គ្រូពេទ្យបូរាណដែលសុំបញ្ចេញតែឈ្មោះផ្ទាល់ខ្លួនឈ្មោះលោក Dewah បាននិយាយថា បណ្តាញ គ្លីនិកនៃថ្នាំបូរាណរបស់លោកនៅទូទាំងប្រទេសកាមេរូនមានអ្នកជំងឺច្រើននាក់ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩តាំងពីខែមីនាមក។
លោកបាននិយាយតាមរយៈបណ្តាញ messaging application ពីក្រុង Kumba នៅក្នុងប៉ែកនិរតីនៃប្រទេសកាមេរូនថា ក្នុងរយៈពេលពីរខែកន្លងទៅនេះ លោកបានទទួលមនុស្សយ៉ាងតិចណាស់៨រយនាក់ពីប្រទេសកាមេរូន ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសឆាដ ដែលនិយាយថា ពួកគេប្រញាប់ប្រញ៉ាល់រកថ្នាំបូរាណអាហ្វ្រិក ពីព្រោះមានគេនិយាយថា គ្មានការព្យាបាលជំងឺកូវីដ១៩ឱ្យជាសះស្បើយតាមវេជ្ជសាស្ត្រទំនើបទេ។
លោក Dewah បានថ្លែងថា មានតម្រូវការឱសថបូរាណច្រើនដែលនាំឱ្យលោកមិនអាចព្យាបាលអ្នកជំងឺខ្លះដោយសារលោកអស់ថ្នាំផលិតពីរុក្ខជាតិដែលលោករកបានពីព្រៃ។
ទោះណាជាគ្មានភស្តុតាងខាងវិទ្យាសាស្ត្រក៏ដោយក៏លោកនិយាយអះអាងថា ថ្នាំបូរាណនេះអាចព្យាបាលរោគសញ្ញាទាំងអស់នៃជំងឺកូវីដ១៩ ហើយបានជួយពួកអ្នកជំងឺឱ្យផុតពីការស្លាប់ថែមទៀតផង។
អ្នកស្រី Dianne Sop ដែលជាពេទ្យបុរាណម្នាក់នៅក្នុងក្រុង Yaounde បាននិយាយថា កាលពីខែមុន អ្នកស្រីបានទទួលអ្នកជំងឺប្រមាណ២០០នាក់ដែលស្វះស្វែងរកការព្យាបាលជំងឺកូវីដ១៩។
អ្នកស្រី Sop បាននិយាយថា កាលពីព្រឹកថ្ងៃអង្គារទី១២ ខែឧសភា អ្នកស្រីបានទទួលអ្នកជំងឺ១០នាក់ក៏ប៉ុន្តែអ្នកស្រីត្រូវតែបញ្ជូនអ្នកជំងឺបួននាក់ទៅវិញ ពីព្រោះអ្នកស្រីរង់ចាំទទួលឱសថបូរាណថែមទៀត។
ពួកអ្នកស្រាវជ្រាវខាងវេជ្ជសាស្ត្រ ពួកវេជ្ជបណ្ឌិត និងរដ្ឋាភិបាលប្រទេសកាមេរូនបានសុំឲ្យពួកអ្នកជំងឺកុំពឹងពាក់លើថ្នាំបូរាណសម្រាប់ព្យាបាលជំងឺកូវីដ១៩ ហើយត្រូវតែរកការព្យាបាលនៅក្នុងមន្ទីរពេទ្យវិញ។
អ្នកស្រី Merilyne Peyou ដែលជាឱសថការិនីនៅក្នុងក្រុង Douala កត់សម្គាល់ថា ពលរដ្ឋកាមេរូនច្រើននាក់រស់នៅឆ្ងាយពីមន្ទីរពេទ្យ ក៏ប៉ុន្តែអាចរកឱសថបូរាណបានដោយងាយ។
អ្នកស្រី Peyou និយាយថា ឱសថជាច្រើនដែលលក់នៅក្នុងមន្ទីរពេទ្យនិងឱសថស្ថាននៅក្នុងទ្វីប អាហ្វ្រិកមានប្រភពពីរុក្ខជាតិមានក្លិនក្រអូបប្រើធ្វើគ្រឿងទេស ឬថ្នាំនិងស្លឹកឈើ ដែលបានត្រូវប្រើដោយមានប្រសិទ្ធភាពសម្រាប់ព្យាបាលពលរដ្ឋអាហ្វ្រិកនៅមុនពេលមានវេជ្ជសាស្ត្រទំនើប។ អ្នកស្រី Peyouបានថ្លែងបន្ថែមទៀតថា ឧបសគ្គនៃថ្នាំបូរាណអាហ្វ្រិកគឺមានការពិបាកក្នុងការរក្សាទុកថ្នាំទាំងនេះ។ឱសថបូរាណទាំងនេះអាចធ្វើឲ្យពុលហើយពួកពេទ្យបូរាណមិនដឹងអំពីខ្នាតថ្នាំដែលពួកគេឱ្យអ្នកជំងឺប្រើទេ។
កាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា ក្រសួងសុខាភិបាលប្រទេសកាមេរូនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយព្រមានថា ការអះអាងដោយពួកពេទ្យបូរាណដែលនិយាយថា ពួកគេអាចព្យាបាលជំងឺកូវីដ១៩នោះគឺគ្រាន់តែជាការទាញយកប្រយោជន៍ខាងហិរញ្ញវត្ថុពីពួកជនដែលរងគ្រោះដោយសារវីរុសនេះឬដែលព្រួយបារម្ភអំពីជំងឺកូវីដ១៩។
លោក Gidium Peliegho ដែលជាអ្នកស្រាវជ្រាវខាងឱសថបុរាណបាននិយាយថា អាជ្ញាធរគួរធ្វើការដើម្បីឱ្យដឹងថា រុក្ខជាតិមានក្លិនក្រអូបប្រើធ្វើគ្រឿងទេស ឬថ្នាំណាខ្លះដែលអាចព្យាបាលជំងឺកូវីដ១៩បានហើយអាជ្ញាធរគួរជួយអភិវឌ្ឍការព្យាបាលជំងឺនេះឱ្យជាសះស្បើយផង។
លោក Peliegho និយាយថា៖ «យើងត្រូវការជំនួយហិរញ្ញវត្ថុនិងជំនួយផ្លូវចិត្ត។ នេះមិនមែនជាពេលវេលាដែលគិតតែពីការសង្ស័យថា ថ្នាំបូរាណអាហ្វ្រិកមិនអាចជួយអ្វីកើតនោះទេ។ អ្វីដែលយើងយកចិត្តទុកដាក់បំផុតគឺជួយសង្គ្រោះមនុស្សក្នុងពិភពលោកដែលរងគ្រោះដោយសារជំងឺនេះ»។
អង្គការសុខភាពពិភពលោក (WHO) បានកត់សម្គាល់ថា ការប្រើឱសថដើម្បីព្យាបាលជំងឺកូវីដ១៩ដែលមិនបានត្រូវស្រាវជ្រាវមាំទាំអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៤ ខែឧសភា អង្គការសុខភាពពិភពលោកបាននិយាយថា ឱសថដែលមិនបានត្រូវធ្វើតេស្ត និងមិនបានបង្ហាញថា មានប្រសិទ្ធភាពនោះនាំឱ្យមានការយល់ច្រឡំហើយបំបែកអារម្មណ៍ពីវិធានការដែលមានប្រសិទ្ធភាពដូចជាការលាងសម្អាតដៃនិងការនៅឃ្លាតពីគ្នាជាដើម៕
ប្រែសម្រួលដោយលោកឈឹម សុមេធ