មន្ត្រី​បក្ស​កាន់​អំណាច​​ការពារ​ការ​បង្ក្រាប​របស់​​លោក​ហ៊ុន សែន​ថា​ដើម្បី​«គុណភាព‍»​ប្រជាធិបតេយ្យ​ខ្មែរ​យូរ​អង្វែង​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ឃ្លំា​មើល​សិទ្ធិមនុស្ស​ Human Rights Watch​ ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ហៅ​លោក​ ​ហ៊ុន សែន​ ​ថា​ជា​មេដឹកនាំ​ក្រាញ​អំណាច​តាម​បែប​ផែន​ផ្តាច់ការ។

តំណាងរាស្ត្រ​វ័យ​ក្មេង​មណ្ឌល​ខេត្តព្រះវិហារ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សួស យ៉ារ៉ា​ ​បាន​ថ្លែង​ការពារ​បែបផែន​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​បាន​ចាត់​ទុក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​ជា​មេដឹកនាំ​ស្នូល​របស់​កម្ពុជា។

ថ្លែង​ជាមួយ​នឹង​អ្នក​សម្ភាសន៍​ម្នាក់​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ​«យុវជន​៧មករា»​ កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ ​លោក​ សួស យ៉ារ៉ា​ ​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ​ ​បាន​ថ្លែង​បញ្ជាក់​ពី​ការ​ច្នៃប្រឌិត​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ៖

«ប្រជាធិបតេយ្យ​ខ្មែរ​គឺ​គុណធម៌​ ហើយ​គុណធម៌​មាន​បួន​យ៉ាង​ដែល​យើង​ប្រើ​រៀងរាល់​ថ្ងៃ​ ហើយ​ប្រជាជន​ខ្មែរ​តែង​តែប្រើ​គ្រប់ការ​បង្រៀន​ប្រដៅ​កូន​ចៅ​ទាំង​អស់​ គឺ​មេត្តា​ ករុណា​ មុទិតា និង​ឧបេក្ខា។ នេះ​ហើយ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​របស់​កម្ពុជា​ នៅ​ពេល​ដែល​បាន​មេដឹកនាំ​ ដែល​មាន​អនុវត្តន៍​នយោបាយ​បែប​នេះ​ហើយ​ គឺ​ការ​ប្រកួតប្រជែង​ ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​អី​ទៅ​ក្នុង​ច្បាប់​ និង​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ​ ចឹង​បាន​បង​លើក​ឡើង​មក​ថា ប្រជាធិបតេយ្យ​មិន​មែន​ជា​រដ្ឋធម្មនុញ្ញ​ទេ​ ​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​តែ​ធ្វើ​តាម​ដូច​ចឹង​ទាំង​អស់​នោះ​ទេ។ ​ប្រជាធិបតេយ្យ​ជា​ទស្សនវិជ្ជា​និង​គំនិត​ ហើយ​និង​ជា​គោលការណ៍​មួយ​ដែល​ទាំងអស់​គ្នា​យក​មក​ច្នៃ​តាម​ប្រទេស​រៀងៗ​ខ្លួនៗ​។ នេះ​ហើយ​ដែល​យើង​ពិតប្រាកដ»។

​ការ​អធិប្បាយ​របស់​តំណាងរាស្ត្រ​រូប​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​បាន​បើក​ការ​វាយ​បង្រ្កាប​មិន​ញញើត​ដៃ​ទៅ​លើ​អង្គការ​សង្គមស៊ីវិល​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​ការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​ក្រោម​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ការ​រំលាយ​ចោល​គណ​បក្ស​សង្គ្រោះជាតិ​ ​ដោយ​អំណាច​តុលាការ​កំពូល​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ចំនួន​១១៨​នាក់​ ​ធ្វើ​នយោបាយនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ការ​បង្ខំ​ឲ្យ​អង្គភាព​ព័ត៌មាន​ឯករាជ្យ​ ​The Cambodia Daily​ ​បិទ​ទ្វារ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធដារ​ប្រាក់​រាប់​លាន​ដុល្លារ​ ​ហើយ​និង​ការ​ហាម​ឃាត់​វិទ្យុ​ ​FM​ ​ក្នុង​ស្រុក​មិន​ឲ្យ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ VOA និង​វិទ្យុ​អាស៊ីសេរី។​ ​វិទ្យុ​អាស៊ីសេរី​ ​ក្រោយ​មក​បានប្រកាស​បិទទ្វារ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ ​ក្រោម​ហេតុផល​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ គ្មាន​ចេតនា​ផ្តល់​សេរីភាព​ដល់​ក្រុម​ការងារ​ខ្លួន​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​ភ័យខ្លាច។

ការ​ថ្លែង​របស់អ្នក​នាំ​ពាក្យ​វ័យ​ក្មេង​នៃគណបក្ស​កាន់​អំណាច​រូប​នេះ​ ​ក៏​បាន​កើត​មាន​ឡើង​ ​ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការនៃ​ចលនា​សង្គ្រោះ​ជាតិ​ ​ដោយ​លោក ​សម រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ដើម្បី​បញ្ចៀស​ការ​ចាប់​ឃុំ​ខ្លួនដោយ​អាជ្ញាធរ​កម្ពុជា​ ​តាម​បណ្តឹង​របស់​ក្រុម​មេ​ដឹកនាំ​កម្ពុជា​ ​គ្រា​ដែល​សហការី​លោក​ ​គឺ​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ដែល​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​មេគង្គ​ ​និង​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​កុម្មុយនិស្ត​វៀតណាម។

ក្នុង​វីដេអូ​ខ្លី​រយៈពេល​ប្រមាណ​ជាង​៤នាទី​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​មហា​សន្និបាត​បក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ឈ្មោះ​ដើម​ថា​ ​«បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ»​ ​បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​ជ្រើសរើស​លោក​ ហ៊ុន សែន​ ជាឯកច្ឆន្ទ​ ជា​មេដឹកនាំ​ស្នូល​របស់​កម្ពុជា ហើយ​ថា​ លោក​ ហ៊ុន សែន ​នឹង​បន្សល់​ទុក​ប្រជាធិបតេយ្យ​មួយ​ដែល​មានគុណភាព​ដល់​ប្រជារាស្ត្រ​ខ្មែរ។

លោក​ សួស យ៉ារ៉ា ថ្លែង​បន្ត​ក្នុង​វីដេអូ​នោះ​ថា៖

«ចឹង​កម្ពុជា​ចាប់​ផ្តើម​កសាង​គ្រឹះ​ខ្លួន​ឯង​ ដោយ​ស្គាល់​ថា ​មេដឹកនាំ​ខ្លួន​ពិតប្រាកដ​ជា​នរណា? ចំណុច​នេះ​ហើយ​ ចំណុច​ពិសេស​ណាស់​ដែល​វេទិកា​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ជូន​ចំពោះ​មតិ​សាធារណជន​ ហើយ​និង​បង​ប្អូន​ទាំង​អស់​ដែល​ស្តាប់​នៅ​ទីនេះ​ ឲ្យ​បាន​ជ្រាប​ថា​ សម្តេច​តេជោ​ ហ៊ុន សែន​ គឺ​ជា​មេដឹកនាំ​ស្នូល​ សម្តេច ​ហ៊ុន សែន​ គឺជា​អគ្គមគ្គុទ្ទេសក៍​នៃ​ប្រជាជន។ បើ​យើង​បាន​ហើយ​ គោរព​គាត់​ស្រឡាញ់​គាត់​ អ្វី​ដែល​គាត់​បន្សល់​ឲ្យ​យើង​សម្រាប់​ ១០០ឆ្នាំ​ ៥០ឆ្នាំ​ ទៅ​១០០​ឆ្នាំ​ទៀត​នោះ​ គឺ​ប្រជាធិបតេយ្យ​ដែល​មាន​គុណភាព​ គឺ​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​គោរព​យូរអង្វែង​ ​នីតិរដ្ឋ​មួយ​នឹង​ត្រូវ​កសាង​ ហើយ​ការ​ធានា​រ៉ាប់​រង​ផ្នែក​សង្គមកិច្ច​ និង​ត្រូវ​បាន​គិត​គូរ​ដោយ​ពេញលេញ​ទាំង​ស្រុង»។​

របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch (HRW)​ ដែល​ចេញ​ផ្សាយ​មិន​ប៉ុន្មាន​ថ្ងៃ​ មុន​មហា​សន្និបាត​បក្ស​ប្រជាជន​កម្ពុជា​ បាន​រិះគន់​លើ​ការ​បង្ក្រាប​ចុង​ក្រោយ​នានា​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​គណបក្ស​ប្រឆាំង​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​ឈ្មោះ​ថា «របាយការណ៍​ពិភពលោក​ឆ្នាំ​២០១៨» ​និង​មាន​កម្រាស់​៦៤៣​ទំព័រ​ ​បាន​លើក​ឡើង​អំពី​ប្រទេស​កម្ពុជា​ ដោយ​ផ្តោត​លើ​ការ​បង្ក្រាប​ខាង​នយោបាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ដែល​បាន​ធ្វើ​ឲ្យ​រលត់​យ៉ាង​មាន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មិន​មាំ​ទាំ​របស់​ប្រទេស​ ដោយ​មិន​ខ្វល់​ពី​សិទ្ធិ​មូលដ្ឋាន​ផ្សេងៗ។

ម្ដាយ​ និង​ភរិយា​របស់​លោក​ កឹម​ សុខា​ ព្រម​ទាំង​សហ​មេធាវី ដើរ​ចេញ​ពី​សាលាឧទ្ធរណ៍​ បន្ទាប់​ពី​យក​ម្ហូប​ទៅ​ឲ្យ​លោក​ កឹម​ សុខា​ នា​ថ្ងៃ​សវនាការ​នៃ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/VOA)

របាយការណ៍បាន​ឲ្យ​ដឹងថា​ លោក​ ​ហ៊ុន សែន​ ​ដែល​គ្រប់គ្រង​កិច្ចការ​សន្តិសុខ​និង​តុលាការ​ប្រទេស​កម្ពុជា​ បាន​ពង្រីក​យុទ្ធនាការ​ចាប់​ខ្លួន​គេ​ឯង​តាម​តែ​អំពើ​ចិត្ត​របស់​លោក​ ​និង​ការ​កាត់​ទោស​មិន​ពេញ​លេញ​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​សកម្មជន​ និង​ក្រុម​ជំទាស់​ខាង​នយោបាយ។​ របាយការណ៍​បាន​បន្ត​ទៀត​ថា​ រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ​ អាជ្ញាធរ​បាន​គាបសង្កត់​ការ​តវ៉ា​និង​ដាក់​បម្រាម​លើ​ការ​ជួបជុំ​ និង​ការ​ហែរ​ក្បួន។​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ត្រូវ​បាន​គំរាមកំហែង​ជា​មួយ​នឹង​ការ​បិទទ្វារ​ ឬ​ត្រូវ​បាន​បិទ។ ហើយ​នៅ​ដំណាច់​ឆ្នាំ​២០១៧​ មាន​អ្នកទោស​នយោបាយ​ប្រមាណ​២០​នាក់​ ​បន្តជាប់​ក្នុង​ការ​ឃុំឃាំង។​

របាយការណ៍​នោះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«សកម្មភាព​របស់​លោក​ ហ៊ុន សែន​ ប្រឆាំង​នឹង​ក្រុម​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ភ័យ​ខ្លាច​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។​ គណបក្ស​ប្រឆាំង​បាន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​តាម​ការ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧»។

​លោក​ ប្រេដ​ អាដាមស៍​ (Brad Adams) ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​របាយការណ៍​ តាម​ន័យ​ដើម​ថា៖

«កេរដំណែល​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ចុង​ក្រោយ​នៅ​កម្ពុជា​ បាន​រសាត់​បាត់​ទៅ​នៅ​ក្នុង​ឆ្នាំ​ ២០១៧»។​

លោក​បាន​ថ្លែង​បន្ត​ថា៖

«លោក​ ហ៊ុន សែន​ បាន​បុក​គ្រឹះ​ការពារ​អំណាច​របស់​លោក​តាម​របៀប​ផ្តាច់ការ​រយៈពេល​៣៣​ឆ្នាំ​ ដោយ​មិន​ខ្វល់​ពី​សិទ្ធិ​មូលដ្ឋាន​នានា​របស់​ប្រជាជន​កម្ពុជា​ឡើយ»។

នៅ​គ្រា​ដែល​លោក​ ហ៊ុន សែន​ ត្រូវ​គេ​ជឿ​ថា​ ​មិន​ព្រម​បន្ធូរបន្ថយ​ដៃ​ ធ្វើ​បាប​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ ​លោក​ ​សម រង្ស៊ី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្តើម​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ប្រឈម​នឹង​ការ​បង្រ្កាប​មិន​បង្អង់​ដៃ​ផង​ដែរ​ ដោយ​ក្រុម​អាជ្ញាធរ​នៅ​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ចលនា​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ​ និង​ការ​បោះឆ្នោត​ត្រឹមត្រូវ​មួយ​នៅ​កម្ពុជា។

​ចំណែក​ឯ​លោក​ ឈឹម ផលវរុណ​ អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​អត្ថាធិប្បាយ​ផង​នោះ បាន​ហៅ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ថា​ ជា​ជោគជ័យ​មួយ​នៃ​ការ​បំផ្លាញ​អង្គការ​ចាត់​តាំង​នយោបាយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

លោក​ ​បាន​អះអាង​នៅ​លើ​ទំព័រហ្វេសប៊ុក​ «យុវជន​៧មករា‍»​ ​កាល​ពី​ចុង​ខែ​មករាឆ្នាំ​២០១៨​ ​ថា​ សេនារីយោ​ ​ថ្មី​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ គឺ​ជា​សេនារីយោ​ថ្មី​របស់​សហរដ្ឋ​អាមេរិក ដែល​លោក​ចាត់​ទុក​ថា​ ​ជា​ឪពុក​ម្តាយ​នយោបាយ​របស់​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ទៀត​ផង៕