ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​បន្ធូរ​ការ​រឹត​បន្តឹងដោយសារ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​​បន្ត​ការ​នៅ​ឃ្លាត​ពី​គ្នានិង​ការ​រក្សា​អានាម័យ


រូបឯកសារ៖ អ្នកថ្មើរជើងឆ្លងថ្នល់មួយនៅក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកថ្មើរជើងឆ្លងថ្នល់មួយនៅក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

រដ្ឋ Victoria នៃប្រទេស​អូស្រ្តាលី​បានបន្ថូរបន្ថយការរឹត​បន្តឹង​ទាក់ទងនឹង​ជំងឺ​កូវីដ១៩ នៅថ្ងៃ​សប្តាហ៍​នេះ​ នៅពេលដែល​អាជ្ញាធរ​បានបន្ថយ​វិធានការណ៏តឹងរឹងក្នុង​ការត្រួតពិនិត្យជំងឺ​នេះ។​ ប្រទេស​អូស្រ្តាលី​ មានចំនួន​អ្នកឆ្លង​វីរ៉ុស​កូរ៉ូណាចំនួន​៦៩០០ករណី​។ អ្នក​ជំងឺ​ជាង៦០០០នាក់ បានជាសះស្បើយ ហើយ​មនុស្ស៩៧នាក់​បានស្លាប់។

រដ្ឋ Victoria ​ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាង​គេទី២​ក្នុងប្រទេស​អូស្រ្តាលី​ បានចាត់វិធានការណ៏​តឹង​រឹងបំផុតក្នុង​ការ​បិទ​រដ្ឋ​របស់​ខ្លូន​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​កូវីដ​១៩​។​

​រដ្ឋាភិបាលរបស់រដ្ឋនេះបាន​ប្រកាសពី​ «ជំហាន​តូច​ដំបូង»​ របស់ខ្លួន​នៅក្នុង​ការបន្ធូរបន្ថយ​នៃការ​រឹត​បន្តឹង​ទាក់ទងនិងជំងឺ​កូវីដ១៩។ សកម្មភាព​កីឡា​និងការជួបជុំហាត់ប្រាណ​ត្រូវបានអនុញ្ញាតិឲ្យ​ដំណើរ​ការឡើងវិញ ​សំរាប់​ចំនួន​មនុស្ស​ដែល​មាន​គ្នាមិន​លើស​ពី១០នាក់ក្នុងមួយក្រុមៗ​។​ ការ​ដើរ​ហាត់​ប្រាណតាម​ព្រៃ​ភ្នំ​ ការ​ស្ទូចត្រី​ ការ​ប្រមាញ់​សត្វ​ នឹងត្រូវ​បាន​អនុញ្ញតិ​ផង​ដែរចាប់​ពីយប់​ថ្ងៃ​អង្គារ៍ទៅ ប៉ុន្តែ​ការ​នៅដាច់​ពីគ្នា និង​វិធានការណ៏​អនាម័យ នៅតែត្រូវ​បានដាក់អោយ​អនុវត្តដដែល។​ ក្រុមមនុស្ស​ដែលមាន​ចំនួន​ច្រើន​ ​ក៏ត្រូវបាន​អនុញ្ញាតិផង​ដែរ ឲ្យចូល​រួម​ក្នុង​ពិធីមង្គលការ ឬពិធី​បុណ្យ​សព។

ម្ចាស់លំនៅដ្ឋាននីមួយៗ អាចទទួល​ភ្ញៀវ​មក​លេងផ្ទះ​របស់​ខ្លួន​៥នាក់​ក្នុងមួយពេលៗ​។​ ​អភិបាល​រដ្ឋ Victoria លោក Daniel Andrews បានទទូច​ឲ្យពលរដ្ឋ​ប្រកាន់​យក​វិធានការណ៏​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​។ ​

​លោក​បាន​ថ្លែង​តាម​សម្តី​ដើម​ថា៖ «នៅ​ពេល​ដែល​មាន​ការអនុញ្ញាតិ​ឲ្យ​អ្នក​ចេញ​ទៅ​ក្រៅ​ ដើម្បី​ញាំអាហារ​ ឬទៅលេង​គ្រួសារ​ និង​មិត្ត​ភ័ក្ត នេះ​មិនមែន​មានន័យថា​ ជាការ​អនុញ្ញាតិ​ឲ្យមានពិធីជប់​លៀង​នៅ​គ្រប់​ផ្ទះ ​រាល់​យប់នោះទេ» ។

ហាង​កាហ្វេ​និងភោជនីយដ្ឋានក្នុង​រដ្ឋ Victoria នៅ​តែអនុញ្ញាតិអោយ​មានការកុម្ម៉ង់ម្ហូប​និង​ភេសជ្ជៈយក​ទៅ​ផ្ទះ​ ហើយ​សាលារៀន​ត្រូវ​គេរំពឹង​ថានឹង​បើកឡើង​វិញ​ ក្នុង​រយៈ​ពេល​៤​ សប្តាហ៏​ខាង​មុខ​ទៀត។ ​

សិស្សនិស្សិតក្នុង​រដ្ឋ New South Wales បានត្រឡប់​ទៅ​កាន់​ថ្នាក់​រៀន​ក្នុង​តំណាក់កាលដំបូង ដោយ​ចាប់ផ្តើម​ចូលរៀន​មួយ​ថ្ងៃ​ក្នុង​មួយសប្តាហ៏។

នៅ​ថ្ងៃ​សុក្រ​នេះ បារាំកំសាន្តនៅទឹក​ដីនៅ​ភាគ​ខាងជើងប្រ​ទេសអូស្រ្តាលី​នេះ ក៏នឹងត្រូវអនុញ្ញាតិ​ អោយ​បើក​ឡើង​វិញ​ផង​ដែរ។​ អាជ្ញាធររដ្ឋ​ភាគខាង​ត្បូង​ប្រទេស​អូស្ត្រាលី​ បាន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ធ្វើដំណើរ​ក្នុង​តំបន់​ និង​ការចេញ​ទៅ​ញាំ​អាហារ​នៅ​ខាង​ក្រៅ។​

នៅ​ពេល​ការរិត​ត្បិត​ត្រូវ​បានគេ​បន្ធូរបន្ថយ​ អា​ជ្ញាធរ​សុខាភិបាល​នៅ​ទូ​ទាំង​ប្រទេស​អូស្ត្រាលី​ បាន​ព្រមាន​ថា​ ការ​ប្រថុយ​និង​គ្រោះ​ថា្នក់​បំផុត​នៃការ​ឆ្លង​ជំងឺកូវីដ​១៩​ គឺការ​មិនយកចិត្ត​ទុកដាក់​និងការមិន​ប្រុង​ប្រយ័ត្ន។​

ថវិកា​ចាយ​វាយរបស់​រដ្ឋាភិបាល​សហព័ន្ធអូស្ត្រាលី ​ដើម​ដំបូង​គ្រោង​នឹង​ចេញផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ៏នេះ​ ក៏ប៉ុន្តែ​ត្រូវបាន​លើកពេល​វិញ ដោយសារតែជម្ងឺរាតត្បាតនេះ។ ការប្រកាស​ពីថវិកា​សហព័ន្ធ​នេះ នឹង​ត្រូវ​លើក​ពេល​រហូត​ដល់​ខែ​តុលា​ ហើយ​រដ្ឋាភិបាល​កំពុង​ប៉ាន់ប្រមាណ​ពីវិបតិ្ត​នៃ​វីរ៉ុស​កូរ៉ូណា​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ឱនភាព​ហិរញ្ញវត្ថុ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​អូស្ត្រាលី៕

ប្រែ​សម្រួល​ដោយ ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG