នៅមុនមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ (COVID-19) មនុស្ស១១៣លាននាក់នៅលើផែនដីបានរងគ្រោះស្រេចហើយដោយសារអសន្តិសុខខាងម្ហូប អាហារយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីបញ្ហាដែលមានតាំងពីដូចជាមហន្តរាយធម្មជាតិឬវិបត្តិនានា។
ឧទាហរណ៍អាក្រក់បំផុតគឺប្រទេសអេត្យូពី ប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី។ ទីភ្នាក់ងារខាងម្ហូបអាហាររបស់អ.ស.ប.និយាយថា នៅក្នុងប្រទេសទាំងនេះ មនុស្ស១២លាននាក់មានបញ្ហាធ្ងន់ធ្ងរស្រេច ហើយដោយសារការរាំងស្ងួតអូសបន្លាយយូរ ការច្រូតកាត់មិនបានផលល្អ និងលើសពីនេះទៅទៀតគឺ ហ្វូងកណ្តូបធំៗបានបំផ្លាញដំណាំនិងវាលស្មៅកាលពីខែធ្នូនិងខែមករា។
នៅក្នុងរបាយការណ៍មួយចេញផ្សាយពីខែមេសា បណ្តាញបញ្ចៀសវិបត្តិម្ហូបអាហារនិយាយថា សង្គ្រាមបានបង្កើតឱ្យមានការខ្វះខាតម្ហូបអាហារនិងខ្វះអាហារូបត្ថម្ភនៅក្នុងអាងបឹង Chad តំបន់ Liptako-Gourma នៃប្រទេសម៉ាលី នីហ្សេរីយ៉ា និងប្រទេស Burkina Faso និងនៅក្នុងផ្នែកនានានៃប្រទេសនីហ្សេរីយ៉ាផងដែរ។ បណ្តាញនេះនិយាយថា មនុស្សប្រមាណ១៧លាននាក់នឹងប្រឈមនឹងវិបត្តិម្ហូបអាហារនិងអាហារូបត្ថម្ភនៅក្នុងខែមិថុនានិងខែសីហានៅក្នុងតំបន់នោះ។
លោក Issoufou Baoua ជាអ្នកជំនាញធ្វើការនៅអង្គការគណៈកម្មាធិការអន្តររដ្ឋអចិន្ត្រៃយ៍សម្រាប់ការគ្រប់គ្រងការរាំងស្ងួតនៅក្នុងតំបន់ Sahel។ លោកព្រមានថាមនុស្ស៥០លាននាក់កំពុងមាន «ការថប់អារម្មណ៍» និងអាចមានហានិភ័យធ្លាក់ទៅក្នុងវិបត្តិនេះ។
លោក Issoufou Baoua បានពន្យល់ថា ពួកមនុស្សដែលកំពុងតប់ប្រម៉ល់ទាំងនេះ អាចមានម្ហូបអាហារបរិភោគបាន ក៏ប៉ុន្តែពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយក្រៅពីម្ហូបអាហារទេ។
ជាឧទាហរណ៍ប្រសិនបើមាននរណាម្នាក់ឈឺ ពួកគេត្រូវតែលក់ស្តុកខ្លះនៃម្ហូបអាហាររបស់ពួកគេ ដើម្បីបង់សោហ៊ុយក្នុងការព្យាបាលជំងឺ។ លោកនិយាយថា បន្ទាប់មកពួកគេក៏មានបញ្ហាធ្ងន់ធ្ងរ។
ការរាតត្បាតជាសាកលនៃមេរោគកូរ៉ូណានិងវិធានការទប់ទល់នឹងជំងឺនេះក៏ជាឧបសគ្គមួយដែរ។ ប្រទេសអាហ្វ្រិកខាងត្បូងបានបន្តការបិទប្រទេសរហូតដល់ចុងខែមេសា ពីព្រោះការឆ្លងជំងឺនេះនៅតែមានតទៅទៀត។ ប្រទេសឯទៀតៗបានដាក់បំរាមគោចរ។
លោក Sekou Sangare ជាស្នងការខាងកសិកម្ម បរិស្ថាន និងប្រភពទឹកនៃសហគមន៍សេដ្ឋកិច្ចពពួករដ្ឋក្នុងប៉ែកខាងលិចនៃទ្វីបអាហ្វ្រិក ហៅកាត់ថា ECOWAS។ លោកនិយាយថា ទោះណាជាមានការបិទព្រំដែននិងការរឹតត្បិតនៅខាងក្នុងប្រទេសក៏ដោយ ក៏ត្រូវតែមានម្ហូបអាហារដែរ។
លោក Sekou Sangare និយាយថា វិធានការចាំបាច់ក្នុងការបិទប្រទេសនេះមិនគួររារាំងក្រុមកសិករមិនឱ្យលក់ផលិតផលរបស់ពួកគេក្នុងផ្សារទេ។ លោកថ្លែងថា បើមិនធ្វើដូច្នេះទេ ការណ៍នេះអាចនាំឱ្យមានការបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ បណ្តាលឱ្យមានការខ្វះខាតម្ហូបអាហារនិងមានការបង្កើនតម្លៃផងដែរ។
អង្គការក្រៅរដ្ឋាភិបាលខ្លះព្រមានថា វិធីដោះស្រាយមិនល្អអាចនាំឲ្យមានបញ្ហាអាក្រក់ជាងជំងឺទៅទៀតនៅក្នុងប្រទេសនានាដែលមានសេដ្ឋកិច្ចមិនមាំទាំ។ អង្គការសកម្មភាពប្រឆាំងនឹងការស្រេកឃ្លានព្រមានថា ការស្រេកឃ្លានអាចនាំឱ្យមានជនរងគ្រោះច្រើនជាងមនុស្សស្លាប់ដោយសារមេរោគនេះទៅទៀត។
លោក Pierre Micheletti ជាប្រធាននៃអង្គការនេះ។ លោកនិយាយថា វិធានការនៃការបិទប្រទេសមានន័យថា ជាការបញ្ឈប់ការងារសម្រាប់ពួកមនុស្សដែលខិតខំប្រឹងប្រែងដើម្បីរស់ ដែលភាគច្រើនជាអ្នកមានការងារក្រៅផ្លូវការ។ លោកយល់ថា ប្រព័ន្ធសន្តិសុខទាំងមូលនិងការផ្តល់ប្រាក់ជំនួយបង្គ្រប់ដែលពួកប្រទេសអភិវឌ្ឍន៍អាចធ្វើបាននោះ មិនមែនជាការយល់ឃើញប្រាកដនិយមមួយនៅក្នុងពួកប្រទេសកំពុងអភិវឌ្ឍន៍ទេ៕
ប្រែសម្រួលដោយឈឹម សុមេធ