មេរោគវីរុស COVID នៅ​តែ​បន្ត​រាលដាល​ទូទាំង​ពិភពលោក

ក្រុម​គ្រូពេទ្យ​ជួយ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​វីរុស​កូវីដ​១៩ នៅ​ពេល​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​វូហាន ដើម្បី​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ Huoshenshan នៅ​ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៤ មីនា ២០២០។

ប្រទេស​ចិន​ដែល​ជា​ប្រភព​នៃ​មេរោគ​វីរុស​កូរ៉ូណា​ដែល​រាល​ដាល​នៅ​ទូទាំង​ពិភព​លោក​បាន​បញ្ជាក់​ថា​ មាន​ការ​ឆ្លងថ្មីៗ​៩៩​ហើយ​ថា​ យ៉ាង​តិច​ណាស់​មាន​អ្នក​ស្លាប់​២៥​នាក់​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក។​

ការ​គំរាម​កំហែង​ដោយ​មេរោគ​នេះ​ហាក់​ដូចជា​ចុះ​ថម​ថយ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​ប្រភព​នៃ​ការឆ្លង​មេរោគ​នេះ​កាល​ពី​ខែ​ធ្នូ។

អង្គការ​សុខភាព​ពិភព​លោកបាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះថា​ មាន​ករណី​ថ្មីៗ​នៃ​មេរោគ​ COVID-19​ ជិត​១៧​ដង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ច្រើន​ជាង​នៅ​ខាង​ក្នុង​ព្រំដែន​ចិន។

ការ​រាលដាល​នៃ​ជំងឺ​នេះ​បាន​បង្ខំ​អ.ស.ប​.ឱ្យ​សុំ​ដល់​ប្រទេស​៩​ពន្យារ​ពេល​ការ​ដាក់​វេន​នៃ​ពួកទាហាន​ថែ​រក្សា​សន្តិភាព​របស់​ពួក​គេ​ចំនួន​បី​ខែ។

លោក​ Nick Birnback ​អ្នកនាំពាក្យ​ផ្នែក​ថែ​រក្សា​សន្តិភាព​របស់​អ.ស.ប.​បាន​និយាយ​ថា​ ការ​ពន្យារ​ពេល​នេះ​បាន​ត្រូវ​សុំ​ដើម្បី​រក្សាក​ម្លាំង​នៃ​កិច្ច​ប្រតិបត្តិការ​ និង​បំពេញ​កាតព្វកិច្ច​តាម​អាណត្តិ​របស់​ពួក​គេ។

ប្រទេស​ដែល​ពន្យារ​ពេល​ការ​ដាក់​វេន​នៃ​កង​កម្លាំង​ពួក​គេ​នៅក្នុង​បេសកកម្ម​នេះ​របស់​អ.ស.ប.​មាន​រួមប​ញ្ចូល​ប្រទេស​កម្ពុជា,​ ចិន, បារាំង,​ អាល្លឺម៉ង់, ឥណ្ឌា, អ៊ីតាលី, ណេប៉ាល់, កូរ៉េខាង​ត្បូងនិង​ប្រទេស​ថៃ។

កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានាធិបតី​ស.រ.អ.​ ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​សចក្តី​ព្រាង​ច្បាប់​មួយ​សម្រាប់​បញ្ចេញ​ប្រាក់​៨ពាន់៣រយ​លាន​ដុល្លារ​ដើម្បី​ចំណាយ​គ្រា​មាន​អាសន្ន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាល​ដាល​មេរោគ​វីរុសកូរ៉ូណា។

វិធានការ​នេះ​ផ្តល់​ប្រាក់​កាស​សម្រាប់​លទ្ធភាព​នៃ​ការព្យាបាល​និង​ការអភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ដើម្បី​ជួយ​រដ្ឋាភិបាល​រដ្ឋ​និង​រដ្ឋាភិបាល​មូលដ្ឋាន​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​នេះ។

រដ្ឋាភិបាល​មូលដ្ឋាន​មួយ​បែប​នេះ​គឺ​ស្រុក ​Montgomery រដ្ឋ​ Maryland ដែល​ជា​តំបន់​ជាយ​ក្រុង​មួយ​នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​បាន​បញ្ជាក់​អំពី​ករណី​អ្នក​មាន​ជំងឺ​នេះ​ដំបូង​របស់​ផង​ខ្លួន​ក្នុង​សប្តាហ៍​នេះ។

ទឹក​ប្រាក់​នេះ​មាន​រួម​បញ្ចូល​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍថ្នាំ​វ៉ាក់សាំង,​ប្រដាប់​ធ្វើ​តេស្ត​ និង​ការ​ព្យាបាល, ៨០០​លាន​ដុល្លារ​សម្រាប់​ការ​ស្រាវជ្រាវ​រក​វិធី​ព្យាបាល, ២,២០០​លាន​ដុល្លារ​សម្រាប់​ការ​បញ្ចៀស​កុំ​ឱ្យ​មាន​ជំងឺ​នេះ​និង​ការ​ឆ្លើយ​តប,​១,២៥០​លាន​ដុល្លារ​សម្រាប់​វិធាន​ការ​ទប់​មិន​ឱ្​យរាលដាល​សាកល​និង​១ពាន់​លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដល់​ទីភ្នាក់ងារ​សុខាភិបាល​រដ្ឋ​និង​មូលដ្ឋាន៕