ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានចេញអនុស្សរណៈ២ដែលបញ្ជាក់ពីការអនុវត្តបទបញ្ជារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់ខណៈដែលនិរទេសជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមចេញពីសហរដ្ឋអាមេរិក។
ឯកសាទាំងនោះ បានចេញផ្សាយកាលពីថ្ងៃអង្គារដោយលោក John Kelly រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិបានពង្រីកបញ្ជីឈ្មោះអាទិភាពសម្រាប់ជនអន្តោប្រវេសន៍ដែលប្រឈមការយកចេញពីប្រទេសអាមេរិក សង្ខេបផែនការដើម្បីជួលភ្នាក់ងារពង្រឹងច្បាប់រាប់ពាន់នាក់ ហើយចាត់តាំងឲ្យពួកអាជ្ញាធរមូលដ្ឋានធ្វើជាមន្រ្តីអន្តោប្រវេសន៍ដើម្បីអនុវត្តន៍ច្បាប់អន្តោប្រវេសន៍។
ឯកសារនោះបានសរសេរថា «ចូលជាធរមានជាបន្ទាន់ បុគ្គលិកក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកត្រូវតែអនុវត្តន៍ឲ្យបានស្មោះត្រង់នូវច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ្នកដែលត្រូវយកចេញពីប្រទេសអាមេរិក»។
អនុស្សរណៈទាំងនោះដែលបានធ្លាយចេញទៅកាន់បណ្តាញផ្សាយព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន មានការលើកលែងតែមួយគត់គឺ៖ អ្នកដែលទទួលបានការគាំទ្រពីច្បាប់ DACA គឺជនអន្តោប្រវេសន៍ដែលបានមកសហរដ្ឋអាមេរិកតាំងពីនៅក្មេងហើយបានត្រូវការពារនៅក្រោមកម្មវិធីនោះដែលបានបង្កើតឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។
ជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមប្រហែល៧សែន៥ម៉ឺននាក់ដែលបានត្រូវគេយកមកកាន់សហរដ្ឋអាមេរិកជាកូនក្មេង ដែលគេស្គាល់ថា «អ្នកសុបិន្ត»ដែលអាស្រ័យលើកម្មវិធីនេះដើម្បីរស់នៅនិងធ្វើការងារនៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការភ័យខ្លាចនិរទេសត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ៕