារណរដ្ឋ បាន​ឧបត្ថម្ភរួម​គ្នា​នូវ​សេចក្តី​ព្រាង​ច្បាប់មួយ​ឈ្មោះ Dream Act of 2017 ដែល​នឹង​ធ្វើឱ្យ​ប្រាកដ​ប្រជា​នូវ​ឋានៈជា​អ្នករស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ស.រ.អា.​នៃ​មនុស្សវ័យ​ក្មេង​ប្រមាណ​មួយ​លាន​នាក់ ដែល​បានត្រូវ​ស្គាល់​ថា​ជា​អ្នកប៉ង​ប្រថ្នា​មក​រស់​ក្នុង​ប្រទេស​អាមេរិក​ភាសា​អង់គ្លេស​ហៅ​ថា​ Dreamers នៅក្រោយ​សេចក្តី​ព្រាងច្បាប់ 2001 Dream Ac និង​ដែល​បាន​ត្រូវ​នាំ​មក​រស់ក្នុង​ប្រទេសអាមេរិក​នៅ​ពេល​មាន​អាយុ​តិច​ជាង​១៧ឆ្នាំ​ហើយ​បាន​រស់​នៅក្នុង​ប្រទេស​នេះ​យ៉ាង​តិច​ណាស់​បួន​ឆ្នាំ។

សេចក្តី​ព្រាង​ច្បាប់នេះ​បើ​ត្រូវ​អនុម័ត​នឹង​ក្លាយ​ទៅ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​ដល់​ពួក​មនុស្ស​វ័យក្មេង​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​នេះ​នៅ​ពេល​ដែល​លោក Barack Obama កាន់​តំណែងប្រធានាធិបតី។ កម្មវិធី​នេះ​មាន​ឈ្មោះថា​សកម្មភាព​ពន្យារពេល​ឱ្យពួក​ជន​ដែល​មក​នៅ​ប្រទេស​អាមេរិក​កាល​ពី​ក្មេង​ភាសា​អង់គ្លេស​ហៅ​ថា​ Deferred Action for Childhood Arrivals ហៅ​កាត់​ថា​ DACA។​

ក៏​ប៉ន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏កម្មវិធី​ DACA កំពុង​មាន​បញ្ហា។ ​កាល​ពី​សប្តាហ៍​មុន លោក​ John Kelly រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ប្រាប់​ពួក​សមាជិក​នៃ​ក្រុម​សមាជិក​សភា​ស.រ.អា.​ដែល​មាន​ដើម​កំណើត​អេស្ប៉ាញ ថា​ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​មិន​ប្តេជ្ញា​ការពារ​កម្មវិធី​នេះ​ក្នុង​តុលាការ​ទេ​ពីព្រោះ​ពួក​មេធាវី​របស់​ក្រសួង​លោក​និយាយ​ថា​កម្មវិធី DACA មិនទំនង​ជា​នឹង​ស្ថិត​ជា​ធរមាន​បាន​ទេនៅ​ពេល​មាន​ការ​ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ដោយ​ពួក​មន្ត្រី​មួយ​ក្រុម​មក​ពី​រដ្ឋ១០ខាង​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG