ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ដែលជាអ្នកកាន់អំណាចពិតប្រាកដនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលកាលពីពេលមុនបានព្រះរាជបន្ទូលថា ព្រះអង្គមានការភ័យខ្លាចថា «ព្រះអង្គនឹងចូលទីវង្គតដោយមិនបានសម្រេចជោគជ័យអ្វីដែលព្រះអង្គមាននៅក្នុងគំនិតរបស់ព្រះអង្គ»។
នៅពេលដែលភ័ស្តតាងកាន់តែច្រើនឡើងភ្ជាប់ព្រះអង្គទៅនឹងការសង្ស័យពីការធ្វើឃាតលោក Jamal Khashoggi អ្នកកាសែតនិងអ្នកប្រឆាំងនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានបាត់ខ្លួនកាលពី២សប្តាហ៍មុននៅក្នុងស្ថានកុងស៊ុលប្រទេសរបស់លោកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ការភ័យខ្លាចនេះ អាចក្លាយទៅជាទំនាយ។
បញ្ជីឈ្មោះរបស់ពាណិជ្ជករធំៗនិងរដ្ឋាភិបាលកាន់តែច្រើនឡើងដែលបានដកខ្លួនចេញពីសន្និសីទវិនិយោគទុនដែលគ្រោងឡើងនៅសប្តាហ៍ក្រោយនៅក្នុងរាជធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត។ ពួកអ្នកវិភាគនិយាយថា ការសន្យារបស់ព្រះអង្គម្ចាស់រាជទាយាទដើម្បីចាប់ផ្តើមស្ថាបនាប្រទេសអារ៉ាប៊ីសាអូឌីតថ្មីមួយ ហើយនិងធ្វើឲ្យព្រះរាជាណាចក្រអភិរក្សនិយមនេះក្លាយជារដ្ឋទំនើបមួយឥឡូវនេះហាក់ដូចជាស្ថិតនៅក្នុងភាពគ្រោះថ្នាក់។
សន្និសីទវិនិយោគទុននៅសប្តាហ៍ក្រោយដែលមានចំណងថា «កិច្ចផ្តួចផ្តើមនៃការវិនិយោគទុនពេលអនាគត» ត្រូវបានរៀបចំឡើងដោយព្រះអង្គម្ចាស់រាជទាយាទ ដែលមនុស្សជាច្រើនសង្ស័យថា បានបញ្ជាឲ្យសម្លាប់លោក Khashoggi។ សន្និសីទនេះត្រូវបានចាត់ទុកជា«សន្និសីទសេដ្ឋកិច្ចទីក្រុង Davos នៅតំបន់វាលខ្សាច់» ដែលជាការបង្ហាញផែនការកំណែទម្រង់សេដ្ឋកិច្ចហើយនិងការធ្វើនរូបនីយកម្មសង្គមដែលត្រូវបានគេហៅថា ទស្សនវិស័យឆ្នាំ២០៣០។
សន្និសីទនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសអារ៉ាប៊ីសាអូឌីតលើប្រេងហើយ និងផ្តល់ការងារថ្មីៗក្នុងផ្នែកនានាដែលមិនទាក់ទិននឹងឥន្ធនៈហ្វូស៊ីលដែលអារ៉ាប៊ីសាអូឌីតពឹងផ្អែក៕