ខណៈដែលប្រទេសចិនបន្តយកឈ្នះការរីករាលដាលនៃជំងឺកូវីដ១៩ ទីក្រុងដែលជាកន្លែងចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងសាកលលោកនេះ កំពុងចាប់ផ្តើមផលិតនាវាសម្រាប់សម្រាប់យោធា និងពាណិជ្ជកម្ម ដែលជាផ្នែកនៃការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ នេះបើតាមការលើកឡើងរបស់សារព័ត៌មានក្នុងស្រុកនិងក្រុមអ្នកជំនាញ។
គេហទំព័រសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនសរសេរថា រោងចក្រផលិតនាវា និងនាវាជ្រមុជទឹកដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងក្រុងវូហានបានធ្វើការលើសម៉ោងចាប់តាំងពីថ្ងៃទី៣ ខែមីនា។ គេហទំព័រនេះសរសេរថា រោងចក្ររបស់ក្រុមហ៊ុន China State Shipbuilding Corp. «កំពុងធ្វើការសងពេលវេលាដែលខាតបង់នៅក្នុងពេលបិទក្រុងនេះ» និងបន្ត «គម្រោងដ៏សំខាន់ និងសម្ងាត់នេះ» ទៅតាមផែនការ។
លោក Collin Koh ដែលជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ប្រទេសចិនចាត់ទុកទីក្រុងវូហាន ដែលជាកន្លែងចាប់ផ្តើមជំងឺកូវីដ១៩នៅក្នុងខែធ្នូ ជាតំបន់ដ៏សំខាន់ក្នុងសាងសង់នាវាសម្រាប់កងទ័ពជើងទឹករំដោះប្រជាជនចិន (People’s Liberation Army Navy)។
លោក Collin Koh បានបន្ថែមថា រោងចក្រនានានៅតំបន់ឧស្សាហកម្មភូមិភាគកណ្តាលរបស់ចិនផលិតនាវាជ្រមុជទឹកសម្រាប់នាំចេញ ដូចជានាំចេញទៅប្រទេសប៉ាគីស្ថាន និងប្រទេសថៃជាដើម។
លោក Koh បាននិយាយថា៖«ទីក្រុងវូហានគឺជាទីក្រុងឧស្សាហកម្មមួយ សម្រាប់ការផលិតក្នុងគោលបំណងធ្វើទំនើបកម្មកងទ័ពរំដោះប្រជាជនចិន។ នៅពេលអ្នកនិយាយពីការនាំចេញនាវាជ្រមុជទឹក នេះនឹងក្លាយទៅជាចំណុចស្នូលនៃការនាំចេញអាវុធនាពេលបច្ចុប្បន្ន និងអនាគតរបស់ចិន»។
អង្គការ GlobalSecurity.org ជាអង្គការស្រាវជ្រាវផ្នែកការពារជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អង្គការនេះនិយាយថា ក្នុងន័យនេះ ក្រុមហ៊ុនWuchang Shipbuilding Industry Co. ដែលជាក្រុមហ៊ុនម៉ៅការក្នុងវិស័យការពារជាតិរបស់ចិន បានសាងសង់រោងចក្រមួយកាលពី១០ឆ្នាំមុន នៅលើដីទំហំ៣,៣គីឡូម៉ែត្រការ៉េនៅក្នុងក្រុងវូហាន។ អង្គការនេះបន្ថែមថា រោងចក្រនេះ «បានរួមចំណែកយ៉ាងច្រើនក្នុងការធ្វើទំនើបកម្មលើបរិក្ខារកងទ័ពជើងទឹក និងទំនើបកម្មផ្នែកការពារជាតិរបស់ចិន»។
របាយការណ៍របស់សារព័ត៌មាន Global Times បានសរសេរថា ក្រុមហ៊ុនWuchang Shipbuilding អនុញ្ញាតឱ្យកម្មកររបស់ខ្លួនមកធ្វើការវិញនៅថ្ងៃទី២៦ ខែមីនា មុននឹងរោងចក្របើកដំណើរការឡើងវិញនៅថ្ងៃទី២៧ ខែមីនា។ ក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនChina State Shipbuilding Corp. មួយនេះផលិតនាវានិងនាវាជ្រមុជទឹក។
ទោះជាទីតាំងរបស់ក្រុងវូហានមានចម្ងាយ៨៤០គីឡូម៉ែត្រពីសមុទ្រក្តី នាវាដែលផលិតរួចអាចត្រូវបានគេដឹងទៅដល់បណ្តោយឆ្នេរសមុទ្រចិនឆ្លងកាត់តាមទន្លេយ៉ង់សេ។
លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រជំនាញផ្នែកការពារជាតិនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់និយាយថា ទីក្រុងវូហានក៏មានភាពល្បីល្បាញសម្រាប់សាលាយោធាមួយ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវអាវុធជីវសាស្ត្រគីមីរបស់កងទ័ពរំដោះប្រជាជនចិន និងកន្លែងស្តុកសម្ភារៈយោធា។
លោក Huang បាននិយាយថា «ទីក្រុងវូហានគឺជាចំណុចកណ្តាល ឬប្រហែលជាកន្លែងសំខាន់បំផុតសម្រាប់កិច្ចការមួយចំនួន»។ អ្វីដែលខ្ញុំដឹងរួមមាន មជ្ឈមណ្ឌលភស្តុភារ វិទ្យាស្ថានស្រាវជ្រាវជីវសាស្ត្រគីមី និងសេវាដឹកជញ្ជូនមួយចំនួន និងកិច្ចការផ្សេងៗទៀត»។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិនឈ្មោះ Xinhua និយាយថា ផ្នែកនៃប្រទេសចិនភាគច្រើន រួមទាំងទីក្រុងវូហាន ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីមានការបិទប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍ ដែលហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការ។ មានការរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ប្រមាណជា៥ម៉ឺនករណីនៅក្នុងក្រុងវូហាន គិតត្រឹមថ្ងៃទី១៩ ខែមីនា។
ការសាងសង់នាវាឡើងវិញអាចស្ថិតនៅក្នុងអ្វីដែលអ្នកវិភាគហៅថា ការរក្សាការល្បាតឆ្នេរសមុទ្រ និងសកម្មភាពយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ និងនៅក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្តី។ អ្នកជំនាញនិយាយថា ប្រទេសម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនសុទ្ធតែប្រជែងជាមួយនឹងការទាមទារសមុទ្រចិនខាងត្បូងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសទាំងនេះនៅតែជាប់រវល់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយមិនសូវខ្វាយខ្វល់ពីការការពារជាតិរបស់ខ្លួន។
លោក Jay Batongbacal សាស្ត្រាចារ្យផ្នែកកិច្ចការសមុទ្រអន្តរជាតិនៅសាកលវិទ្យាល័យហ្វីលីពីននិយាយថា ចិន «កំពុងយកចំណេញពីស្ថានភាពនេះ» នៅជុំវិញពិភពលោក ដោយបានបង្កើនយោធារបស់ខ្លួននៅក្នុងសមុទ្រនៅជិតៗខ្លួន។
ប្រទេសវៀតណាមបានចេញបទបញ្ជាឱ្យស្ថិតនៅក្នុងផ្ទះដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩។ កាលពីថ្ងៃទី៣ ខែមេសា ប្រទេសវៀតណាមបានប្តឹងចិនចំពោះអ្វីដែលសារព័ត៌មានវៀតណាមហៅថា ការបុកពន្លិចកប៉ាល់នេសាទវៀតណាមនៅក្បែរកោះ Paracel ក្នុងសមុទ្រដែលមានជម្លោះនោះ។ សារព័ត៌មាន Viet Nam News បានរាយការណ៍ថា នាវាស៊ើបការណ៍របស់ចិន «បានបុកនិងពន្លិច» ទូកវៀតណាមដែលមានអ្នកនេសាទ៨នាក់នៅលើទូកនោះ។
លោក Carl Thayer ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍នៅសាកលវិទ្យាល័យNew South Wales ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា «នាវាឆ្មាំសមុទ្រតែងតែរុលទៅមុខជានិច្ច»។ កងទ័ពជើងទឹករំដោះប្រជាជនចិនមិនស្ថិតនៅលើនាវានោះទេ ប៉ុន្តែនឹងមានវត្តមាននៅពេលដែលនាវាអាមេរិកាំងចាប់ផ្តើមធ្វើដំណើរកាត់តំបន់នោះ និងនៅពេលមានការធ្វើសមយុទ្ធធម្មតា ឬនៅពេលមានការចូលចតនៅផែណាមួយ»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាទៀងទាត់តែងបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូងដើម្បីបញ្ជាក់ថា សមុទ្រនេះនៅតែជាផ្លូវទឹកអន្តរជាតិ។
លោក Koh និយាយថា ការផលិតនាវាជ្រមុជទឹកនៅក្នុងក្រុងវូហានប្រហែលជាជាប់ពាក់ព័ន្ធទៅនឹងការបញ្ជានាំចេញផងដែរ។ ការនាំចេញជាកត្តាជំរុញសេដ្ឋកិច្ចចិន ប៉ុន្តែគេរំពឹងថាវានឹងមានល្បឿនយឺត ដោយសារតែការថយចុះតម្រូវការពីប្រទេសលោកខាងលិច ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាឧទាហរណ៍ ប្រទេសប៉ាគីស្ថានបានប្រកាសផែនការនៅក្នុង២០១៥ ដើម្បីទិញនាវាជ្រមុជទឹកថ្មី ដែលផលិតដោយចិនចំនួន៨គ្រឿង។ ប្រទេសថៃក៏មានគម្រោងទិញនាវាជ្រមុជទឹករបស់ចិនចំនួន៣ នៅត្រឹមឆ្នាំ២០២៣ផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីក្រុងបាងកក៕